ភ្នំពេញ៖ លោក ស៊ុន វុទ្ធី នាយកសាលាជាតិពន្ធដារ បានបញ្ជាក់យ៉ាងច្បាស់ថា បុគ្គលដែលបានប្រឡងជាប់និងទទួលបានវិញ្ញាបនបត្រពីវគ្គបណ្តុះបណ្តាលភា្នក់ងារសេវាកម្មពន្ធដារ (តាមកម្មវិធីធម្មតា) ឬវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈពន្ធដារ (តាមប្រព័ន្ធក្រេឌីត) ពុំទាន់មានសម្បទាគ្រប់គ្រាន់ ក្នុងការប្រកបអាជីវកម្មជាភ្នាក់ងារពន្ធដារនោះទេ ពោលគឺត្រូវស្នើសុំអាជ្ញាបណ្ណភ្នាក់ងារសេវាកម្មពន្ធដារ ពីអគ្គនាយកដ្ឋានពន្ធដារជាមុនសិន។
លោកនាយកសាលាជាតិពន្ធដារ បានលើកឡើងបែបនេះ ក្នុងកម្មវិធី “ពន្ធដារកម្ពុជា” ដែលធ្វើការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក (Facebook Page) ផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃព្រហស្បត្តិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ “វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈពន្ធដារ” ដោយមានការចូលរួមពី លោក ស៊ីវ ស៊ុនហួច អនុប្រធានការិយាល័យនៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន។
ស្របតាមសេចក្តីណែនាំលេខ ១៧១១២ អពដ ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានពន្ធដារ វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈពន្ធដារ បានផ្លាស់ប្តូរកម្មវិធីសិក្សាទៅជាប្រព័ន្ធក្រេឌីត ដែលមានចំនួន ៩ ក្រេឌីត ក្នុងនោះមានមុខវិជ្ជាតម្រូវចំនួន ៦ ក្រេឌីត មុខវិជ្ជាឯកទេសចំនួន ២ ក្រេឌីត និងមុខវិជ្ជាជ្រើសរើសចំនួន ១ ក្រេឌីត។ ចំពោះមុខវិជ្ជាឯកទេស សិក្ខាកាមអាចជ្រើសរើសមុខវិជ្ជាឯកទេសមួយក្នុងចំណោមបី មាន ឯកទេសពន្ធលើប្រាក់ចំណូល ឯកទេសអាករលើតម្លៃបន្ថែម ឬឯកទេសការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ។
គិតចាប់ពីឆ្នាំ២០១៣ មក សាលាជាតិពន្ធដារ បានបើកវគ្គបណ្តុះបណ្តាលភ្នាក់ងារសេវាកម្មពន្ធដារ (តាមកម្មវិធីធម្មតា) និងវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈពន្ធដារ (តាមប្រព័ន្ធក្រេឌីត) ចំនួន ១៨ វគ្គ មានសិក្ខាកាមចូលរួមចំនួន ១១ ២៦០ នាក់។ បន្ថែមពីនេះ សាលាជាតិពន្ធដារក៏បានបើកវគ្គបណ្តុះ បណ្តាលខ្លី ពាក់ព័ន្ធនឹងប្រភេទអាករមួយចំនួន ការប្រើប្រាស់ប្រព័ន្ធនិងកម្មវិធីបច្ចេកវិទ្យារបស់អគ្គនាយដ្ឋានពន្ធដារ ព្រមទាំងវគ្គបណ្តុះបណ្តាលខ្លីៗ ជាច្រើនទៀតស្របតាមតម្រូវការ និងការវិវត្តនៃលិខិតបទដ្ឋានគតិយុត្តជាធរមាន៕
ប្រភព៖ ព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍របស់អគ្គនាយកដ្ឋានពន្ធដារ