សន្ដិសុខសង្គម

ទូកចម្លងដឹកលើសចំណុះលិចបានឆក់យកជីវិតសិស្សស្រីម្នាក់

ដោយ÷សុខុម
កំពង់ធំ÷ សិស្សជាច្រើននាក់នាំគ្នាជិះទូកចម្លងដូចរាល់ដង ចៃដន្យនៅវេលាម៉ោងជាង១១ព្រឹកថ្ងៃទី៨មិថុនា២០២៤ ក៏ស្រាប់តែលិចទូកកំពង់ចម្លងភូមិឈូកស្ទឹង ឃុំឈូក ទៅភូមិជាំបឹង ឃុំស្រើង ស្រុកប្រាសាទសំបូរ បណ្ដាលឱ្យសិស្សស្រីម្នាក់ស្លាប់។

ក្រោយហេតុការណ៍កើតឡើងភ្លាម កម្លាំងមូលដ្ឋានរបស់កងរាជអាវុធហត្ថស្រុកប្រាសាទសំបូរ បានរាយការណ៍ជូនមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ អំពីករណីលិចទូកចម្លង ។

របាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា សពជនរងគ្រោះឈ្មោះ អ៊ី សុភ័ក្រ អាយុ១៣ឆ្នាំ រស់នៅ ភូមិជាំបឹង ឃុំស្រើង ស្រុកប្រាសាទសំបូរ។ចំពោះមូលហេតុដែលបានកើតឡើងគឺបណ្ដាលមកពីផ្ទុកច្រើនលើសចំណុះ។

ដោយឡែកសិស្សដែលបានរួចផុតពីគ្រោះថ្នាក់ រស់រានមានជីវិតនេះ គឺពួកគេបានព្យាយាមលោតចេញពីទូក ប្រឹងហែលទៅរកទីទួលសុវត្ថិភាព។ គេនៅមិនទាន់ដឹងពីចំណាត់ការតាមផ្លូវច្បាប់ទៅលើម្ចាស់ទូកដនោះយ៉ាងណានៅឡើយ ៕