ដោយ ៖ បន្ទាយ
បន្ទាយមានជ័យ ÷ក្រុមកីឡាករបាល់ទាត់មហាជនខេត្តបន្ទាយមានជ័យវ័យ៣៥ឆ្នាំឡើងមានរៀបចំព្រឹត្តិការណ៍ប្រកួតជាមិត្តភាពជាបន្តបន្ទាប់ ពិសេសនៅរាល់ចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកឬបុណ្យជាតិ ។
ការប្រកួតនេះក្នុងបំណងសមកម្លាំងប្រកួតជាប្រចាំកុំអោយស្ពឹកស្រពន់ ការលើកកម្ពស់វិស័យកីឡា លើកទឹកចិត្តស្នេហាកីឡាបាល់ទាត់និងជំរុញអោយមនុស្សវ័យចំណាស់ដែលមានកម្លាំងពលំ សម្បទារឹងមាំ ក៏ត្រូវលេងកីឡាបាល់ទាត់ឬកីឡាណាមួយយ៉ាងតិច ។
ជាក់ស្តែងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមិញនេះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងជាស្ថាបនិកក្រុម ក៏ដូចជាប្រធានក្រុមប្តូរវេនកីឡាករបាល់ទាត់មហាជនខេត្តបន្ទាយមានជ័យបានដឹកនាំកីឡាករបាល់ទាត់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ប្រកួតជាមួយក្រុមកីឡាករបាល់ទាត់មហាជនខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្ត នៅតារាងវាលស្មៅធម្មជាតិនៃសហព័ន្ធបាល់ទាត់កម្ពុជា វិថី៧មករាស្ថិតក្នុងវិទ្យាល័យហ៊ុន សែន ខ្លាកូន ភូមិខ្លាកូនថ្មីសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ក្នុងទិសស្លោកកីឡានាំមកនូវសុខភាព មិត្តភាព សាមគ្គីភាព ចៀសឆ្ងាយអបាយមុខ ឆ្លើយថាទេចំពោះគ្រឿងញៀន ក្រុមកីឡាករបាល់ទាត់មហាជនខេត្តបន្ទាយមានជ័យតែងរៀបចំ ឧបត្ថម្ភ ទទួលការប្រកួតជាមួយក្រុមកីឡាវ័យ៣៥ឆ្នាំ(U35)នេះ មកពីក្រុមឬក្លឹបនៃខេត្ត រាជធានី និងក្រុមបរទេសមានថៃ ម៉ាឡេស៊ី អាមេរិកជាដើមនាវេលានិងឱកាសដូចខាងលើកន្លងមក ។
មានប្រកួតនៅទីលានស្មៅសិប្បនិម្មិតហែបភី ស្ព៉ត(Happy Sport Football Yard) នៅផ្លូវជាតិលេខ៥ ភូមិក្បាលស្ពានសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ និងនៅខេត្តឯទៀតនិងនៅក្រៅប្រទេស ៕