សន្ដិសុខសង្គម

សមត្ថកិច្ចចាប់ខ្លួនកូនបង្កើតចិត្តឆៅស.ម្លាប់ឪពុកពេលកំពុងសម្រាកនៅលើគ្រែក្រោមផ្ទះ

ដោយ÷សុខុម
កំពង់ធំ ៖នគរបាលស្រុកសណ្តាន់បានឃាត់ខ្លួនជនសង្ស័យម្នាក់នៅថ្ងៃទី១០មិថុនា បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកសណ្ដាន់ក្រោយជាប់ពាក់ព័ន្ធសម្លាប់ឪពុកបង្កើតខ្លួនឯង។
សមត្ថកិច្ចបានឲ្យដឹងថា អំពើឃាតកម្ម បានកើតឡើងកាលពីយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅតំបន់អូរងាវ ក្នុងភូមិសាស្រ្តភូមិស្រែវាលខាងកេីត ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

ជនសង្ស័យឈ្មោះ នៅ ឈី ភេទប្រុស អាយុ៣៣ឆ្នាំ។ជនរងគ្រោះឈ្មោះ ស៊ឹង គង់ អាយុ៦០ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ។

សមត្ថកិច្ចនគរបាលស្រុកសណ្ដាន់បានឲ្យដឹងបន្តថា៖ ករណីឃាតកម្មនេះ ជនសង្ស័យបានយកដែកត្រសេះមានដងធ្វើអំពីឈើកាប់ទៅលេីជនរងគ្រោះចំក្រោមដេីមទ្រូងផ្នែកខាងស្តាំ បណ្តាលឲ្យស្លាប់នៅកន្លែងកេីតហេតុ គឺនៅពេលជនរងគ្រោះជាឪពុកកំពុងតែដេកនៅលើគ្រែក្រោមផ្ទះ។

សមត្ថកិច្ចបានបន្តថា ៖ ជនសង្ស័យជាមនុស្សស្រវឹងស្រានិងប្រើប្រាស់សារធាតុញៀន បានលែងលះជាមួយប្រពន្ធ ហើយនិងរស់នៅជាមួយឪពុកម្ដាយ។ ថ្ងៃកើតហេតុ ជនរងគ្រោះស្តីប្រដៅអប់រំកុំឲ្យដើរលេងច្រើន គិតតែផឹកស៊ី មិនចេះជួយធ្វើការងារក្នុងផ្ទះ។នេះគឺជាមូលហេតុធ្វើឱ្យជនសង្ស័យខឹងខ្លាំងឈានដល់សម្លាប់ឪពុក។

ក្រោយមកសមត្ថកិច្ចក៏បានចាប់ខ្លួនតែម្ដង៕