អន្តរជាតិ

លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិកបានព្យាករថាសង្គ្រាមជាមួយចិនមិនមែនបញ្ជៀស មិនបាននោះទេ

ប្រែសម្រួល៖រតនា

លោក Lloyd Austin បានប្រាប់ក្រុមមន្ត្រីសន្តិសុខកំពូលៗកាលពីថ្ងៃសៅរ៍ថា សង្គ្រាមជាមួយចិន មិនមែនជារឿងជិតមកដល់ ឬមិនអាចជៀសមិនបាននោះទេ ទោះបីជាមានស្ថានការណ៏តានតឹងផ្នែកយោធាកាន់តែកើនឡើងយ៉ាងឆាប់រហ័សយ៉ាងណានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក៏ដោយ។

លោក Austin បានសង្កត់ធ្ងន់លើសារៈសំខាន់ក្នុងការសន្ទនាសាជាថ្មីរវាងលោក និងសមភាគីចិនដើម្បីបញ្ជៀសសង្គ្រាមដោយសារតែ”ការគណនាខុសឬមានការយល់ខុស”។

ការលើកឡើងរបស់លោក Austin នៅក្នុងវេទិកាការពារជាតិ Shangri-La ក្នុងប្រទេសសិង្ហបុរី បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោកបានជួបក្រៅផ្លូវការជាងមួយម៉ោងជាមួយរដ្ឋមន្ត្រីការពារជាតិចិន លោក Dong Jun ដែលជាជំនួបផ្ទាល់លើកដំបូងរវាងមន្ត្រីការពារជាតិកំពូលចាប់តាំងពីទំនាក់ទំនងរវាងអាមេរិក និងចិន។ កិច្ចសហការផ្នែកយោធារបស់ប្រទេសទាំងពីបានបែកបាក់គ្នាតាំងពីឆ្នាំ ២០២២ បន្ទាប់ពីប្រធានសភាអាមេរិកលោកស្រី Nancy Pelosi បានទៅធ្វើទស្សនកិច្ចនៅតៃវ៉ាន់បានធ្វើឲ្យក្រុងប៉េកាំងខឹងសម្បាយ៉ាងខ្លាំង។

ចិនបានអះអាងថាតៃវ៉ាន់ជាទឹកដីរបស់ខ្លួន និងមិនបានបោះបង់ការប្រើកម្លាំងទ័ពដើម្បីចាប់យកមកគ្រប់គ្រងឡើយរួមទាំងការទាមទារគ្រប់គ្រងតំបន់សមុទ្រចិនខាងត្បូង ដែលជាហេតុបង្កឲ្យមានការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងចិននិងប្រជាជាតិដទៃទៀតនៅក្នុងតំបន់សមុទ្រចិនខាងត្បូងជាពិសេសប្រទេសហ្វីលីពីន។

កាលពីយប់ថ្ងៃសុក្រ ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. បានគូសបញ្ជាក់យ៉ាងចំៗនៅក្នុងសេចក្តីថ្លែងការទៅកាន់វេទិកាការពារជាតិ Shangri-La ក្នុងប្រទេសសិង្ហបុរីនូវអ្វីដែលអាចបង្កឡើងជាបញ្ហាប្រសិនបើនៅក្នុងខណ:ពេលដែលឆ្មាំឆ្នេរសមុទ្រចិននិងកងនាវាជំនួញធ្វើឲ្យជនជាតិហ្វីលីពីនម្នាក់ត្រូវបានសម្លាប់ដោយសារតែការប៉ះទង្គិចគ្នាក្នុងឧបទ្ទវហេតុដែលបង្កឡើងដោយភាគីចិននៅក្នុងសសមុទ្រចិនខាងត្បូងដែលនឹងធ្វើឲ្យវាវិវឌ្ឍន៏ទៅជាសង្គ្រាមនោះយើងនឹងឆ្លើយតបស្របតាមស្ថានការណ៏ជាក់ស្តែង” ។

ប្រធានាធិបតីហ្វីលីពីនលោក Marcos បានបន្ថែមថា ”ដៃគូសន្ធិសញ្ញារបស់ហ្វីលីពីន ដែលរួមមានសហរដ្ឋអាមេរិក “ក៏ប្រកាន់ស្តង់ដារដូចគ្នាផងដែរ”។

ក្នុង​នោះលោក Austin បានលើក​សរសើរ​ពី​រចុំណុចដែល​លោក Marcos ”បានលើកឡើង​​ដែល​ហ្វីលីពីន​ប្រកាន់ជំហររឹងមាំដើម្បីការពារ​​អធិបតេយ្យភាព​របស់​ខ្លួន​ក្រោម​ច្បាប់​អន្តរជាតិ”។ ប៉ុន្តែ​​ក្រោយ​មក លោក Austin ​​មិនបានបញ្ជាក់​ថា តើ​អាមេរិក​​នឹង​មាន​ប្រតិកម្ម​យ៉ាងដូចម្តេច ប្រសិនបើ​ហ្វីលីពីន​ត្រូវ​បាន​ចិន​វាយប្រហារក្នុង​ការ​ប្រឈមមុខ​ដាក់​គ្នា​ដែលគាត់គ្រាន់តែហៅ​វា​ថា​គឺជា​សម្មតិកម្ម។

លោកបានអះអាងថា ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះប្រទេសហ្វីលីពីនក្នុងនាមជាដៃគូសន្ធិសញ្ញាគឺ “ជាដែកថែប”ដោយសង្កត់ធ្ងន់ម្តងទៀតអំពីសារៈសំខាន់នៃការសន្ទនាជាមួយប្រមុខការពារជាតិចិន។

លោក​បាន​លើកឡើងថា​៖ “យើង​ទទួល​ស្គាល់​ថា​អាចនឹងមានការបង្កហេតុមួយ​ចំនួន​ដែលនឹង​អាច​កើត​ឡើង​នៅ​លើដែនសមុទ្រ ឬដែន​​អាកាសជាដើមគឺជៀសមិនរួនោះទេក៏​ប៉ុន្តែ​គោលដៅ​របស់​យើង​គឺ​មិន​បណ្តោយឲ្យស្ថានការណ៏ឡើងកំដៅហួសពី​ការគ្រប់គ្រង​ដោយ​មិន​ចាំបាច់​នោះ​ទេ​”។

ទីក្រុងប៉េកាំងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះបាននិងកំពុងពង្រីកវិសាលភាពកងទ័ពជើងទឹករបស់ខ្លួនយ៉ាងឆាប់រហ័ស ហើយកំពុងអះអាងកាន់តែខ្លាំងឡើងក្នុងការទាមទារគ្រប់គ្រងសមុទ្រចិនខាងត្បូងស្ទើរតែទាំងអស់ ។

លោក Richard Marles ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីបានកត់សម្គាល់ថា មិនត្រឹមតែនាវារបស់ហ្វីលីពីននោះទេដែលរងការវាយប្រហារដោយប្រើកាណុងបាញ់ទឹករបស់ចិននោះនៅមានយន្តហោះចម្បាំងចិនបានបាញ់ភ្លើងពីលើឧទ្ធម្ភាគចក្រអូស្ត្រាលីកាលពីដើមឆ្នាំនេះ ហើយនៅក្នុងខែវិច្ឆិកាកងទ័ពជើងទឹកចិនបានធ្វើឲ្យអ្នក​មុជទឹក​អូស្ត្រាលីនៅ​ក្នុង​ដែនទឹក​ជប៉ុនរងរបួស​​។

លោក​បាន​បន្ត​ថា​៖ “​នៅ​ចំពោះ​មុខ​សភាពការណ៍​តានតឹង​បែប​នេះ​គឺចាំបាច់​​គ្រប់​ប្រទេស​ទាំងអស់ត្រូវ​ចូល​រួម​គ្រប់​គ្រង​ហានិភ័យ​ដែល​កំពុង​តែកើន​ឡើង”។

ទន្ទឹមនឹងនោះ សហរដ្ឋអាមេរិកបាននិងកំពុងបង្កើនសមយុទ្ធយោធានៅក្នុងតំបន់ជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីបង្ហាញពីកិច្ចការពារ “លំហសេរីភាពក្នុងការធ្វើនាវាចរណ៏ដោយបើកចំហនៅឥណ្ឌូប៉ាស៊ីហ្វិក” របស់ខ្លួនរួមទាំងនៅច្រកសមុទ្រតៃវ៉ាន់ផងដែរ។

លោក Cao Yanzhong ឧត្តមសេនីយចិន និងជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថានសិក្សាសង្គ្រាមរបស់ប្រទេសចិនបានសួរលោក Austin ថាតើសហរដ្ឋអាមេរិកកំពុងព្យាយាមបង្កើតអង្គការណាតូកូនកាត់នៅអាស៊ី ដោយយកលេសថាភាពជាដៃគូនៃសម្ព័ន្ធភាពដែលជាអន្តរកម្មប្រឆាំងចិន។

លោកបានចោទថា វាអាចជាការបង្កជម្លោះជាមួយចិន ដោយលោកបានលើកឡើងផងដែរអំពីការពង្រីកទៅទិសខាងកើតរបស់អង្គការណាតូដែលជាការគំរាមកំហែងដល់ប្រទេសរុស្សីដែលប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានប្រើជាលេសសម្រាប់ការលុកលុយចូលអ៊ុយក្រែន។

លោកឧត្តមសេនីយ Cao បានបន្តថា “ការពង្រីកខ្លួនទៅភាគខាងកើតរបស់អង្គការណាតូបាននាំឲ្យមានសង្ក្រាមនៅអ៊ុយក្រែនដូច្នេះតើអ្នកគិតថាការពង្រឹងប្រព័ន្ធសម្ព័ន្ធមិត្តកូនកាត់ណាតូរបស់អាមេរិកនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានផលប៉ះពាល់អ្វីខ្លះដល់សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ទាំងនេះ?”។

លោក Austin បានបកស្រាយថា សហរដ្ឋអាមេរិកគ្រាន់តែចង់សហការជាមួយ “ប្រទេសដែលមានគោលជំហរដូចគ្នា ដែលឲ្យតម្លៃគ្នាស្មើមុខស្មើមាត់” និងមិនព្យាយាមបង្កើតសម្ព័ន្ធមិត្តប្រភេទណាតូកូនកាត់នៅអាស៊ីនោះទេ។

លោក Austin បានលើកឡើងថា “វិបត្តិអ៊ុយក្រែនច្បាស់ណាស់គឺបណ្តាលមកពីលោក ពូទីន បានធ្វើការសម្រេចចិត្តដើម្បីឈ្លានពានអ្នកជិតខាងរបស់គាត់ដោយខុសច្បាប់” ។

ដោយមានក្តីបារម្ភដល់សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក លោកស្រីបណ្ឌិតសភាឥណ្ឌូនេស៊ី Dewi Fortuna Anwar បានបញ្ចេញយោបល់ថា ការបន្ថយភាពតានតឹងណាមួយ “យើងនឹងស្វាគមន៍” ប៉ុន្តែលោកស្រីមានការងឿងឆ្ងល់ថាតើសហរដ្ឋអាមេរិកនឹងនៅតែអនុញ្ញាតឲ្យយោធាចិនអះអាងដោយមិនជំទាស់ដោយគ្រាន់តែសង្កត់ធ្ងន់ជាចម្បងទៅលើការសន្ទនារវាងភាគគីទាំងពីរតែប៉ុណ្ណោះ។

លោកស្រីបាន​លើកឡើង​ថា​៖ “​យើង​ក៏​មាន​ការ​ព្រួយ​បារម្ភ​ផងដែរ​ប្រសិន​បើ​អ្នក​កក់ក្ដៅលើយន្តការ សន្ទនា​ពេកចំណែកយើង​នៅតែត្រូវបានគេ​ជាន់​ឈ្លី“​​។

លោក Austin បានបកស្រាយថា បញ្ហាជាច្រើនត្រូវបានដោះស្រាយយ៉ាងល្អបំផុតតាមរយៈការសន្ទនានិងពិភាក្សាគ្នា ក៏ប៉ុន្តែក៏ត្រូវធានាផងដែរថាក្រុងវ៉ាស៊ីនតោននឹងបន្តធានាថាសិទ្ធិរបស់ប្រជាជាតិនៅក្នុងតំបន់ត្រូវបានការពារ ហើយថាពួកគេនៅតែបន្តប្រើប្រាស់សិទ្ធិចូលទៅកាន់កាប់តំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ពួកគេ។

លោក Austin បាន​អះអាងថា​៖ “ ​សង្គ្រាម​​ជាមួយ​​ចិន​គឺ​មិនទាន់​មក​ដល់នោះ​ទេ នេះបើតាម​ទស្សនៈ​របស់​ខ្ញុំ”​។

លោក Austin បានសរុបសេចក្តីថា “មេដឹកនាំនៃប្រទេសមហាអំណាចត្រូវតែបន្តធ្វើការជាមួយគ្នាដើម្បីធានាថាយើងកំពុងធ្វើអ្វីៗដើម្បីកាត់បន្ថយការគណនាខុសនាំឲ្យមានការយល់ច្រឡំហេតុនេះហើយរាល់ការសន្ទនាមិនមែនជាការសន្ទនាដ៏សែនសប្បាយរីករាយនោះទេ ប៉ុន្តែវាសំខាន់ណាស់ដែលយើងត្រូវតែបន្តជជែកគ្នា។ ហើយ​វាក៏​សំខាន់​ណាស់​ដែល​យើងនៅតែប្រកា់ជហរដ៏រឹងមាំ​បន្ត​គាំទ្រ​សម្ព័ន្ធមិត្ត និង​ដៃគូ​របស់​យើងដើម្បីជួយការពារផលប្រយោជន៍​របស់​ពួកគេ’៕