សន្ដិសុខសង្គម

មេជួញដូរគ្រឿងញៀនម្នាក់បានបាញ់ស.ម្លាប់ខ្លួនក្នុងពេលសមត្ថកិច្ចព័ទ្ធចាប់

ដោយ៖ សុខុម
ភ្នំពេញ ៖ សមត្ថកិច្ចបានអះអាងថា កាលពីរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ សមត្ថកិច្ចនគរបាល បានដាក់កម្លាំងព័ទ្ធចាប់មេជួញដូរគ្រឿងញៀនដ៏ធំមួយ ក៏ប៉ុន្តែក្រោយមកឧក្រិដ្ឋជនម្នាក់នោះបានធ្វើអត្តឃាតនៅក្នុងទីតាំងដែលលាក់ខ្លួន។

សមត្ថកិច្ចបានឲ្យដឹងជុំវិញហេតុការណ៍នេះថា អង្គភាពមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ បានបើកប្រតិបត្តិការ បង្ក្រាបគ្រឿងញៀននៅខាងកើតផ្សារសាំហាន់ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងបន្តទៀតថា ជនសង្ស័យប្រើប្រាស់អាវុធបាញ់ប្រហារមកលើសមត្ថកិច្ចប្រមាណជាង១០គ្រាប់ ប៉ុន្តែសមត្ថកិច្ចមិនបានតដៃនោះទេ។

នៅពេលសមត្ថកិច្ចបោះគ្រាប់បែកផ្សែងដើម្បីរកវិធីចាប់ខ្លួន ស្រាប់តែឧក្រិដ្ឋជនបានបាញ់ខ្លួនឯងក្នុងបន្ទប់ផ្នែកខាងក្រោមនៃផ្ទះរបស់ខ្លួន។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះហ៊ុ បូរិន ភេទប្រុស អាយុ៤៣ឆ្នាំគឺជាមុខសញ្ញាចាស់ដែលសមត្ថកិច្ចតាមចាប់ ។

រហូតមកដល់ពេលនេះសមត្ថកិច្ចមិនទាន់បញ្ជាក់ពីវត្ថុតាងគ្រឿងញៀនជាផ្លូវការ ពាក់ព័ន្ធហេតុការណ៍ខាងលើនេះនៅឡើយ៕