ដោយ : បន្ទាយ
បន្ទាយមានជ័យ៖ សភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី០៧ខែមិថុនាឆ្នាំ២០២៤ នៅសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យបានរៀបចំកិច្ចប្រជុំណែនាំ ស្ដីពីការឃោសនាបោះឆ្នោត និងចាប់លេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោតសភាពាណិជ្ជកម្ម អាណត្តិទី៣ លើកទី១ ។
កិច្ចប្រជុំនោះក្រោមអធិបតីភាពលោក កែ សួនសុភាព អភិបាលរងខេត្ត លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីលោកលោក លោកស្រីលោកឧកញ៉ា លោក លោកស្រី និងសមាជិកគណៈកម្មការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្ត ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជននៃក្រសួងពាណិជ្ជកម្ម ។
លោក កែ សួនសុភាព អភិបាលរងខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ដើម្បីឲ្យកិច្ចដំណើរការបោះឆ្នោតសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្ត បន្ទាយមានជ័យ ដំណើរការទៅដោយជោគជ័យ ក៏ដូចជាផ្តល់ឱកាសឲ្យពាណិជ្ជករ អាជីវករ ឧស្សាហករបានយល់កាន់តែច្បាស់អំពីអត្ថប្រយោជន៍នៃការចូលរួមជាសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្ត រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធឃោសនានានា ពោលគឺដើម្បីជូនដំណឹងដល់អាជីវករ ពាណិជ្ជករ ដែលចាប់អារម្មណ៍ ឈរឈ្មោះជាបេក្ខជន សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ និងជូនដំណឹងដល់អាជីវករ ពាណិជ្ជករ ក្នុង ខេត្តបន្ទាយមានជ័យ អញ្ជើញមកចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ អាណត្តិទី៣ លើកទី១។
លោកម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ដើម្បីឲ្យមាននូវតម្លាភាព យុត្តិធម៌ ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភាពាណិជ្ជកម្មថ្មី អាណត្តិទី៣ លើកទី១ ប្រកបដោយភាពរលូន រដ្ឋបាលខេត្តបន្ទាយមានជ័យបានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តបានធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានាដើម្បី ជូនដំណឹងដល់អាជីវករ ពាណិជ្ជករ ចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកថ្មីរហូតដល់៣៥៨នាក់ ហើយការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២៤ ចាប់ពីម៉ោង ៨:០០នាទីព្រឹក រហូតដល់ម៉ោង ៣:០០ នាទីរសៀល ៕