ព័ត៌មានជាតិ

ក្លិបអ្នកកាសែតកម្ពុជាបានចាប់ដៃជាមួយសមាគមអ្នកសារព័ត៌មាននៃប្រទេសមហាយក្សចិន

ដោយ : បន្ទាយ
ភ្នំពេញ :ក្លិបអ្នកកាសែតកម្ពុជាបានចាប់ដៃជាមួយសមាគមអ្នកសារព័ត៌មាននៃប្រទេសមហាយក្សចិនកាលពីថ្ងៃទី០៧ ខែមិថុនាឆ្នាំ២០២៤ កន្លងមក ពោលគឺបន្ទាប់ពីក្លិបអ្នកកាសែតកម្ពុជាបានចាប់ដៃគូជាមួយសមាគមអ្នកសារព័ត៌មានបរទេសជាបន្តបន្ទាប់នៅក្នុងតំបន់អាស៊ាន។

លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាត្រូវបានអញ្ជើញទៅប្រទេសចិនដើម្បីជួបពិភាក្សាការងារលើកទី១ ជាមួយ លោកជំទាវ អ៊ូ សៀ សមាជិកក្រុមបក្សកុម្មុយនីស្តចិននិងជាលេខាធិការនៃលេខាធិការដ្ឋានសមាគមអ្នកសារព័ត៌មានទូទាំងប្រទេសចិនក្នុងគោលបំណងដើម្បីភ្ជាប់ទំនាក់ទំនងរវាងសមាគមនៃប្រទេសទាំងពីរ។

នៅឯជំនួបព្រឹកថ្ងៃទី៧ ខែមិថុនា នៅទីក្រុងគុនមីង ខេត្តយូណាននៃប្រទេសចិន លោកជំទាវ អ៊ូ សៀ បានថ្លែងថា :សមាគមអ្នកសារព័ត៌មានទូទាំងប្រទេសចិនធ្វើការជាមួយអ្នកសារព័ត៌មាន១លាន២សែននាក់នៅប្រទេសចិន រីករាយនឹងភ្ជាប់ទំនាក់ទំនងជាមួយក្លិបអ្នកកាសែតកម្ពុជាដើម្បីធ្វើការរួមគ្នាលើវិស័យសារព័ត៌មាន។

លោក ពុយ គា បានជម្រាបជូនភាគីចិនថា ក្លឹបអ្នកកាសែតកម្ពុជាមានបំណងធ្វើការជាមួយអ្នកសារព័ត៌មានចិនតាមរយៈសមាគមអ្នកសារព័ត៌មានទូទាំងប្រទេសចិនដើម្បីផ្សព្វផ្សាយព័ត៌មានល្អៗដែលអាចជួយជំរុញដល់កំណើនទេសចរណ៍និងទុនវិនិយោគនៅកម្ពុជា។
ជួយទប់ស្តាត់និងកាត់បន្ថយព័ត៌មានដែលនាំឱ្យមានការភាន់ច្រឡំ ក៏ដូចជាខ្សែភាពយន្ត “No More Bets” ដែលបានចាក់បញ្ចាំងកន្លងមក។

ភ្លាមៗនោះ លោកជំទាវបានជម្រាបលោក ពុយ គា ថាលោកស្រី នឹងដឹកនាំប្រតិភូអ្នកសារព័ត៌មានទូទាំងប្រទេសចិនទៅកាន់កម្ពុជានៅពេលឆាប់ៗខាងមុខនេះដើម្បីចុះហត្ថលេខាភ្ជាប់ទំនាក់ទំនងជាផ្លូវការជាមួយក្លិបអ្នកកាសែតកម្ពុជាតែម្តង។

ក្លិបអ្នកកាសែតកម្ពុជាមានសមាជិកជាង៦០០នាក់ មកពីជិត២០០ស្ថាប័ន បានក្លាយជាសមាជិកសហព័ន្ធអ្នកសារព័ត៌មានអាស៊ាននៅឆ្នាំ២០១៨ ដែលជាសហព័ន្ធសារព័ត៌មានអាស៊ានតែមួយគត់នៅក្នុងតំបន់៕