កីឡា

សមត្ថកិច្ចនិងកងកម្លាំងចូលរួមប្រកួតបាល់ទាត់មិត្តភាពដើម្បីមូលនិធិគន្ធបុប្ផាកម្ពុជានៅខេត្តសៀមរាប

ដោយ : បន្ទាយ
សៀមរាប ៖ សមត្ថកិច្ចនិងកងកម្លាំងខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមប្រកួតបាល់ទាត់មិត្តភាពដើម្បីមូលនិធិគន្ធបុប្ផាកម្ពុជា នៅខេត្តសៀមរាប ។

ក្រុមបន្ទាយមានជ័យដឹកនាំដោយលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត​បន្ទាយមានជ័យ និងចូលរួមដោយលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត​បន្ទាយមានជ័យ​ មានក្រុមបាល់ទាត់ឈ្មោះ”គ្រុឌមានជ័យ” ខេត្តបន្ទាយមានជ័យ ប្រកួតជាមួយក្រុមបាល់ទាត់ “សេនាយុត្តិធម៌ “ខេត្តសៀមរាប ដែលដឹកនាំដោយ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត​សៀមរាប ​និងដែលប្រារព្វធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងមានការអញ្ជើញចូលរួម សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ចៅក្រម, ព្រះរាជអាជ្ញា, ព្រះរាជអាជ្ញារង, មេធាវី, ក្រឡាបញ្ជី, ទីប្រឹក្សាច្បាប់ និងមន្ត្រីរាជការ កម្មវិធីនេះប្រកួតនៅតារាងហនុមាន ខេត្តសៀមរាប។
នេះបើតាមអ្នករៀបចំប្រាប់កាលពីរសៀលថ្ងៃទី០៤ខែ មិថុនា ឆ្នាំ ២០២៤។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានចូលរួមមូលនិធិគន្ធបុប្ផាកម្ពុជាក្នុងស្មារតីខ្មែរជួយខ្មែរ និងចូលរួមក្នុងយុទ្ធនាការ ១មុឺនរៀលក្នុងមួយនាក់ សម្រាប់កុមារកម្ពុជាដើម្បីបង្ហាញពីកម្លាំងសាមគ្គី និងក្នុងនាមពលរដ្ឋម្នាក់ បានចូលមូលនិធិគន្ធបុប្លាកម្ពុជា ចំនួនថវិកា ៣០,០០០,០០០រៀល (សាមសិបលានរៀល) ផងដែរ ៕