ពន្ធដារ

តើអ្វីខ្លះដែលត្រូវទទួលបានការអនុគ្រោះនិងលើកទឹកចិត្តចំពោះការអនុវត្តអាករលើតម្លៃបន្ថែម?

ភ្នំពេញ៖យោងតាមកម្មវិធីពន្ធដារកម្ពុជា ដែលបានផ្សាយផ្ទាល់លើហ្វេសប៊ុកផ្លូវការ របស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃ ទី២៣ ខែឧសភា ឆ្នាំ២០២៤ បានលើកយកប្រធានបទដ៏សំខាន់មួយ មកធ្វើបទបង្ហាញនិងពិភាក្សា គឺ អាករលើតម្លៃបន្ថែម

កម្មវិធីនោះមានការចូលរួមពីវាគ្មិនជាមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានពន្ធដារចំនួនពីររូប គឺ លោក ឆាយ ជាហេង អនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ និងលោក ឯក ពិសិដ្ឋ ប្រធានការិយាល័យនៃនាយកដ្ឋានគ្រប់គ្រងជាប់ពន្ធធំ។

ឆ្លើយតបទៅនឹងប្រធានបទ ស្តីពី អាករលើតម្លៃបន្ថែម វាគ្មិនក្នុងកម្មវិធីបានលើកឡើងឱ្យដឹងថា អាករលើតម្លៃបន្ថែម គឺសម្រាប់ប្រមូលប្រាក់ពន្ធមួយដ៏មានប្រសិទ្ធភាព និងលើកទឹកចិត្តឱ្យមានការអភិវឌ្ឍខាងធុរកិច្ច ដោយបានបំបាត់ឥទ្ធិពលពន្ធត្រួតស៊ីគ្នា តាមរយៈ ការអនុញ្ញាតឱ្យកាត់កងឥណទាន ព្រមទាំងជួយជំរុញការនាំចេញតាមរយៈអត្រាពន្ធសូន្យ។

ជាមួយគ្នានេះ ទំនិញឬសេវា និងសកម្មភាពសំខាន់ៗមួយចំនួន ដែលរួមចំណែកជាប្រយោជន៍សាធារណៈ ជាពិសេសមានភាពចាំបាច់ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ត្រូវបានចាត់ទុកជាការផ្គត់ផ្គង់មិនជាប់អាករ ផងដែរ ក្នុងនោះរួមមាន៖

១. សេវាសិក្សាអប់រំ

២. សេវាប្រៃសណីយ៍សាធារណៈ

៣. សេវារបស់មន្ទីរពេទ្យនិងគ្លីនិក សេវាខាងវេជ្ជសាស្រ្ត និងការលក់ទំនិញបន្ទាប់បន្សំខាងវេជ្ជសាស្រ្ត និងទន្តសាស្រ្តដែលទាក់ទិននិងការបំពេញសេវាទាំងនេះ។

៤. សេវាដឹកជញ្ជូនអ្នកដំណើរដោយប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដែលជាកម្មសិទ្ធិទាំងស្រុងរបស់រដ្ឋ

៥. សេវាធានារ៉ាប់រង

៦. ការផ្គត់ផ្គង់ថាមពលអគ្គិសនីនិងការផ្គត់ផ្គង់ទឹកស្អាត

៧. ផលិតផលកសិកម្មមិនទាន់កែច្នៃផលិតក្នុងស្រុក

៨. សេវាប្រមូលសំរាមនិងកាកសំណល់រឹងឬរាវ

៩. សេវាមូលដ្ឋានខាងហិរញ្ញវត្ថុ ដែលត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

១០. ការនាំចូលសម្ភារប្រើប្រាស់ផ្ទាល់ខ្លួន ដែលរួចពន្ធគយ ក្នុងកម្រិតតម្លៃដែលត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

១១. សកម្មភាពមិនស្វែងរកប្រាក់ចំណេញ ដើម្បីបម្រើផលប្រយោជន៍សាធារណៈ ដែលបានទទួលស្គាល់ដោយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ដើម្បីលើកកម្ពស់សកម្មភាពកសិកម្ម និងសម្រួលដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត អាករលើតម្លៃបន្ថែមចំពោះផលិតផលមួយចំនួន ដែលធ្វើការផ្គត់ផ្គង់ក្នុងស្រុកត្រូវបានចាត់ទុកជាបន្ទុករបស់រដ្ឋ ដែលជាអាទិ៍មាន សាច់និងស៊ុតសត្វចិញ្ចឹមគ្រប់ប្រភេទ ត្រីទឹកសាបនិងទឹកប្រៃគ្រប់ប្រភេទ ស្ករ អំបិល ទឹកត្រីនិងទឹកស៊ីអ៊ីវគ្រប់ប្រភេទ ព្រមទាំងអនុគ្រោះអាករលើតម្លៃបន្ថែម ជាបន្ទុករដ្ឋលើការនាំចូល និងផ្គត់ផ្គង់ទំនិញមួយចំនួន ជីគ្រប់ប្រភេទ ពូជដំណាំគ្រប់ប្រភេទ បសុឱសថ ចំណីសត្វ ពូជសត្វ គ្រឿងយន្ត និងឧបករណ៍កសិកម្មគ្រប់ប្រភេទ។

បន្ថែមពីនេះ ការអនុវត្តអាករលើតម្លៃបន្ថែមចំពោះការផលិត ការផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញនូវផលិតផលកសិកម្មមួយចំនួនផ្សេងទៀត រួមមាន ស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ ក៏ត្រូវបានចាត់ទុកជាបន្ទុករដ្ឋផងដែរ៕