ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ត្រូវការជ្រើសរើសមន្រ្តីជាប់កិច្ចសន្យាចំនួន ៦៣ នាក់ ឱ្យចូលបម្រើការងារនៅនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន លើផ្នែកចំនួន ៦។
មន្រ្តីអគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ឲ្យដឹងតាមរយៈព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍របស់អគ្គនាយកដ្ឋានពន្ធដារកាលពីពេលថ្មីៗនេះថា ផ្នែកដ៏សំខាន់ទាំង៦ដែលត្រូវការជ្រើសរើសនោះ គឺរួមមាន៖
១. ផ្នែករដ្ឋបាល (Administration)
២. ផ្នែកបំប្លែងទិន្នន័យ (Data Processing)
៣. ផ្នែកគាំទ្រការដឹកជញ្ជូន (Delivery)
៤. ផ្នែកគាំទ្របច្ចេកទេស (Technical Support)
៥. ផ្នែកគាំទ្រសេវាអេឡិចត្រូនិកពន្ធដារ (e-Tax Service Support) និង
៦. ផ្នែកពហុព័ត៌មាន (Multimedia)។
ដូច្នេះចំពោះសាធារណជនដែលមានចំណាប់អារម្មណ៍ សូមទាញយក (Download) ទម្រង់ពាក្យស្នើសុំចុះឈ្មោះប្រឡង និងទម្រង់ប្រវត្តិរូបសង្ខេប ពីគេហទំព័រអគ្គនាយកដ្ឋានពន្ធដារ ដែលមានអាសយដ្ឋាន www.tax.gov.kh ដោយត្រូវបំពេញព័ត៌មានទាំងអស់ និងចុះហត្ថលេខាសាមីខ្លួន រួមទាំងស្គែន (Scan) ឯកសារភ្ជាប់តម្រូវតាមការកំណត់ ជា PDF File។
នៅពេលបានបំពេញតាមទម្រង់បែបបទរួចរាល់ហើយ សូមផ្ញើទៅកាន់សារអេឡិចត្រូនិក ដែលមានអាសយដ្ឋាន recruit@tax.gov.kh យ៉ាងយឺតបំផុតត្រឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤៕