សេដ្ឋកិច្ច

ក្រុមហ៊ុនUSRVចុះអនុស្សរណៈជាមួយក្រុមហ៊ុនRNR INVESTMENT

ដោយ៖ស-សម្បត្តិ

ភ្នំពេញ៖ ក្រុមហ៊ុន USRV International Business Consultancy Co., Ltd. បានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន RNR INVESTMENT ដើម្បីសហប្រតិបត្តិការលើការប្រកបអាជីវកម្មរួមគ្នាកាលពីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។

លោក អ៊ុំ សារ៉ាវុធ អគ្គនាយកក្រុមហ៊ុនUSRV បានបញ្ជាក់ថា ការចុះអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុនUSRVនិងក្រុមហ៊ុនRNR INVESTMENT នៅពេលនេះ សបញ្ជាក់ឲ្យឃើញថា គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត។

លោកអគ្គនាយកក្រុមហ៊ុនUSRVបានលើកឡើងថា ផ្តើមចេញពីការចុះអនុស្សរណៈយោគយល់គ្នានេះក្រុមហ៊ុនទាំងពីរនឹងសហការធ្វើការងាររួមគ្នា ជាពិសេសគឺផ្តោតជាសំខាន់ទៅលើកិច្ចសហប្រតិបត្តិការលើការប្រកបអាជីវកម្មរួមគ្នា។

ជាមួយនោះក្រុមហ៊ុនទាំងពីរនឹងផ្លាស់ប្តូរនូវបទពិសោធល្អៗជាគន្លឹះជាមួយគ្នាទៅវិញទៅមកឲ្យបានជិតស្និទ្ធនិងស៊ីជម្រៅទៅលើគ្រប់ផ្នែកក្នុងការធ្វើអាជីវកម្មរបស់ផងខ្លួន ដើម្បីឈានឆ្ពោះទៅសម្រេចបាននូវផលប្រយោជន៍រួមទាំងអស់គ្នា។

លោកអ៊ុំ សារ៉ាវុធ បានបញ្ជាក់ឲ្យដឹងដែរថា ក្រុមហ៊ុនUSRV ដែលបានផ្តោតជាសំខាន់ទៅលើភ្នាក់ងារសេវាកម្មពន្ធដារគឺបានចុះបញ្ជីតាំងពីឆ្នាំ២០១៥។ ដោយការខិតខំប្រឹងប្រែងឥតឈរពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បុគ្គលិកគ្រប់ផ្នែក រហូតមកដល់ពេលនេះបើទោះបីជាយើងបានជួបប្រទះនឹងវិបត្តិសកល(កូវីដ-19) ពេលកន្លងមកក៏ដោយ គឺយើងនៅតែអាចឈរជើងបានយ៉ាងរឹងមាំ ហើយដំណើរការអាជីវកម្មរបស់ខ្លួនបានរីកចម្រើនកាន់តែធំឡើង។

លោកបន្ថែមថា បច្ចុប្បន្ននេះក្រុមហ៊ុនUSRV មានសេវាកម្មសំខាន់ៗជាច្រើនដូចជា៖ អចលនទ្រព្យនិងសំណង់,ប្រព័ន្ធផ្សព្វផ្សាយនិងផលិតស្ប៉តពាណិជ្ជកម្ម,សេវាកម្មប្រកាសពន្ធប្រចាំខែ/ឆ្នាំ,សេវាកម្មគណនេយ្យ,សេវាកម្មសវនកម្ម ការចុះបញ្ជី ឬការបិទអាវជីវកម្មនិងការស្នើសុំអាជ្ញាបណ្ណអាជីវកម្មផ្សេងៗជាដើម។

លោក ម៉ម ដារ៉េត អគ្គនាយកក្រុមហ៊ុន RNR INVESTMENT បានបញ្ជាក់ថា មូលហេតុដែលលោកបានសម្រេចចិត្តជ្រើសរើសយកក្រុមហ៊ុនUSRVធ្វើជាដៃគូសហការ ហើយបានឈានដល់ចុះអនុស្សរណៈនៅពេលនេះ  គឺដោយសារតែបានមើលឃើញថា ក្រុមហ៊ុនUSRV គឺជាក្រុមហ៊ុនមួយមានសក្តានុពល មានចក្ខុវិស័យវែងឆ្ងាយ និងដំណើរការក្រុមហ៊ុរបស់ខ្លួនបានត្រឹមត្រូវអនុលោមទៅតាមច្បាប់គតិយុត្តនិងមានកេរ្តិ៍ឈ្មោះល្អធ្វើឲ្យមានទំនុកចិត្ត។

លោកអគ្គនាយកក្រុមហ៊ុនRNR INVESTMENT បានបញ្ជាក់ថា ការចាប់ដៃសហការគ្នាក្នុងការធ្វើអាជីវកម្មគឺជារឿ់ងដ៏អស្ចារ្យធ្វើឲ្យយើងមានកម្លាំងកាន់តែធំមានធនធានមនុស្សច្រើនយើងចង់ធ្វើអ្វីក៍សម្រេចបានជោគជ័យនិងរីកចម្រើនដែរ។

សូមបញ្ជាក់ដែរថា កន្លងមកក្រុមហ៊ុនUSRV ក៏បានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុនធំៗមួយចំនួនរួចមកហើយដែរ។ នៅក្នុងនោះមានដូចជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Forte Life Assurance (Cambodia) PLCជាដើម៕