ដោយ៖ គង់ហេង
ត្បូងឃ្មុំ៖ ឃាត់ខ្លួនបុរសជនជាតិចិនអាយុ ២៩ ឆ្នាំម្នាក់ដែលបើកបររថយន្តបត់ចូលស្ថានីយប្រេងបង្កឱ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៤២-១៤៣ ខាងមុខស្ថានីយប្រេងឥន្ធនៈ លី សេងលន់ ស្ថិតក្នុងភូមិស្ទឹងតូច ឃុំកក់ពញាក្រែក កាលពីក្បាលព្រលប់ថ្ងៃទី ៣១ ឧសភា។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងនៅថ្ងៃទី ១ មិថុនានេះថា៖ បុរសជាជនជាតិដែលត្រូវឃាត់ខ្លួននោះឈ្មោះ TAN SHENGHAI អាយុ ២៩ ឆ្នាំ មានទីលំនៅផ្លូវលេខ២២៨ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ និងជាអ្នកបើកបររថយន្តម៉ាកស្តារិច ពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ2AO-1163 ។
ប្រភពដដែលបានឱ្យដឹងទៀតថា៖ ការឃាត់ខ្លួនបុរសជនជាតិម្នាក់នេះធ្វើឡើងតាមការឯកភាពលោក ថា សាម្មឌី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ។
ប្រភពព័ត៌មាននោះបានបន្ថែមថា៖ ដោយឡែកខាងភាគីរងគ្រោះជាបុរសអាយុ ៣៥ ឆ្នាំ ដែលបានស្លាប់នៅនឹងកន្លែងកើតហេតុឈ្មោះ អ៊ួច សំរិត មានទីលំនៅភូមិវាលម្លូរ ឃុំវាលម្លូរ ជាអ្នកបើកបរម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានផ្លាកលេខ និងអ្នករួមដំណើរជាបុរសដែលរងរបួសធ្ងន់អាយុ ២៧ ឆ្នាំ នៅភូមិអម្ពិល ឃុំកក់ ស្រុកពញាក្រែក ឈ្មោះ ទុយ វុធ។
គួរបញ្ជាក់ថា នៅក្បាលព្រលប់ថ្ងៃទី ៣១ ឧសភា មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងនៅចំណុចកើតហេតុខាងលើរវាងរថយន្ត និងម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ជាភាគីខាងម៉ូតូ។ ចំណែកខាងរថយន្តជាតៃកុងគ្មានរបួសទេ ប៉ុន្តែមូលហេតុបង្កឱ្យមានគ្រោះថ្នាក់ស្លាប់ និងរបួសនេះ ហើយឈានដល់ការឃាត់ខ្លួនអ្នកបើកបររថយន្ត ដោយសារការបត់ក្នុងស្ថានភាពគ្រោះថ្នាក់៕