ព័ត៌មានជាតិ

នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន៥៨០នាក់ត្រូវប្រកាសមុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរស័ក្តិថ្មី

ដោយ ៖ បន្ទាយ
ភ្នំពេញ ៖ ដោយបានទទួលការអនុញ្ញាត ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែង ផ្ទេរភារកិច្ច និង បំពាក់ឋានន្តរស័ក្តិ ជូនដល់ នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន ៥៨០នាក់ ។

បើយោងមន្ត្រីការិយាល័យបុគ្គលិកនៃអង្គភាពខាងលើឲ្យដឹងថ្ងៃទី០៦ខែមិថុនា ឆ្នាំ២០២៤ ថា៖មន្ត្រីត្រូវបានប្រកាសមុខតំណែង ផ្ទេរភារកិច្ច និង បំពាក់ឋានន្តរស័ក្ដិរួមមាន៖
– ថ្នាក់អនុសេនីយ៍ឯក ចំនួន ០៦នាក់
– ថ្នាក់អនុសេនីយ៍ទោ ចំនួន ១៦០នាក់
– ថ្នាក់អនុសេនីយ៍ត្រី ចំនួន ០២នាក់
– ថ្នាក់នាយចំណង់ ចំនួន ២៣៣នាក់
– ថ្នាក់ព្រឹន្ទបាលឯក ចំនួន ១២នាក់
– ថ្នាក់ព្រឹន្ទបាលទោ០១ និងថ្នាក់នាយឯក ០៣នាក់ ។

នាឱកាសនោះ លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ជូនចំពោះ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលទទួលបានមុខតំណែង និងឋានន្តរស័ក្តិថ្មីនាពេលនេះ ។

លោកក៏ព្រមទាំងបានណែនាំឲ្យកងកម្លាំងទាំងអស់ សូមបន្តអនុវត្តភារកិច្ច និងបទបញ្ជាទាំងឡាយដែលថ្នាក់លើបានដាក់ចុះឲ្យបានល្អ ប្រកបដោយវិន័យសណ្ដាប់ធ្នាប់ ពង្រឹងការងារសន្តិសុខសង្គមជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងរួមគ្នាទប់ស្កាត់បង្ការបង្ក្រាបបទល្មើស គ្រប់ប្រភេទបានកាន់តែប្រសើរ ជាពិសេស ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានម៉ឹងម៉ាត់នូវអនុសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបោសសម្អាតការជួញដូរគ្រឿងញៀន និងក្មេងទំនើង ជាអត្ថិភាពទី១ដែលត្រូវអនុវត្ត ។

លោកបានបន្ថែមថា : កម្លាំងក៏ត្រូវត្រៀមចូលរួមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋដែលទទួលរងដោយគ្រោះមហន្តរាយ ឬហេតុការណ៍ផ្សេងៗដែលកើតមានឡើង និងត្រូវរឹតបន្តឹង ចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើងទាំងវិធានការរដ្ឋបាលនិងវិធានការច្បាប់ ក្នុងការបង្ការទប់ស្កាត់ដោយគ្មានការបន្ធូរបន្ថយ និងគ្មានការលើកលែងនោះឡើយ ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម ៕