សន្ដិសុខសង្គម

អភិបាលខេត្តកំពង់ចាមថានឹងបិទការធ្វើអាជីវកម្មបារីអេឡិចត្រូនិកនៅក្បែររបងសាលារៀន

ដោយ៖ គង់ហេង
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមថានឹងបិទការធ្វើអាជីវកម្មបារីប្រភេទអេឡិចត្រូនិក ដែលដាក់លក់នៅខាងមុខ ឬក្បែរសាលារៀន បន្ទាប់ពីឯកឧត្តមបញ្ជាឱ្យសមត្ថកិច្ចចុះពិនិត្យ នៅតាមបណ្តាសាលារៀនទូទាំងខេត្តមួយនេះរួច។

ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញចូលរួមខួបលើកទី ៧៥ ទិវាកុមារអន្តរជាតិ ១ មិថុនា ឆ្នាំ២០២៤ ដែលបានរៀបចំឡើងនៅក្នុងសាលាខេត្តកំពង់ចាម នៅព្រឹកថ្ងៃសៅរិ៍ ថ្ងៃទី ១ មិថុនាម្សិលមិញ។

ឯកឧត្តមបានមានប្រសាសន៍ថា៖ មួយរយៈកន្លងមកនេះរដ្ឋបាលខេត្ត បើកយុទ្ធនាការត្រួតពិនិត្យទឹកម៉ូត(ទឹកនោម) លើមន្រ្តីរាជការ កងកម្លាំង ហើយនៅពេលឆាប់ៗខាងមុខ ចូលដល់លោកគ្រូ អ្នកគ្រូ និងក្រុមគ្រូពេទ្យ នៅទូទាំងខេត្តកំពង់ចាម គឺបើរកឃើញមានសារធាតុគ្រឿងញៀនត្រូវដកយកចេញដូចគ្នាទាំងអស់។ ហើយយុទ្ធនាការដូចគ្នានេះ សម្រាប់ជំហានទី២ ត្រួតពិនិត្យ តាមសាលារៀន និងតាមមន្ទីរពេទ្យ គឺត្រូវធ្វើទាំងអស់។

ឯកឧត្តមបានបន្តថា៖ នេះគឺជាយន្តការ នៃការលុបបំបាត់សារធាតុញៀន គ្រឿងញៀន ការជួញដូរ ការប្រើប្រាស់ ការចរាចរគ្រឿងញៀន នៅក្នុងសហគមន៍របស់យើង ជាពិសេសមិនឱ្យគ្រឿងញៀននៅវិលវល់ក្នុងសាលារៀនតែម្តង។ ជាមួយនោះឯកឧត្តម ក៏សូមឱ្យសមត្ថកិច្ចពិនិត្យមើលការដាក់លក់បារីអេឡិចត្រូនិកនៅខាងមុខ ឬនៅក្បែរសាលារៀន គឺយើងនឹងបិទការលក់បារីប្រភេទនេះ ចោលទាំងអស់តែម្តង៕