អន្តរជាតិ

ដកបញ្ឈរជើងចៅក្រមម្នាក់ចេញពីសមាជិកគណៈវិនិច្ឆ័យក្នុងសំណុំរឿងកេងបន្លំប្រាក់ជំនួយកូវិដ-19 ចំនួន ២៥០ លានដុល្លារនិងប្រាក់សំណូក១២០.០០០ ដុល្លារ

ប្រែសម្រួល៖ រតនា
ចៅក្រមរបស់តុលាការ Minneapolis សហរដ្ឋអាមេរិកដែលជាសមាជិកគណៈវិនិច្ឆ័យក្តីក្នុងសំណុំរឿងកេងបន្លំប្រាក់ជំនួយកូវិដ-១៩ចំនួន ២៥០ លានដុល្លារម្នាក់ត្រូវបានគេរាយការណ៍មកថាមានថង់ប្រាក់មួយដែលមានសាច់ប្រាក់ចំនួន ១២០,០០០ ត្រូវបានគេទម្លាក់នៅមុខផ្ទះរបស់គាត់រួមទាំងលិខិតសន្យាថានឹងបន្ថែមប្រាក់ឲ្យទៀតប្រសិនបើគាត់សម្រេចឲ្យពួកគេបានរួចខ្លួន។

ថង់ប្រាក់ដែលគេជឿថាជាសំណូកត្រូវបានបញ្ជូនទៅកាន់លំនៅឋានរបស់គាត់កាលពីល្ងាចថ្ងៃអាទិត្យ គឺត្រឹមតែប៉ុន្មានម៉ោងនៅមុនពេលដែលគណៈវិនិច្ឆ័យត្រូវត្រឡប់ទៅតុលាការវិញដើម្បីស្តាប់អំណះអំណាងមុនបិទបញ្ចប់សវនាការ។

ចៅក្រមនោះមិននៅផ្ទះទេនៅពេលដែលថង់ប្រាក់នោះត្រូវបានគេយកទៅទម្លាក់នៅមុខផ្ទះរបស់គាត់នោះ។ ក៏ប៉ុន្តែមានស្ត្រីអាយុ ២៣ ឆ្នាំម្នាក់ទៀតជាអ្នកបានឃើញបន្ទាប់មកស្រ្តីនោះបានជូនដំណឹងដល់ប៉ូលិសភ្លាមៗ ហើយក្រោយមកគេក៏បានបង្ហាញថង់ប្រាក់នោះឲ្យចៅក្រមបានឃើញផងដែរ។

លោក Joseph Thompson ជំនួយការរដ្ឋអាជ្ញាសហរដ្ឋអាមេរិកបាននិយាយនៅក្នុងតុលាការកាលពីថ្ងៃចន្ទថា “ករណីនេះវាហួសហេតុពេកហើយ” ។

ជនជាប់ចោទទាំង៧នាក់នៅក្នុងសំណុំរឿងនេះ ត្រូវបានចាប់ខ្លួននិងឃុំខ្លួននៅក្នុងពន្ធនាគារ។

ក្រោយមកចៅក្រមម្នាក់នេះត្រូវបានដកចេញពីគណៈវិនិច្ឆ័យក្តីលើសំណុំរឿងជនជាប់ចោទដែលជាសមាជិកអង្គការក្រៅរដ្ឋាភិបាលដែលមានឈ្មោះថា Minneapolis Feeding Our Future ដែលពួកគេបានលួចលុយជាង ៤០ លានដុល្លារពីមូលនិធិសម្រាប់ចិញ្ចឹមកុមារនៅក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវិដ-១៩។

ឪពុកក្មេករបស់ចៅក្រមដែលពាក់ព័ន្ធនឹងសំណូកនេះបានកំណត់អត្តសញ្ញាណស្ត្រីដែលបានយកលុយមកទម្លាក់នៅមុខផ្ទះថា ជាជនជាតិសូម៉ាលី នេះបើយោងតាមសារព័ត៌មាន Sahan Journal ។
ជនជាប់ចោទទាំង៧នាក់ក្នុងសំណុំរឿងនេះមានដើមកំណើតជាជនជាតិអាហ្វ្រិក។

ថង់ប្រាក់នោះមានក្រដាសប្រាក់ ២០ ដុល្លារ ៥០ ដុល្លារ និង ១០០ ដុល្លារ នេះបើតាមការបញ្ជាក់របស់ភ្នាក់ងារ FBI។

យោងតាមសាព័ត៌មាន New York Times បានឲ្យដឹងថាថង់ប្រាក់នោះគឺ “សម្រាប់ ចៅក្រមដែលកាន់សំណុំរឿងនេះ” ។

ពួកគេប្រាប់ចៅក្រមនោះថា នឹងមានថង់ប្រាក់មួយទៀតសម្រាប់គាត់ ប្រសិនបើគាត់សម្រេចឲ្យរួចខ្លួន។
លិខិតសន្យាផ្តល់ប្រាក់បន្ថែមនិងថង់ប្រាក់ត្រូវបានទម្លាក់នៅមុខផ្ទះរបស់ ចៅក្រម។

លិខិតត្រូវបានអានហើយថាវាទំនងជាមាននរណាម្នាក់ដែលមានសិទ្ធិចូលប្រើព័ត៌មានផ្ទាល់ខ្លួនរបស់ចៅក្រមម្នាក់នេះហើយបានឃុបឃិតគ្នាជាមួយស្ត្រីដែលផ្តល់សំណូកចំនួន ១២០,០០០ ដុល្លារ” ។

នៅមុនពេលបើកសវនាការបន្តនៅថ្ងៃចន្ទ ចៅក្រមទាំង ១៧ នាក់ និងអ្នកជំនួសត្រូវបានគេចោទសួរថាតើពួកគេបានទទួលសំណូកឬអត់។

គ្មានអ្នកណានិយាយថាពួកគេបានទទួលនោះទេ ប៉ុន្តែចៅក្រម Nancy Brasel បានសម្រេចដកចៅក្រមដែលពាក់ព័ន្ធនឹងសំណូកចេញពីសមាជិកគណៈវិនិច្ឆ័យក្តីសម្រាប់ការកាត់ក្តីដែលនៅសេសសល់។

ចុងចោទទាំង៧នាក់ដែលកំពុងតែទទួលការកាត់ក្តីគឺគ្រាន់តែជាមនុស្សដំបូងនៅក្នុងចំណោមមនុស្ស ៧០ នាក់ដែលត្រូវបានគេរំពឹងថានឹងត្រូវបានកាត់ទោសជុំវិញសំណុំរឿងបន្លំប្រាក់ប្រហែល ២៥០ លានដុល្លារ។ចំណែក១៨នាក់ផ្សេងទៀតត្រូវបានកាត់ទោសរួចរាល់ហើយ។ចុងចោទត្រូវបាននាំចេញពីបន្ទប់សវនាការកាលពីថ្ងៃចន្ទ បន្ទាប់ពីការសូកប៉ាន់ត្រូវបានបែកធ្លាយជាសាធារណៈនោះ៕

ប្រភព៖ Post wires