ដោយ : បន្ទាយ
បន្ទាយមានជ័យ៖រដ្ឋបាលខេត្តបន្ទាយមានជ័យនិងមន្ទីរអប់រំ យុវជននិងកីឡា មន្ទីរសុខាភិបាល មន្ទីរមុខងារសាធារណ: បានកោះអញ្ជើញមន្ត្រី ប្រធាន អនុប្រធានមន្ទីរពេទ្យ មណ្ឌលសុខភាព ប្រធាន អនុប្រធានការិយាល័យអប់រំ ការិយាល័យសុខាភិបាលស្រុក ក្រុងប្រតិបត្តិ នាយក នាយករងសាលារៀន និងអ្នកពាក់ព័ន្ធក្នុងកិច្ចប្រជុំ ពិគ្រោះយោបល់ស្តីពីដំណើរការជ្រើសរើសបេក្ខភាពអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។
ក្នុងពេលបើកកិច្ចប្រជុំ នៅសាលប្រជុំ “ក “សាលាខេត្តបន្ទាយមានជ័យ លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី០៧ខែមិថុនា ឆ្នាំ ២០២៤បាននិយាយថា : វិស័យអប់រំ និងវិស័យសុខាភិបាល គឺជាអង្គភាពអាទិភាព ដែលត្រូវដើរតួនាទីយ៉ាងសំខាន់ក្នុងការ ទ្រទ្រង់នូវការបណ្តុះបណ្តាល សមត្ថភាព និងការអប់រំ ថែទាំសុខភាព ដែលត្រូវដើរទន្ទឹមគ្នា និងត្រូវយកចិត្តទុកដាក់ក្នុងការបង្កើន ប្រសិទ្ធភាព និងគុណភាពក្នុងការផ្តល់សេវាឱ្យកាន់តែប្រសើរឡើងស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល អាណត្តិទី៧នៃរដ្ឋសភា ពោលគឺយុទ្ធសាស្ត្របានចាត់អាទិភាពគន្លឹះទាំង៥ :មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា បន្តពីយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក្នុងអាណត្តិទី៦កន្លងទៅ ដែលបានចាត់អាទិភាពគន្លឹះចំនួន៤ ដូចគ្នានេះរួចហើយ។
លោកអភិបាលខេត្តក៏បានជំរុញដល់ប្រធាន អនុប្រធាននិងមន្ត្រីនៃអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ។ចំពោះវិស័យអប់រំ សូមលើកទឹកចិត្តដល់គ្រប់សាលា គ្រប់កម្រិត ជាពិសេសមត្តេយ្យសិក្សា ក្នុងការរៀបចំឱ្យទៅតាមលក្ខណៈស្តង់ដារ ប្រកបដោយភាពទាក់ទាញ ដើម្បីចូលរួមក្នុងការប្រឡងប្រជែងយកសាលាគំរូ។
ក្នុងនោះលោកអ៊ុ រាត្រីក៏បានធ្វើការកោតសរសើរដល់សាលាមេត្តយ្យ សិក្សាធនធានកកោះនៅឃុំស្លក្រាមស្រុកស្វាយចេកដែលជាសាលាគំរូ របស់ខេត្តបន្ទាយមានជ័យ ហើយកន្លងក៏បានទៅចូលរួមប្រឡងនៅថ្នាក់ជាតិ ទទួលបានជ័យលាភីផងដែរ។
ក្នុងអង្គពិភាក្សា លោកយឹម សំណាង អភិបាលរងខេត្ត ទទួលបន្ទុកវិស័យអប់រំ បានបញ្ជាក់ថា:យន្តការនៃកាប្រកួតប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលសម្រាប់ឆ្នាំ២០២៤ គឺដឹកនាំត្រួតពិនិត្យដោយគណ:កម្មការរវាយតម្លៃមាន៣កម្រឹតគឺថ្នាក់គណ:កម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណ:ថ្នាក់ក្រុង ស្រុក,ថ្នាក់ថ្នាក់រាជធានី ខេត្តនិងថ្នាក់ជាតិ ពោលគឺគណ:កម្មការមានដែនសមត្ថកិច្ចរបស់ខ្លួនក្នុងការវាយតម្លៃដូចជា :គណ:កម្មការថ្នាក់ស្រុក ទទួលពាក្យប្រឡងប្រជែងចាប់ពីសប្តាហ៍ទី១ខែកក្កដា មានរយ:ពេល៣០ថ្ងៃ ឬយ៉ាងយូរត្រឹមសប្តាហ៍ទី៤ខែសីហា។គណ:កម្មការថ្នាក់រាជធានី ខេត្ត វាយតម្លៃបេក្ខភាព រួចបញ្ជូនទៅថ្នាក់ជាតិយ៉ាងយូរត្រឹមសប្តាហ៍ទី២នៃខែតុលានិងគណ:កម្មការថ្នាក់ជាតិចុះវាយតម្លៃ បេក្ខភាព។
ក្នុងនោះ អង្គភាពខ្លះ រួមមានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី មន្ទីរពេទ្យ សាលារៀនមួយចំនួនទៀតបានឡើងធ្វើបទបង្ហាញពីបទពិសោធនិងការបំពេញលក្ខខណ្ឌនៃអង្គភាពខ្លួនលើការប្រឡងប្រជែងជូនអង្គភាពនានាស្រង់និងចាប់យកដើម្បីយកទៅពិនិត្យលក្ខណសម្បត្តិខ្លួនដើម្បីឈានទៅដាក់ពាក្យប្រឡងប្រជែង ៕