ភ្នំពេញ៖ លោកជំទាវ ប៊ុន នារី អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារបានមានប្រសាសន៍ឱ្យដឹងថា បន្ទាប់ពីច្បាប់ស្តីពីសារពើពន្ធបានចូលជាធរមាន នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ អគ្គនាយកដ្ឋានពន្ធដារបាននិងកំពុងកែសម្រួល លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដែលជាអាទិ៍មាន អនុក្រឹត្យ ប្រកាស សេចក្តីណែនាំ ដើម្បីធ្វើឱ្យមានសង្គតិភាព ច្បាស់លាស់ និងងាយស្រួលក្នុងការអនុវត្ត។
លោកជំទាវអគ្គនាយករង បានបន្ថែមទៀតថា លិខិតបទដ្ឋានគតិយុត្តចំនួន ៣១ ត្រូវបានរៀបចំដោយអគ្គនាយកដ្ឋានពន្ធដារ ក្នុងនោះមានលិខិតបទដ្ឋានគតិយុត្តចំនួន ១១ ត្រូវបានដាក់ឱ្យអនុវត្ត ខណៈលិខិតបទដ្ឋានគតិយុត្តដែលនៅសេសសល់ ស្ថិតក្នុងដំណាក់កាលនៃការពិភាក្សាចុងក្រោយកម្រិតបច្ចេកទេស និងដំណើរការស្នើសុំអនុម័តពីថ្នាក់ដឹកនាំ។
លោកជំទាវ ប៊ុន នារី បានលើកឡើងបែបនេះ នាឱកាសដែលលោកជំទាវបានចូលរួមជាអធិបតី ក្នុងវេទិកាស្តីពី “ការឈ្វេងយល់អំពីដំណើរវិវត្តន៍នៃទិដ្ឋភាពពន្ធដារក្នុងព្រះរាជាណាចក្រកម្ពុជា Navigating The evolving Tax Landscape in Cambodia” ដែលរៀបចំឡើងដោយក្រុមហ៊ុន ឌីអេហ្វឌីអិល មេគង្គ (DFDL MEKONG CAMBODIA CO.,LTD.) នាថ្ងៃព្រហស្បតិ៍ទី៣០ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋគារ Hyatt Regency Phnom Penh។
សូមបញ្ជាក់ថា ច្បាប់ស្តីពីសារពើពន្ធដែលព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសឱ្យប្រើកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ មិនមែនជាការបង្កើតច្បាប់ថ្មីទាំងស្រុងនោះទេ ប៉ុន្តែជាការប្រមូលផ្តុំនូវច្បាប់និងលិខិតបទដ្ឋានគតិយុត្តមកកែសម្រួលនិងរៀបចំឱ្យមានសង្គតិភាព ផ្តល់ភាពងាយស្រួលក្នុងការស្វែងរក និងការអនុវត្ត ដើម្បីបំពេញចន្លោះប្រហោងឱ្យស្របតាមបរិការណ៍នៃសេដ្ឋកិច្ច ធុរកិច្ចនាពេលបច្ចុប្បន្ន៕
ប្រភព៖ ព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍របស់អគ្គនាយកដ្ឋានពន្ធដារ