ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមកាត់បន្ថយសំណល់ប្លាស្ទិកក្នុងតំបន់អង្គរ តាមរយៈការចែកដបទឹក ដល់មន្ត្រី-បុគ្គលិកប្រចាំការនៅប្រាសាទបន្ទាយស្រី

សៀមរាប៖ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌នៃអាជ្ញាធរជាតិអប្សរា នាំយកដបទឹកចំនួន៥០ ចែកជូនដល់ភ្នាក់ងារទេសចរ ភ្នាក់ងារសណ្តាប់ធ្នាប់ បុគ្គលិកនិងកម្មករនៃមណ្ឌលបដិសណ្ឋារកិច្ចចំនួន៥០នាក់ នៅប្រាសាទបន្ទាយស្រីសម្រាប់ច្រកទឹកពិសារប្រចាំថ្ងៃ ក្នុងបំណងរួមគ្នាកាត់បន្ថយការប្រើប្រាស់ដបប្លាស្ទិកផ្សេងៗ និងលើកកម្ពស់បរិស្ថាននៅក្នុងរមណីយដ្ឋានអង្គរឱ្យកាន់តែប្រសើរ។

(រូបភាព: លោក ចាន់ សំណាង)

លោក ចាន់ សំណាង ប្រធានគ្រប់គ្រងរួមនៃភ្នាក់ងារទេសចរ ឱ្យដឹងថា ការចែកជូនដបទឹកនេះ គឺចង់លើកទឹកចិត្តដល់មន្រ្តី-បុគ្គលិករបស់អាជ្ញាធរជាតិអប្សរា ដែលប្រចាំការនៅប្រាសាទបន្ទាយស្រី ដើម្បីធ្វើជាគំរូក្នុងការច្រកទឹកពីម៉ាស៊ីនចម្រុះទឹកស្អាត ដែលមានដាក់ឱ្យប្រើប្រាស់ និងបញ្ឈប់នូវការប្រើដបប្លាស្ទិកជាបន្តទៀត។

លោកស្រី ឈឹម រដ្ឋនា ប្រធានក្រុមភ្នាក់ងារទេសចរប្រចាំប្រាសាទបន្ទាយស្រី បានបង្ហាញសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង បន្ទាប់ពីទទួលបានដបទឹកថ្មី។ ក្នុងនាមជាប្រធានភ្នាក់ងារទេសចរនៅប្រាសាទបន្ទាយស្រី អ្នកស្រី ឈឹម រដ្ឋនា សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា ក៏ដូចជាអង្គការ GIZ ដែលបានផ្ដល់នូវដបទឹក ក្នុងគោលបំណងរួមគ្នាដើម្បីកម្ពុជាគ្មានប្លាស្ទិក។

(រូបភាព: លោក ចាន់ សំណាង)

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា និងអង្គការ GIZ បានរៀបចំកម្មវិធីសម្ពោធប្រព័ន្ធចម្រោះទឹកស្អាត នៅបរិវេណខាងមុខប្រាសាទបន្ទាយស្រី ដើម្បីជូនដល់មន្រ្តី-បុគ្គលិក អាជ្ញាធរ អ្នកលក់ដូរ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធពិសេសភ្ញៀវទេសចរ ដែលទៅកម្សាន្តនៅប្រាសាទបន្ទាយស្រីអាចពិសារ ក្នុងបំណងជួយកាត់បន្ថយ កាកសំណល់និងការបំពុលបរិស្ថានដោយសំសំណល់ប្លាស្ទិកនៅតំបន់រមណីយដ្ឋានអង្គរ៕

អត្ថបទ: លោក យី សុថា

(រូបភាព: លោក ចាន់ សំណាង)