ប្រែសម្រួល៖ រតនា
រូបភាពរបស់វិដេអូសុវត្ថិភាពដ៏រន្ធត់បានបង្ហាញឲ្យឃើញថាមានខ្មាន់កាំភ្លើងម្នាក់ទំនងជាមនុស្សឆ្កួតបានបើកការបាញ់ប្រហារលើរថយន្តមួយដោយចៃដន្យនៅតាមដងផ្លូវបង្កឲ្យបុរសម្នាក់ស្លាប់នៅពេលដែលគាត់កំពុងធ្វើដំណើរក្នុងរថយន្តនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកកាលពីព្រឹកថ្ងៃចន្ទ។ បន្ទាប់មកមនុស្សឆ្កួតដែលជាខ្មាន់កាំភ្លើងនោះបានដោះសម្លៀកបំពាក់ចេញអស់បណ្តាលឲ្យរូបកាយអាក្រាតទាំងស្រុង។
ភ្នាក់ងារប៉ូលិសបានឲ្យដឹងថាខ្មាន់កាំភ្លើងឈ្មោះJulio Rodarte អាយុ ៣៩ ឆ្នាំបានប្រើអាវុធពាក់កណ្តាលស្វ័យប្រវត្តិបាញ់ទៅលើរថយន្តដែលកំពុងធ្វើដំណើរនៅតាមដងផ្លូវនៅវេលាម៉ោងប្រហែល ៦ និង ៣០ នាទីព្រឹកនៅលើផ្លូវរដ្ឋក្នុង San Jacinto ក្នុងខោនធី Riverside។
វីដេអូដែលទទួលបានដោយទីភ្នាក់ងារ KTLA បង្ហាញថាខ្មាន់កាំភ្លើង Rodarte ដើរចុះពីលើចិញ្ចើមផ្លូវនៅខាងមុខកន្លែងលាងរថយន្តមួយកន្លែងដោយមានកាំភ្លើងនៅក្នុងដៃបន្ទាប់មកបានបាញ់ទៅលើរថយន្តមួយគ្រឿងដែលកំពុងធ្វើដំណើរនៅតាមដងផ្លូវ។
ក្រោយមកខ្មាន់កាំភ្លើងបានដោះសំលៀកបំពាក់ទាំងអស់បណ្តាលឲ្យរូបកាយអាក្រាតទាំងស្រុង។
យោងតាមប៉ូលិសបានឲ្យដឹងថា អ្នកធ្វើដំណើរតាមរថយន្តម្នាក់ ត្រូវបានគេស្គាល់ឈ្មោះថាជា Victor Hugo Leon អាយុ ៤៣ ឆ្នាំត្រូវបានស្លាប់ដោយសារការបាញ់ប្រហារនេះ។
សមត្ថកិច្ចបាននិយាយថា បុរសម្នាក់ទៀតបានរងរបួស និងរថយន្តជាច្រើនគ្រឿងបានរងការខូចខាត។
ភរិយារបស់ អ្នកស្លាប់ ដែលមានអាយុ ១៣ ឆ្នាំ Griselda Zepeda បានប្រាប់អ្នកយកព័ត៌មាន KTLA ថា ” Hugo Leon គាត់គឺជាមេគ្រួសារដ៏គួរឲ្យស្រឡាញ់ខ្លាំងណាស់គាត់ខំប្រឹងអស់ពីកម្លាំងកាយនិងចិត្តដើម្បីចិញ្ជឹមគ្រួសារហើយថ្វីបើគាត់មានមុខមាត់មិនសូវជាស្អាតតែគាត់មានសម្តីផ្អែមល្ហែម។ ការស្លាប់របស់គាត់ធ្វើឲ្យយើងរន្ធត់ចិត្តនិងពោរពេញទៅដោយទុក្ខសោកខ្លាំងណាស់” ។
Zepalda បាននិយាយថា នាងចាប់ផ្តើមមានអារម្មណ៍ថាដូចជាមានរឿងអាក្រក់កើតឡើងបន្ទាប់ពី Leon មិនបានត្រឡប់មកផ្ទះក្រោយប្តូរវេននៅពេលយប់នៅឯឃ្លាំងមួយក្នុងតំបន់ Moreno ។ គាត់ត្រូវបានគេបាញ់ក្រោយពេលដែលគាត់បានចេញពីផ្ទះត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ គាត់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ជាកន្លែងដែលគាត់ត្រូវបានគេបញ្ជាក់ថាគាត់បានស្លាប់។
យោងតាមទីភ្នាក់ងារ ABC 7 បានឲ្យដឹងថា នៅមុនពេលមានការបាញ់ប្រហារនោះខ្មាន់កាំភ្លើងRodarte បានដើរសំដៅទៅកាន់ហាងក្នុងស្រុកមួយ ហើយបានទិញស្រាមួយដប ប៉ុន្តែមិនមានលុយគ្រប់គ្រាន់នោះទេ នេះបើយោងតាមអ្នកយកព័ត៌មាន ABC 7 ។ មួយសន្ទុះក្រោយមកខ្មាន់កាំភ្លើងក៏បានបាញ់ទៅលើរថយន្តរបស់ជនរងគ្រោះតែម្តង។
លោក Enrique Tores ដែលជាម្ចាស់ហាង E&E Tires ដែលមានទីតាំងនៅជិតកន្លែងកើតហេតុនោះ បានប្រាប់អ្នកយកព័ត៌មាន ABC 7 ថាគាត់បានឮសំឡេងគ្រាប់កាំភ្លើងបាញ់ចេញប្រហែល ៣០ គ្រាប់។ គាត់បាននិយាយថា គាត់បានឃើញខ្មាន់កាំភ្លើងនោះបោះចោលបង់ដាក់គ្រាប់កាំភ្លើងនិងកាំភ្លើងនៅមុនពេលត្រូវបានចាប់ខ្លួន។
“ខ្មាន់កាំភ្លើងអាក្រាតកាយទាំងស្រុង ហើយចេះតែដើរពាសពេញទីនោះអ្នកស្រុកបានហៅប៉ូលិសដើម្បីអន្តរាគមន៏។
ខ្មាន់កាំភ្លើងRodarte ក្រោយមកត្រូវបានប៉ូលិសចាប់ខ្លួន និងចោទប្រកាន់ពីបទមនុស្សឃាតក្នុងករណីព្យាបាទចំនួន ១០ ករណីដូចជាការប៉ុនប៉ងមនុស្សឃាត ប្លន់ និងការរារាំងក្នុងការចាប់ខ្លួន។ខ្មាន់កាំភ្លើង ធ្លាប់មានប្រវត្តជាប់ពន្ធនាគារផងដែរ។
ភរិយារបស់ Leon បានធ្វើយុទ្ធនាការរៃអង្គាសប្រាក់ក្រោមកម្មវិធី (GoFundMe) ដើម្បីជួយដល់ការចំណាយលើពិធីបុណ្យសពដោយទទួលបានប្រាក់ជាង ៤០,០០០ ដុល្លារ៕