ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ ៖សមាសភាពចម្រុះក្នុងក្រុមប្រឹក្សាឆ្លុះបញ្ចាំងនូវការចាក់យ៉ាងជ្រៅនៃលទ្ធិប្រជាធិបតេយ្យ

ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា សមាសភាពចម្រុះក្នុងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាស្រុក ក្រុង ខណ្ឌ នាឆ្នាំ២០២៤ នេះបានឆ្លុះបញ្ចាំងនូវការចាក់យ៉ាងជ្រៅនៃលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋនៅកម្ពុជា ហើយកម្ពុជាខ្លួនឯងជាអ្នកបានរៀបចំដំណើរការបោះឆ្នោត។

លោកអ៊ុ រាត្រី ថ្លែងដូច្នេះ ខណ:លោកនិងលោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តអញ្ជើញជាអធិបតីក្នុងពិធីប្រកាស​ចូលកាន់មុខតំណែងនិងតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សា​ស្រុកមង្គលបូរី និងក្រុមប្រឹក្សាក្រុងសិរីសោភ័ណ ​អាណត្តិ​ទី៤​ នាពេលព្រឹកនិងរសៀលថ្ងៃទី១១ខែមិថុនាឆ្នាំ២០២៤ ។

លោក​ រ័ត្ន ដាសុីណង់ អភិបាលស្រុកមង្គលបូរី​ ក៏ដូចលោកស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានឡើងថ្លែងសេចក្តីស្វាគមន៍និងរាយការណ៍សង្ខេបពីលទ្ធផលការងាររបស់រដ្ឋបាលស្រុក ក្រុងក្នុងអាណត្តិទី៣ កន្លងមកនៃក្រុមប្រឹក្សាស្រុក ក្រុងរបស់ខ្លួន ។

តមកលោកវ៉ន វណ្ណា នាយកទីចាត់ការធនធានមនុស្ស សាលាខេត្តបន្ទាយមានជ័យបានអានអនុក្រឹត្យរបស់រាជរដ្ឋាភិបាលដែលទទួលស្គាល់និងតែងតាំងលោកកែវ តុម ប្រធានក្រុមប្រឹក្សាស្រុកមង្គលបូរី (អាណត្តិដំបូង)និងសមាជិកដែលសរុបចំនួន២១រូប ដែលក្នងនោះមកពីគណបក្សប្រជាជនកម្ពុជាចំនួន១៩រូបនិងមកពីគណបក្សឆន្ទៈខ្មែរចំនួន២រូប និងក្រុមប្រឹក្សាក្រុងសិរីសោភ័ណមានប្រធានគឺលោកជាម សុខ (ដែលកាន់តំណែងចូលអាណត្តិទី៣ ) និងសមាជិកសរុប១៨នាក់ ក្នុងនោះមកពីគណបក្សប្រជាជនកម្ពុជា១៦រូបនិងគណបក្សឆន្ទៈខ្មែរ ៣រូប ។

លោកប្រធាននិងសមាជិកក្រុមប្រឹក្សាស្រុក ក្រុងបានឡើងប្ដេជ្ញា​ពង្រឹងនូវស្មារតីសាមគ្គីភាពឯកភាពផ្ទៃក្នុង​ និងប្ដេជ្ញាគោរពនិងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ​ របស់រាជរដ្ឋាភិបាលដើម្បីកំណើនការងារសមធម៌និងប្រសិទ្ធភាព​និងចិរភាពកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ​២០៥០
ពោលគឺអស់សូមអះអាងថា នឹងខិតខំបំពេញការងារអោយបានលទ្ធផលល្អ មានប្រសិទ្ធភាពនិងប្រកបដោយការទទួលខុសត្រូវ ។

នាឱកាសនោះ លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា​ រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសប់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ​ ដែលបានកំណត់យកអាទិភាពគន្លឹះចំនួនប្រាំគឺ​ មនុស្ស​ ផ្លូវ​ ទឹក​ ភ្លើង​ និងបច្ចេកវិទ្យា។

ចំពោះលទ្ធផលនិងសមាសភាពចម្រុះសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ស្រុកក្រុង ខណ្ឌមកពីគណបក្សចម្រុះដូច្នេះនិងបទពិសោធដែលកម្ពុជារៀបចំបោះឆ្នោតដោយខ្លួនឯង២០លើករួចមកហើយ បានបង្ហាញថា ការចាក់គ្រឹះយ៉ាងរឹងមាំនូវដំណើរការនៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ នៅកម្ពុជា តាមរយ:ការរៀបចំការបោះឆ្នោតតាមគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្សទាំងការបោះឆ្នោតសាកលនិងអសកលទៀងទាត់៕