កីឡា

ក្រុមកីឡាករបាល់ទាត់មហាជនខេត្តបន្ទាយមានជ័យ​វ័យ៣៥ឆ្នាំឡើងមានការប្រកួតជាមិត្តភាពបន្តបន្ទាប់

ដោយ ៖ បន្ទាយ

បន្ទាយមានជ័យ ÷ក្រុមកីឡាករបាល់ទាត់មហាជនខេត្តបន្ទាយមានជ័យ​វ័យ៣៥ឆ្នាំឡើងមានរៀបចំព្រឹត្តិការណ៍ប្រកួតជាមិត្តភាពជាបន្តបន្ទាប់ ពិសេសនៅរាល់ចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកឬបុណ្យជាតិ ។

ការប្រកួតនេះក្នុងបំណងសមកម្លាំងប្រកួតជាប្រចាំកុំអោយស្ពឹកស្រពន់  ការលើកកម្ពស់វិស័យកីឡា លើកទឹកចិត្តស្នេហាកីឡាបាល់ទាត់និងជំរុញអោយមនុស្សវ័យចំណាស់ដែលមានកម្លាំងពលំ សម្បទារឹងមាំ ក៏ត្រូវលេងកីឡាបាល់ទាត់ឬកីឡាណាមួយយ៉ាងតិច ។

ជាក់ស្តែងនៅថ្ងៃទី១៥ ខែមិថុនា​ ឆ្នាំ​២០២៤  ម្សិលមិញនេះ លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងជាស្ថាបនិកក្រុម ក៏ដូចជាប្រធានក្រុមប្តូរវេនកីឡាករបាល់ទាត់មហាជនខេត្តបន្ទាយមានជ័យបានដឹកនាំកីឡាករ​បាល់ទាត់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត​ ប្រកួតជាមួយ​ក្រុមកីឡាករបាល់ទាត់​មហាជនខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី​ ធិន​ ស៊ិនដេត​ ស្នងការរង​ នៃស្នងការដ្ឋាននគរបាលខេត្ត​ នៅតារាងវាលស្មៅធម្មជាតិនៃសហព័ន្ធបាល់ទាត់កម្ពុជា វិថី៧មករាស្ថិតក្នុងវិទ្យាល័យ​ហ៊ុន​ សែន​ ខ្លាកូន ភូមិខ្លាកូនថ្មីសង្កាត់កំពង់ស្វាយ​ ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ ។

ក្នុងទិសស្លោកកីឡានាំមកនូវសុខភាព មិត្តភាព សាមគ្គីភាព  ចៀសឆ្ងាយអបាយមុខ ឆ្លើយថាទេចំពោះគ្រឿងញៀន  ក្រុមកីឡាករបាល់ទាត់មហាជនខេត្តបន្ទាយមានជ័យតែងរៀបចំ ឧបត្ថម្ភ ទទួលការប្រកួតជាមួយក្រុមកីឡាវ័យ៣៥ឆ្នាំ(U35)នេះ មកពីក្រុមឬក្លឹបនៃខេត្ត រាជធានី  និងក្រុមបរទេសមានថៃ ម៉ាឡេស៊ី អាមេរិកជាដើមនាវេលានិងឱកាសដូចខាងលើកន្លងមក ។

មានប្រកួតនៅទីលានស្មៅសិប្បនិម្មិតហែបភី ស្ព៉ត(Happy Sport  Football Yard) នៅផ្លូវជាតិលេខ៥ ភូមិក្បាលស្ពានសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ និងនៅខេត្តឯទៀតនិងនៅក្រៅប្រទេស ៕