អន្តរជាតិ

បុរសម្នាក់ត្រូវបានខ្មាន់កាំភ្លើងដែលទំនងជាមនុស្សឆ្កួតបាញ់សម្លាប់លើរថយន្ត

ប្រែសម្រួល៖ រតនា

រូបភាពរបស់វិដេអូសុវត្ថិភាពដ៏​រន្ធត់បានបង្ហាញឲ្យឃើញថាមានខ្មាន់កាំភ្លើងម្នាក់ទំនងជាមនុស្សឆ្កួតបានបើក​ការ​បាញ់​ប្រហារ​លើ​រថយន្តមួយដោយចៃដន្យ​នៅ​តាម​ដងផ្លូវបង្កឲ្យបុរស​ម្នាក់​ស្លាប់​នៅ​ពេល​ដែល​គាត់កំពុងធ្វើដំណើរក្នុងរថយន្តនៅ​ភាគ​ខាង​ត្បូង​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ។ បន្ទាប់​មកមនុស្សឆ្កួតដែលជា​ខ្មាន់កាំភ្លើងនោះបានដោះ​សម្លៀកបំពាក់ចេញអស់បណ្តាលឲ្យ​រូបកាយ​អាក្រាត​​ទាំងស្រុង។

ភ្នាក់ងារប៉ូលិសបានឲ្យដឹងថាខ្មាន់កាំភ្លើងឈ្មោះJulio Rodarte អាយុ ៣៩ ឆ្នាំបានប្រើអាវុធពាក់កណ្តាលស្វ័យប្រវត្តិបាញ់ទៅលើរថយន្តដែលកំពុងធ្វើដំណើរនៅ​តាម​ដងផ្លូវនៅវេលាម៉ោងប្រហែល ៦ និង ៣០ នាទីព្រឹកនៅលើផ្លូវរដ្ឋក្នុង San Jacinto ក្នុងខោនធី Riverside។

វីដេអូដែលទទួលបានដោយទីភ្នាក់ងារ KTLA បង្ហាញថាខ្មាន់កាំភ្លើង Rodarte ដើរចុះពីលើចិញ្ចើមផ្លូវនៅខាងមុខកន្លែងលាងរថយន្តមួយកន្លែងដោយមានកាំភ្លើងនៅក្នុងដៃបន្ទាប់មកបានបាញ់ទៅលើរថយន្តមួយគ្រឿងដែលកំពុងធ្វើដំណើរនៅ​តាម​ដងផ្លូវ។

ក្រោយមក​ខ្មាន់កាំភ្លើងបាន​ដោះ​សំលៀកបំពាក់​ទាំងអស់បណ្តាលឲ្យ​រូបកាយ​អាក្រាត​​ទាំងស្រុង។

យោងតាមប៉ូលិសបានឲ្យដឹងថា អ្នកធ្វើដំណើរតាម​រថយន្តម្នាក់ ត្រូវបានគេស្គាល់ឈ្មោះថាជា Victor Hugo Leon អាយុ ៤៣ ឆ្នាំត្រូវបានស្លាប់ដោយសារការបាញ់ប្រហារនេះ។

សមត្ថកិច្ច​បាន​និយាយ​ថា បុរស​ម្នាក់​ទៀត​បាន​រង​របួស និង​រថយន្ត​ជា​ច្រើន​គ្រឿង​បាន​រង​ការ​ខូចខាត​។

ភរិយារបស់ អ្នកស្លាប់ ដែលមានអាយុ ១៣ ឆ្នាំ Griselda Zepeda បានប្រាប់អ្នកយកព័ត៌មាន KTLA ថា ” Hugo Leon គាត់គឺជាមេគ្រួសារដ៏គួរឲ្យស្រឡាញ់ខ្លាំងណាស់គាត់ខំប្រឹង​អស់​ពីកម្លាំងកាយនិងចិត្ត​ដើម្បី​ចិញ្ជឹមគ្រួសារហើយថ្វីបើគាត់មានមុខមាត់មិនសូវជាស្អាតតែគាត់មានសម្តី​ផ្អែម​ល្ហែម។ ការស្លាប់របស់គាត់​ធ្វើ​ឲ្យ​យើង​រន្ធត់​ចិត្តនិងពោរពេញទៅដោយទុក្ខសោកខ្លាំងណាស់” ។

Zepalda បាននិយាយថា នាងចាប់ផ្តើមមានអារម្មណ៍ថាដូចជាមានរឿងអាក្រក់កើតឡើងបន្ទាប់ពី Leon មិនបានត្រឡប់មកផ្ទះក្រោយប្តូរវេននៅពេលយប់នៅឯឃ្លាំងមួយក្នុងតំបន់ Moreno ។ ​គាត់​ត្រូវ​បាន​គេ​បាញ់​ក្រោយពេលដែលគាត់បានចេញ​ពី​ផ្ទះ​ត្រឹមតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ គាត់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ក្នុង​តំបន់ជាកន្លែងដែល​គាត់ត្រូវបានគេបញ្ជាក់ថា​គាត់បាន​ស្លាប់។

យោងតាមទីភ្នាក់ងារ ​​ABC 7 បានឲ្យដឹងថា នៅមុនពេលមានការបាញ់ប្រហារនោះខ្មាន់កាំភ្លើងRodarte បានដើរសំដៅទៅកាន់ហាងក្នុងស្រុកមួយ ហើយបានទិញស្រាមួយដប ប៉ុន្តែមិនមានលុយគ្រប់គ្រាន់នោះទេ នេះបើយោងតាមអ្នកយកព័ត៌មាន ABC 7 ។ មួយសន្ទុះក្រោយមកខ្មាន់កាំភ្លើងក៏បានបាញ់ទៅលើរថយន្តរបស់ជនរងគ្រោះតែម្តង។

លោក Enrique Tores ដែលជាម្ចាស់ហាង E&E Tires ដែលមានទីតាំងនៅជិតកន្លែងកើតហេតុនោះ បានប្រាប់អ្នកយកព័ត៌មាន ABC 7 ថាគាត់បានឮសំឡេងគ្រាប់កាំភ្លើងបាញ់ចេញប្រហែល ៣០ គ្រាប់។ គាត់​បាន​និយាយ​ថា គាត់​បាន​ឃើញ​ខ្មាន់​កាំភ្លើងនោះ​បោះ​ចោលបង់ដាក់គ្រាប់កាំភ្លើងនិងកាំភ្លើងនៅ​មុន​ពេលត្រូវបាន​ចាប់ខ្លួន។

“ខ្មាន់កាំភ្លើងអាក្រាតកាយទាំងស្រុង ហើយចេះតែដើរពាសពេញទីនោះអ្នកស្រុកបានហៅប៉ូលិសដើម្បីអន្តរាគមន៏។

ខ្មាន់កាំភ្លើងRodarte ក្រោយមកត្រូវបានប៉ូលិសចាប់ខ្លួន និងចោទប្រកាន់ពីបទមនុស្សឃាតក្នុងករណីព្យាបាទចំនួន ១០ ករណីដូចជាការប៉ុនប៉ងមនុស្សឃាត ប្លន់ និងការរារាំងក្នុងការចាប់ខ្លួន។ខ្មាន់កាំភ្លើង ធ្លាប់មានប្រវត្តជាប់ពន្ធនាគារផងដែរ។

ភរិយារបស់ Leon បានធ្វើយុទ្ធនាការរៃអង្គាសប្រាក់ក្រោមកម្មវិធី (GoFundMe) ដើម្បីជួយដល់ការចំណាយលើពិធីបុណ្យសពដោយទទួលបានប្រាក់ជាង ៤០,០០០ ដុល្លារ៕