សន្ដិសុខសង្គម

អាជ្ញាធរនិងសមត្ថកិច្ចក្រុងសិរីសោភ័ណ ឆ្មក់បង្រ្កាបទីតាំងក្លឹបកម្សាន្ដ TNL លួចបង្កប់ការប្រើប្រាស់គ្រឿងញៀន

ដោយ ៖ បន្ទាយ
បន្ទាយមានជ័យ៖ ទីតាំងក្លឹបកម្សាន្ដ TNL ស្ថិតនៅភូមិអូរអំបិល (ចំការខ្នុរ)សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលមានខារ៉ាអូខេ ឌីស្កូនិងស្នុកឃឺ តែបានលួចបង្កប់នូវការប្រើប្រាស់គ្រឿងញៀន ត្រូវបានគណ:បញ្ជាការកងឯកភាពរដ្ឋបាលក្រុងសិរីសោភ័ណឆ្មក់បង្ក្រាបហើយ។

លោក ស្រេង សុផល ប្រធានគណ:បញ្ជាការកងឯកភាពរដ្ឋបាលនិងជាអភិបាលក្រុងសិរីសោភ័ណ និងលោកវរសេនីយ៍សុី ឌី អធិការក្រុងសិរីសោភ័ណ លោកស្រីចៅសង្កាត់អូរអំបិល ដឹកនាំបញ្ជាកម្លាំងចុះបង្រ្កាប។ក្នុងនោះបានឃាត់ខ្លួនក្មេងទំនើងជាច្រើននាក់ជាមួយនឹងវត្ថុតាងគ្រឿងញៀនមួយចំនួន។ប្រតិបត្តិនេះធ្វើឡើងចាប់ពីម៉ោង២ រំលងអធ្រាត្ររហូតដល់ម៉ោង៤ថ្ងៃទី៣ ខែមិថុនាឆ្នាំ២០២៤ ។

សមត្ថកិច្ចបានចូលឆែកតាមបន្ទប់ខាងរ៉ាអូខេ និងក្លឹបកម្សាន្ត ហើយឃាត់ខ្លួនយុវជន យុវនារីចំនួន២៤នាក់និងរឹបអូសវត្ថុតាងគ្រឿងញៀនមួយចំនួន ហើយបានបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ។

លោក ស្រេង សុផល បានបញ្ជាក់ថា: យោងបទបញ្ជានិងការណែនាំពីលោក អ៊ុ រាត្រី ប្រធានគណៈបញ្ជាការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យដើម្បីលុបបំបាត់ កាត់បន្ថយបទល្មើសគ្រឿងញៀន និងក្រុមបងតូចបងធំ លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបក្លឹបកម្សាន្ដ និងហាងខារ៉ាអូខេដែលមានលួចលាក់បង្កប់ ជួញដូរគ្រឿងញៀននិងបទល្មើសផ្សេងៗ។

លោកបានបន្តថា: ចំពោះទីតាំងក្លឹបកម្សាន្តខាងលើ ត្រូវបានបិទបណ្តោះអាសន្នសិន៕