ដោយ៖ គង់ហេង
កំពង់ចាម៖ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាមបានមានប្រសាសន៍ថា តាំងពីឆ្នាំ១៩៩៣ មកដល់បច្ចុប្បន្ន គឺប្រទេសកម្ពុជាបានដំណើរការបោះឆ្នោត ទាំងសកល និងអសកលសរុបចំនួន ២០ លើក ពោលគឺប្រកបដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ពហុបក្ស និងគ្មានអំពើហិង្សា។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានមានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញចូលរួម ក្នុងពិធីប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សា ខេត្តកំពង់ចាម អាណត្តិទី៤ ឆ្នាំ២០២៤ ដែលមានសមាជិកសរុបចំនួន ២៧ នាក់ ដែលមានឯកឧត្តម ខ្លូត ផន ត្រូវបានបន្តតំណែងជាប្រធានក្រុមប្រឹក្សាខេត្តនេះដដែល។ ដោយពិធីនេះបានរៀបចំឡើងនៅក្នុងសាលាខេត្តកំពង់ចាមនាព្រឹកថ្ងៃទី ១១ មិថុនានេះ។
ឯកឧត្តមបានមានប្រសាសន៍ថា៖ គោលការណ៍គ្រឹះ នៃលទ្ធិប្រជាធិបតេយ្យ គឺមានចំណុចសំខាន់ៗ មួយចំនួនដែលមានការវាយតម្លៃថា កម្ពុជាបើប្រៀបធៀបក្នុងតំបន់ ប្រៀបធៀបបណ្តាប្រទេសលើពិភពលោកថា កម្ពុជានៅក្មេងខ្ចី ក៏ប៉ុន្តែគោលការណ៍គ្រឹះ នៃលទ្ធិប្រធិបតេយ្យមានបី៖ ទី១-ការបោះឆ្នោត ទី២-ការអនុវត្តលទ្ធិប្រធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងទី៣-ការផ្ទេរអំណាច។
ឯកឧត្តមបានបន្តថា៖ ទាំងបីនេះកន្លងមកយើងបំពេញបានល្អ ជាក់ស្តែង នៅខេត្តកំពង់ចាម ក៏ដូចនៅទូទាំងប្រទេស គឺការបោះឆ្នោត តាំងពីឆ្នាំ១៩៩៣ មកដល់បច្ចុប្បន្ន កម្ពុជាបានបោះឆ្នោត ទាំងសកល និងអសកលបានចំនួន ២០លើក។ ក្នុងនោះការបោះឆ្នោតរបស់យើងបានប្រព្រឹត្តទៅ ដោយខ្លួនឯង និងមានតែមួយលើកប៉ុណ្ណោះដែលមានការជ្រោមជ្រែងពីអង្គការសហប្រជាជាតិ នៅឆ្នាំ១៩៩៣ លើកដំបូងនោះ៕