អន្តរជាតិ

រលកសញ្ញាដ៏អាថ៌កំបាំងថ្មីនៅបាតសមុទ្រអាចឈានទៅជួយរកឃើញយន្តហោះដែលបានបាត់១០ឆ្នាំមកហើយជាមួយអ្នកជិះជាង២០០នាក់

ប្រែសម្រួល៖ ស-សម្បត្តិ
អាថ៌កំបាំងដ៏ចាក់ស្រេះជុំវិញការបាត់យន្តហោះ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីទំនងជា នឹងត្រូវបានរកឃើញនៅក្នុងពេលឆាប់ៗនេះ បន្ទាប់ពីអ្នករុករកជនជាតិអង់គ្លេសចាប់បានរលកសញ្ញាអាថ៌កំបាំងដែលគេជឿថា វាជាជំហានចុងក្រោយក្នុងការស្វែងរកយន្តហោះ MH370 បន្ទាប់ពីវាបានបាត់បង់អស់រយ:ពេល១០ឆ្នាំកន្លងមកហើយ។

ការដាក់ពង្រាយមីក្រូហ្វូនដែលជាប្រភេទអ៊ីដ្រូហ្វូនក្រោមទឹកបានចាប់រលកសញ្ញាមួយដែលគេសង្ស័យថា MH370 ត្រូវបានធ្លាក់កាលពីថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០១៤ ជាមួយអ្នកដំណើរជាង២០០នាក់។

រលកសញ្ញាដែលគេចាប់បានដោយអ្នកស្រាវជ្រាវមកពីទីក្រុង Cardiffគឺជាសំឡេងដែលមានរយៈពេលប្រាំមួយវិនាទី នេះបើយោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថាការធ្វើតេស្តនឹងត្រូវអនុវត្តបន្ថែមទៀតដើម្បីកំណត់ថាតើសំឡេងដែលមីក្រូហ្វូនបានកត់ត្រានោះអាចនាំផ្លូវទៅកាន់កន្លែងដែលយន្តហោះធ្លាក់ឬមួយយ៉ាងណា?

យន្តហោះMH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីដែលមានអ្នកដំណើរ ២៣៩ នាក់ត្រូវបានគេជឿថាអស់សាំង ហើយបានធ្លាក់ចូលទៅក្នុងមហាសមុទ្រឥណ្ឌា បន្ទាប់ពីវាបានហោះចេញពីផ្លូវហោះហើរដែលបានកំណត់ពីទីក្រុងគូឡាឡាំពួទៅកាន់ទីក្រុងប៉េកាំងដោយមិនដឹងមូលហេតុច្បាស់លាស់នោះទេ។ បើទោះបីជាមានការស្វែងរកគ្រប់ទិសលើផ្ទៃសមុទ្រ ៤៦,៣៣២ ម៉ាយដោយអាជ្ញាធរមកពីជុំវិញពិភពលោកក៏ដោយ ក៏កន្លែងដែលយន្តហោះធ្លាក់នៅតែជាអាថ៌កំបាំងដ៏ចាក់ស្រេះក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះ។

បំណែកខ្លះៗរបស់យន្តហោះត្រូវបានគេប្រទះឃើញចាប់តាំងពីពេលនោះមកហើយពាក្យចចាមអារ៉ាមមួយចំនួនក៏បានលេចឡើងជុំវិញការធ្លាក់យន្តហោះអាថ៌កំបាំង ប៉ុន្តែគ្មាននរណាម្នាក់ដឹងច្បាស់នោះទេក្រៅពីដាក់ការសង្ស័យដ៏សមហេតុផលរៀងៗខ្លួនអំពីហេតុការណ៏អាថ៌កំបាំងដែលបានកើតឡើងចំពោះយន្តហោះប៊ូអ៊ីង 777ជើងហោះហើរ MH370។

នៅក្នុងសប្តាហ៍គម្រប់ខួបលើកទី ១០ឆ្នាំ នៃការបាត់យន្តហោះប៊ូអ៊ីង 777ជើងហោះហើរ MH370 នៅដើមឆ្នាំនេះ រដ្ឋាភិបាលម៉ាឡេស៊ីបានលើកទឹកចិត្តដល់ការស្វែងរកជាថ្មីក្រោមគម្រោង ‘រកមិនឃើញ, មិនគិតថ្លៃ’ នៅឯឆ្នេរសមុទ្រអូស្ត្រាលី ប៉ុន្តែមិនទទួលបានជោគជ័យនោះទេ។

ចំណុចចាប់ផ្តើមសម្រាប់អ្នករុករកមកពីក្រុង Cardiff បានសន្មតថា យន្តហោះទម្ងន់ ២០០ តោនដូចជា ប៊ូអ៊ីង 777, MH370 នឹងបញ្ចេញរលកថាមពលដូចជាធ្វើឲ្យរំជួយដីនៅបាតសមុទ្រប្រសិនបើវាធ្លាក់ក្នុងល្បឿន ២០០ ម៉ែត្រក្នុងមួយវិនាទី។ រលកថាមពលដែលហៅថា (kinetic) នេះនឹងជះចេញជាសំឡេងល្មមអាចថតបានដោយមីក្រូហ្វូនក្រោមទឹកដែលមានចម្ងាយរាប់ពាន់ម៉ាយចាប់ពីស្ថានីយប្រតិបត្តិការCape Leeuwin ភាគខាងលិចអូស្ត្រាលី និងនៅក្នុងទឹកដីអង់គ្លេសចាប់ពី Diego Garcia គឺវាគ្រប់គ្រាន់សម្រាប់ចាប់រលកសញ្ញាបែបនេះបាន។

ស្ថានីយប្រតិបត្តិការ Cape Leeuwin នេះបង្កើតឡើងដើម្បីស្វែងរកការបំពានណាមួយលើសន្ធិសញ្ញាហាមប្រាមការសាកល្បងនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ ស្ថានីយប្រតិបត្តិការនេះបានចាប់រលកសញ្ញាមានរយៈពេលត្រឹមតែប៉ុន្នាននាទីតែប៉ុណ្ណោះគឺវាជារលកសញ្ញារយ:ចម្ងាយឆ្ងាយពីកន្លែងដែលទាក់ទងគ្នាជាមួយនិងរ៉ាដាចុងក្រោយរបស់យន្តហោះនៅមុនពេលដែលវាបានធ្លាក់។

អ្នករុករក វេជ្ជបណ្ឌិត Usama Kadri បានប្រាប់ទីភ្នាក់ងារ Telegraph ថា រលកសញ្ញាដែលទើបនឹងចាប់បានក្នុងពេលថ្មីៗនេះនៅក្នុងចន្លោះពេលដែលយន្តហោះអាចត្រូវបានធ្លាក់គឺត្រូវបានវាថតសម្លេងទុកនៅស្ថានីយ Cape Leeuwin ដែលគេអាច “ចោទជាសំណួរអំពីប្រភពដើមនៃរលកសញ្ញានេះ” ។

តើអ្នកគិតថាអាថ៌កំបាំងរបស់ប៊ូអ៊ីង 777, MH370នឹងត្រូវបានគេដោះស្រាយដែរឬទេ?

ចម្លើយ: វេជ្ជបណ្ឌិត Kadri ដែលជាអ្នកជំនាញខាងគណិតវិទ្យា បាននិយាយថា ខណៈពេលដែលរលកសញ្ញាត្រូវបានត្រួតពិនិត្យនោះគេមិនត្រូវសន្និដ្ឋានថាវា “ទំនងឬមិនទំនង” ដោយសារតែអ៊ីដ្រូហ្វូនចាប់បានរលកសញ្ញាដ៏រសើបដែលទាក់ទងនឹងការធ្លាក់ប៊ូអ៊ីង 777, MH370ទៅក្នុងមហាសមុទ្រនោះទេ។

ក្រុមការងាររបស់គាត់គិតថា ការរុករកបន្ថែមទៅលើរលកសញ្ញាដែលបានរកឃើញថ្មីៗដែលអាចឈានទៅដោះស្រាយអាថ៌កំបាំងនៃការធ្លាក់ប៊ូអ៊ីង 777, MH370បាន ដូចដែលអ៊ីដ្រូហ្វូនធ្លាប់បានជួយកំណត់ទីតាំងរបស់ ARA San Juan ដែលជានាវាមុជទឹករបស់កងទ័ពជើងទឹកអាហ្សង់ទីន ដែលត្រូវបានគេរកឃើញនៅបាតសមុទ្រនៃមហាសមុទ្រអាត្លង់ទិក មួយឆ្នាំបន្ទាប់ពីវាបានផ្ទុះ និងបាត់ខ្លួន។

ដើម្បីកំណត់ទីតាំងនៃបំណែកយន្តហោះ អ្នកស្រាវជ្រាវបានប្រើគ្រាប់បែកដៃដើម្បីធ្វើត្រាប់តាមការផ្ទុះនៅលើនាវាមុជទឹក ហើយប្រៀបធៀបរលកសញ្ញានោះជាមួយនឹងរលកសញ្ញាដែលចាប់យកដោយអ៊ីដ្រូហ្វូននៅពេលវាផ្ទុះ។

ទីបំផុតវាអាចនាំគេរកឃើញខ្មោចនាវាមុជទឹក ARA San Juan ដែលស្ថិតនៅចម្ងាយ ២៩០ ម៉ាយពីឆ្នេរសមុទ្រនៃប្រទេសអាហ្សង់ទីន ដែលមានជម្រៅជិត ៣០០០ft។

លោកវេជ្ជបណ្ឌិត Kadri បានផ្តល់យោបល់ថា ការពិសោធស្រដៀងគ្នានេះអាចត្រូវបានធ្វើឡើង ដើម្បីស្វែងរកបំណែកយន្តហោះ ប៊ូអ៊ីង 777, MH370 ។ ប្រសិនបើការផ្ទុះបែបនេះបង្ហាញពីទំហំនៃសម្ពាធស្រដៀងគ្នាទៅនឹងរលកសញ្ញាដែលបានរកឃើញនោះ វានឹង ‘ជួយដល់ការស្វែងរកនាពេលអនាគត’ ។

គាត់បានប្រាប់តាម Telegraph ថា “ប្រសិនបើរលកសញ្ញាដែលថតបាននៅស្ថានីយប្រតិបត្តិការ Cape Leeuwin និង Diego Garcia ខ្លាំងជាងនោះគឺតម្រូវឲ្យមានការវិភាគបន្ថែមអំពីរលកសញ្ញាដែលទទួលបានរវាងស្ថានីយទាំងពីរ។”ប្រសិនបើរកឃើញថាវាទាក់ទងគ្នានោះគេអាចបង្រួមទីតាំងរបស់យន្តហោះនេះ”។
ប៉ុន្តែប្រសិនបើសញ្ញាត្រូវបានរកឃើញថាមិនទាក់ទងគ្នានោះ លោកវេជ្ជបណ្ឌិត Kadri បាននិយាយថា វានឹងបង្ហាញថាអាជ្ញាធរប្រហែលជាត្រូវការវាយតម្លៃឡើងវិញនូវទីតាំង និងពេលវេលានៃការធ្លាក់ដែលរំពឹងទុកដែលត្រូវបានប្រើជាចំណុចចាប់ផ្តើមក្នុងការរុករករបស់ពួកគេរហូតមកដល់ពេលនេះ។

នេះមិនមែនជាលើកទីមួយនោះទេ ដែលអង់គ្លេសបានជួយបង្រួមតំបន់ស្វែងរកយន្តហោះ ប៊ូអ៊ីង 777, MH370។

នៅពេលដែលភ័ស្តុតាងនៃចំណុចចាប់ផ្តើមចង្អុលទៅកាន់យន្តហោះដែលកំពុងធ្វើដំណើរទៅទិសខាងលិចបន្ទាប់ទំនាក់ទំនងត្រូវបានបាត់ ក្រុមហ៊ុនផ្កាយរណប Immarsat ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍បានរកឃើញថាផ្កាយរណបមួយរបស់ខ្លួនកំពុងទទួលបានសញ្ញារៀងរាល់ម៉ោង។

ការទទួលរលកសញ្ញារៀងរាល់ម៉ោងពី MH370 រយៈពេលប្រាំពីរម៉ោង បន្ទាប់ពីវាបានបាត់ពីរ៉ាដាយោធា។
បើទោះបីជាមានការបញ្ជាក់ថា MH370 នៅតែស្ថិតក្នុងលំហអាកាសយូរជាងការគិតដំបូងក៏ដោយ ប៉ុន្តែទីតាំងរបស់យន្តហោះនេះមិនអាចតាមដានបានទៀតទេ។គឺវាមានតែនៅលើចំណុចនេះតែប៉ុណ្ណោះដែលពេលវេលានៃការបាត់ខ្លួនរបស់ MH370 ពីរ៉ាដាយោធាត្រូវបានបង្ហាញថានៅវេលាម៉ោង ២.២២ព្រឹកនៅលើសមុទ្រ Andaman ដែលស្ថិតនៅភាគខាងលិចនៃតំបន់ស្វែងរកដំបូង។

ទិន្នន័យរបស់ Immarsat អាចគណនាការប៉ាន់ប្រមាណនៃទីតាំងរបស់យន្តហោះដោយផ្អែកលើរយៈពេលនៃការបញ្ជូនរវាងយន្តហោះ និងផ្កាយរណប ហើយវាបង្កើតបានជាតំបន់មួយដែលកំណត់ថាយន្តហោះអាចបាត់បង់ប្រេង ឬធ្លាក់ចូលសមុទ្រ។

ផ្លូវហោះហើរនេះត្រូវបានគេបង្ហាញថាវាមានរាងជាដងធ្នូលាតសន្ធឹងពីអាស៊ីកណ្តាលនៅភាគខាងជើងចុះទៅកាន់អង់តាក់ទិកហើយបានឆ្លងកាត់ប្រហែលប្រាំបីម៉ោងបន្ទាប់ពីវាបានហោះឡើង។

ភាគខាងជើងនៃតំបន់នោះជាដែនអាកាសសម្រាប់កងយោធាដែលគេជឿថា MH370 ទំនងជាធ្លាក់ក្នុងមហាសមុទ្រឥណ្ឌា។

វាត្រូវបានគេជឿថា យន្តហោះបានធ្លាក់ ឬធ្លាក់នៅនាទីក្រោយម៉ោង ៨.១៩ ព្រឹក ថ្ងៃទី ៨ ខែមីនា។
ជាងមួយឆ្នាំក្រោយមកគឺនៅក្នុងឆ្នាំ ២០១៥ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak បាននិយាយថា បំណែកស្លាបម្ខាងរបស់យន្តហោះ MH370បានរសាត់មកទើលើកោះ Réunion ដែលជាកោះបារាំងនៅភាគខាងកើតប្រទេស Madagascar ។

ក្នុងរយៈពេលពីរឆ្នាំបន្ទាប់ បំណែកនៃកំទេចកំទីផ្សេងទៀតត្រូវបានគេរកឃើញ ហើយ “គេជឿថាទំនងជាមានប្រភពមកពី MH370” ខណៈដែលបំណែកពីរផ្សេងទៀតត្រូវបានគេវាយតម្លៃថាប្រហែលជាមកពីយន្តហោះផ្សេង៕