ដោយ ៖ កំចាយ
កំពត÷ ថ្នាក់ដឹកនាំក្រសួងអធិការកិច្ចបានជំរុញដល់គ្រប់ភាគីពាក់ព័ន្ធ ពិសេសយុវវ័យឱ្យចូលរួមក្នុងកិច្ចការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនដើម្បីបញ្ចៀសនូវផលប៉ះពាល់ដល់បញ្ហាសេដ្ឋកិច្ចគ្រួសារ និងប្រទេសជាតិ។
កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ មន្ទីរអធិការកិច្ចខេត្តកំពតសហការជាមួយអាជ្ញាធរស្រុកអង្គរជ័យ បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនខុសច្បាប់នៅវិទ្យាល័យជាស៊ីមអង្គរជ័យ ដើម្បីបញ្រ្ជាបចំណេះដឹងដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទុកជាទុនសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ។
ថ្លែងក្នុងពិធីខាងលើ លោកស្រី វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ចបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាតែងបានយកចិត្តទុកដាក់លើកិច្ចការងារប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់។ ជាក់ស្តែង រាជរដ្ឋាភិបាលបានដាក់ចេញនូវបទបញ្ជាលេខ០១ ស្តីពីវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីធានាថាកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការទាំងអស់មិនពាក់ព័ន្ធជាមួយការប្រើប្រាស់ និងចែកចាយគ្រឿងញៀនខុសច្បាប់។ ក្នុងករណីមន្ត្រីណាម្នាក់ពិនិត្យឃើញមានសារធាតុញៀននោះនឹងត្រូវលុបឈ្មោះចេញពីក្របខ័ណ្ឌតែម្តង។
លោកស្រីរដ្ឋលេខាធិការបានបញ្ជាក់ថា រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធបានខិតខំយ៉ាងខ្លាំងក្លាចំពោះការងារគ្រឿងញៀនក្នុងបំណងទប់ស្កាត់ការចរាចរគ្រឿងញៀន ទីតាំងផលិត កែច្នៃគ្រឿងញៀន ការប្រើប្រាស់ និងការចែកចាយគ្រឿងញៀនខុសច្បាប់នៅមូលដ្ឋានគ្រប់ទម្រង់ និងគ្រប់រូបភាព។ ទោះជាបែបនេះក្តី ការងារផ្សព្វផ្សាយនៅតែជាកត្តាសំខាន់ក្នុងការចូលរួមទប់ស្កាត់ និងលុបបំបាត់ការប្រើប្រាស់ និងការចែកចាយគ្រឿងញៀនខុសច្បាប់។ ដូច្នេះ ក្នុងនាមក្រសួង លោកជំទាវសូមអំពាវនាវដល់អាជ្ញាធរ មន្ត្រីពាក់ព័ន្ធ ពិសេសសិស្សានុសិស្សសូមបន្តចូលរួមផ្សព្វផ្សាយអំពីផលប៉ះពាល់ ទោសទណ្ឌ និងក្តីលំបាកបណ្តាលមកពីការប្រើប្រាស់គ្រឿងញៀនឱ្យបានទូលំទូលាយបំផុត៕