សន្ដិសុខសង្គម

សមត្ថកិច្ចបន្តស្រាវជ្រាវរកម្ចាស់និងមូលហេតុដឹកឈើស្ពង់បន្ទះនិងមុខកាត់ធំៗពីខេត្តពោធិ៍សាត់មកខេត្តបាត់ដំបង

ដោយ ៖ បន្ទាយ
បាត់ដំបង ៖ សមត្ថកិច្ចបន្តស្រាវជ្រាវរកម្ចាស់និងមូលហេតុដឹកឈើមុខកាត់ធំៗពីស្រុកវាលវែងខេត្តពោធិ៍សាត់មកស្រុកសំឡូត ខេត្តបាត់ដំបង បន្ទាប់ពីកម្លាំងសមត្ថកិច្ចចម្រុះកាលពីថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២៤ បានឃាត់រថយន្តដឹកឈើមុខកាត់មួយគ្រឿងនៅភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ។

ប្រភពព័ត៌មានឲ្យដឹងថា: ការបង្ក្រាបនេះ ជាកិច្ចសហការរវាងកម្លាំងមន្រ្តីឧទ្យានុរក្សប្រចាំការស្នាក់ការច្រកចង្អៀត សមត្ថកិច្ចប្រចាំការស្នាក់ការថ្មដា និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (W.A) ប្រចាំស្នាក់ការល្បាតច្រកចង្អៀត។

ក្រោយពីបានពិនិត្យ ឆែកឆេរ គេឃើញមានឈើសន្លឹកធំៗចំនួន៤សន្លឹកដែលដឹកក្នុងរថយន្តសណ្ដោងធុនធំ យីឌុប១គ្រឿង ម៉ាកហ៊ីយាន់ដាយ ពណ៌ខៀវ ពាក់ផ្លាកលេខខាងមុខត្បូងឃ្មុំ 3A-3400 និងរ៉ឺម៉កសណ្តោងខាងក្រោយ ព្រះសីហនុ 4A-2829។

ចំណែកឈើ មិនមែនប្រណឹតអីដែរ តែជាឈើប្រភេទស្ពង់ចំនួន៤សន្លឹក រួមមាន៖ ១,៩៥ម៉ែត្រគុប, ៣,៥១ម៉ែត្រគុប, ៤,០៥ម៉ែត្រគូប និង៤,៣២ម៉ែត្រគុប ឬសរុបចំនួន៤សន្លឹកស្មើនឹង១៣,៨៣ម៉ែត្រគុប ។ឈើនិងរថយន្តត្រូវបានរក្សាទុកនៅទីស្នាក់ការរងច្រកចង្អៀតសិន រង់ចាំការស្រាវជ្រាវរកម្ចាស់និងមូលហេតុបន្ត៕