សន្ដិសុខសង្គម

បើកបរម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នប្រទះជាមួយរថយន្តបើកលឿនបណ្តាលឱ្យសិស្សស្រីម្នាក់ស្លាប់និងម្នាក់ទៀតរងរបួស

ដោយ៖ គង់ហេង
កំពង់ចាម៖ ម៉ូតូមួយគ្រឿងបានបើកបរឆ្លងផ្លូវ ដោយខ្វះការប្រុងប្រយ័ត្ន ក៏បានពើបប្រទះជាមួយរថយន្តមួយគ្រឿង ដែលអ្នកបើកបរប្រើប្រាស់ល្បឿនលឿន ក៏បង្កឱ្យមានការបុកប៉ះបណ្តាលឱ្យស្លាប់ក្មេងស្រីអាយុ ១៣ ឆ្នាំម្នាក់ និងម្នាក់ទៀតរងរបួសនៅលើផ្លូវជាតិលេខ៧១C ស្ថិតក្នុងភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចម្ការលើ នៅម៉ោងជាង ៦ ល្ងាច ថ្ងៃទី ១២ មិថុនាម្សិលមិញនេះ។ ជុំវិញករណីនេះខាងសមត្ថកិច្ចបាន សម្រេចឃាត់អ្នកបើបររថយន្តម្នាក់ដើម្បីសាកសួរ។

សមត្ថកិច្ចស្រុកចម្ការលើបានឱ្យដឹងថា៖ ក្មេងស្រីជាសិស្ស និងជាអ្នកបើកបរម៉ូតូម៉ាកវ៉េវពណ៌ខ្មៅ គ្មានផ្លាកលេខដែលបានស្លាប់ឈ្មោះ តក់ បញ្ញា អាយុ ១៣ ឆ្នាំ នៅភូមិប៉ប្រក់ និងម្នាក់ទៀតដែលរងរបួសស្រាលនិងជាអ្នករួមដំណើរឈ្មោះ រ៉េត ស៊ីវអី អាយុ ១៤ ឆ្នាំ នៅភូមិសម្បូរ ឃុំសូភាស ស្រុកស្ទឹងត្រង់ជាមួយគ្នា។

ប្រភពព័ត៌មាននោះបានឱ្យដឹងទៀតថា៖ ចំណែកបុរសម្នាក់ជាអ្នកបើកបររថយន្តម៉ាកCAMRY HYBRID ពណ៌ស ពាក់ផ្លាកលេខ សៀមរាប 2C-0468 ត្រូវបានឃាត់ដើម្បីសាកសួរឈ្មោះ ញ៉ សុខជា អាយុ ៥២ ឆ្នាំ រស់នៅភូមិគោកត្នោត ឃុំសណ្តែក ស្រុកប្រាសទបាគង ខេត្តសៀមរាប៕