សន្ដិសុខសង្គម

ផ្តើមចេញពីជម្លោះពាក្យសម្ដី ឧកញ៉ា ស្រី ស៊ីណា បាញ់ស្លាប់ម្នាក់និង២នាក់ទៀតរបួសធ្ងន់

ដោយ៖សុខុម
ភ្នំពេញ ៖ក្រោយហេតុការណ៍កាលពីល្ងាចថ្ងៃទី១៧មិថុនា២០២៤ សមត្ថកិច្ចបានឃាត់ខ្លួនឧកញ៉ាម្នាក់និងមនុស្សផ្សេងទៀតជាប់សង្ស័យក្នុងអំពើបាញ់សម្លាប់គូដណ្ដឹងម្នាក់ស្លាប់និង២នាក់រងបួសធ្ងន់ក្នុងបុរីប៉េងហួតបឹងស្នោ ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ៖សមត្ថកិច្ចចាប់ខ្លួនបានខ្មាន់កាំភ្លើងនិងដកហូតបានរថយន្ដរួមទាំងកាំភ្លើងខ្លី មួយដើមនៅម៉ោង៥និង៣០នាទីល្ងាច តាមផ្លូវ៥១ ស្ថិតនៅក្នុងភូមិអន្ទង់ក្រវៀន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ក្រោយពីជនសង្ស័យរត់គេចខ្លួនទៅដល់ទីនោះ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ និយាយបន្តទៀតថា ៖ ក្រោយឃាត់ខ្លួនខ្មាន់កាំភ្លើងសមត្ថកិច្ចបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ។

សមត្ថកិច្ច បានឲ្យដឹងថា ៖ ខ្មាន់កាំភ្លើងមានងារជាឧកញ៉ា ស្រី ស៊ីណា អាយុ៥០ឆ្នាំ។ក្រៅពីនេះមនុស្សចំនួន២នាក់ផ្សេងទៀតក៏បានឃាត់ខ្លួនផងដែរ ។

ដោយឡែក ជនរងគ្រោះមានចំនួន៣នាក់ ក្នុងនោះស្ដ្រីម្នាក់ និងបុរស២នាក់។ ក្នុងចំណោមជនរងគ្រោះទាំង៣នាក់ មាន២នាក់ជាគូដណ្ដឹងនឹងគ្នា ហើយត្រៀមចូលរោងការនៅអំឡុងខែតុលា ឆ្នាំ២០២៤ខាងមុខនេះ ។បុរសជាគូដណ្តឹងបានបាត់បង់ជីវិត និងគូដណ្តឹងស្រីកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។ស្រ្តីម្នាក់ទៀតក៏រងរបួសផងដែរ។

ជនសង្ស័យមានងារជាឧកញ៉ាស្រីសុីណា បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ដើមហេតុ ឈានដល់បាញ់សម្លាប់នេះគឺផ្ដើមចេញពីជម្លោះពាក្យសម្តី រឿងហាលសម្លៀកបំពាក់អ្នកជិតខាងគ្នាជាមួយគ្រួសារជនរងគ្រោះ៕