ព័ត៌មានជាតិ

រដ្ឋមន្ត្រី ឌិត ទីណា ៖ ទោះជាមកពីគណបក្សណាក៏ដោយ សមាជិកក្រុមប្រឹក្សាត្រូវចែវទូករួមគ្នា តែបើរាទឹក ក៏ប្រធានឲ្យទូកទៅមុខមិនប្តូរទិសដៅដែរ

ដោយ ៖បន្ទាយ

បន្ទាយមានជ័យ ៖ នៅសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ មានពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អាណត្តិទី៤។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតី។ក្នុងនោះដែរក៏មានវត្តសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងមន្ត្រីថ្នាក់ដឹកនាំអាជ្ញាធរដែនដី សមត្ថកិច្ចស៊ីវិល កងកម្លាំងនិងអ្នកពាក់ព័ន្ធរាប់រយនាក់ផងដែរ ។

លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានអានរបាយការណ៍ដ៏វែងមួយដែលលើកឡើងពីលទ្ធផលអនុវត្តន៍ការងារ សមិទ្ធផលនិងរបស់អាជ្ញាធរខេត្ត ដែលជាស្ថាប័នត្រូវបំពេញការងារមានគណនេយ្យភាព(ទទួលខុសត្រូវ) ចំពោះប្រឹក្សាខេត្តនៃរដ្ឋបាលខេត្តក្នុង១អាណត្តិទី៣នៃក្រុមប្រឹក្សាខេត្តកន្លងមក។

តមក មន្ត្រីទទួលបុគ្គលិកនៃក្រសួងមហាផ្ទៃបានឡើងអានព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលបានតែងតាំងលោកប្លែក វ៉ារី ប្រធាននិងសមាជិកក្រុមប្រឹក្សាខេត្ត២៤រូបទៀតក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អាណត្តិទី៤ ពោលគឺសមាសភាពក្រុមប្រឹក្សាខេត្តទាំងនេះ ក៏ដូចរាជធានី ខេត្តនិងក្រុមប្រឹក្សាស្រុក ក្រុង ខណ្ឌត្រូវបានអង្គបោះឆ្នោតដែលជាមេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ពីគណបក្សដែលមានអាសន:បានបោះឆ្នោតជូនកាលពីថ្ងៃទី២៦ខែឧសភាឆ្នាំ២០២៤ កន្លងមក ។

លោកប្លែក  វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យនិងសមាជិកតំណាងបានឡើងប្តេជ្ញាចិត្តថា: លោកសូមថ្លែងអំណរគុណចំពោះការបោះឆ្នោតជ្រើសរើសដែលនាំអោយអស់លោក លោកស្រីទទួលបានតំណែងនេះ ហើយលោក លោកស្រីនឹងខិតខំបំពេញការងារអោយបានលទ្ធផលល្អ មានប្រសិទ្ធភាពនិងប្រកបដោយការទទួលខុសត្រូវ ។

ថ្លែងទៅកាន់អង្គពិធី លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យបានសម្ដែងសេចក្តីសោមនស្សរីករាយ និងអបអរសាទរដល់ក្រុមប្រឹក្សាចំនួន ២៥រូប ដែលត្រូវប្រកាសចូលកាន់តំណែង។

លោកបានគូសបញ្ជាក់អំពីគោលដៅរួមគ្នា ក្នុងការផ្តល់សេវាសាធារណៈ ធានាសន្តិសុខសុវត្ថិភាព លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ។

បើតាមឯកឧត្តមរដ្ឋមន្ដ្រី ដើម្បីសម្រេចការងារបាន  ស្ថាប័ននិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវសហការល្អ ធ្វើការជាមួយគ្នាប្រកបដោយទទួលខុសត្រូវខ្ពស់ និងមានភាពម្ចាស់ការ។

លោកបានបន្តថា: ទោះជាមកពីគណបក្សណាក៏ដោយ សមាជិកក្រុមប្រឹក្សាត្រូវចែវទូករួមគ្នា អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល មិនមែនគោលនយោបាយរបស់គណបក្សខ្លួនទេ។តែបើរាទឹក ក៏ទូកនៅតែទៅមុខ គ្រាន់តែវាអាចយឺតឬឧបសគ្គបន្តិច ។ទោះយ៉ាង គោលការណ៍ប្រជាធិបតេយ្យគឺគេយកតាមសំឡេងភាគច្រើនដឹកនាំនិងសម្រេចហើយ។

ដូចនៅបន្ទាយមានជ័យនេះ សមាជិកក្រុមប្រឹក្សាសរុប២៥រូប ក្នុងនោះមកពីគណបក្សប្រជាជនកម្ពុជា២២រូប មកពីគណបក្សឆន្ទៈខ្មែរ៣រូប ទោះជាអ្នក៣រូបជំទាស់ ក៏ប្រធានសម្រេចអនុវត្តពោលគឺអោយទូកទៅមុខមិនប្តូរទិសដៅឡើយ ។ មតិភាគច្រើនក៏ស្តាប់មតិភាគតិចដែរ ប៉ុន្តែការអនុវត្តតាមឬអត់ វាជាសិទ្ធិសម្រេចរបស់មតិភាគច្រើន ។

លើសពីនេះទៀត លោករដ្ឋមន្ត្រី បានបន្ថែមថា ក្រុមប្រឹក្សាខេត្តត្រូវប្រជុំរៀបចំផែនការអភិវឌ្ឍខេត្ត ដាក់ចេញកម្មវិធីកំណែទម្រង់នានាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិនិត្យការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យកាន់តែខិតជិតនិងកាន់តែប្រសើរ ព្រមទាំងធានាគ្រប់គ្រងសន្តិសុខសុវត្ថិភាពមូលដ្ឋាន និងចុះមូលដ្ឋានផ្ទាល់ដើម្បីដឹងពីសុខទុក្ខនិងដោះស្រាយបញ្ហាជូនពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕