សន្ដិសុខសង្គម

៣ថ្ងៃក្រោយទើបរកឃើញសពមន្រ្តីយោធាម្នាក់លិចទូកនៅកោះទន្សាយ

ដោយ÷សុខុម
ស្ទឹងត្រែង÷មន្រ្តីយោធាការពារ ព្រំដែនវរៈ១០១ម្នាក់ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងខេត្តស្ទឹងត្រែងបានបាត់ខ្លួនកាលពីថ្ងៃទី២៩ ឧសភា ២០២៤ ពេលជិះទូកជាមួយមិត្តភក្ដិ មកដល់ព្រឹកថ្ងៃទី៣១ ឧសភា នេះបានរកឃើញសពហើយ។

តាមប្រភពមន្ត្រីបានឲ្យដឹងថា កាលពីថ្ងៃទី២៩ឧសភា មន្ត្រីយោធាមានគ្នា៣នាក់ជិះទូកទៅបង់សំណាញ់ដើម្បីចាប់ត្រីយកមកធ្វើម្ហូបនៅចំណុចក្បែរស្ពានកោះទន្សាយ ស្ថិតក្នុងឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។ តំបន់ដែលអ្នកទាំងបីទៅនេសាទត្រីនោះ គឺជាទឹកហូរខ្លាំង បានបោកទូកតូចមួយលិច អណ្ដែតតាមទឹកមានចម្ងាយប្រហែល២០ម៉ែត្រពីសសរស្ពានមកមាត់ច្រាំង។

នៅក្នុងឧបទ្ទវហេតុនោះ មនុស្សពីរនាក់ហែលទឹកឡើងគោក។ចំណែកឈ្មោះនួន ម៉ានី មានឋានៈពលបាលឯក ជាមន្ត្រីយោធានៅវរការពារព្រំដែន១០១ មានភារកិច្ចឈរជើងការពារក្រវាត់ព្រំដែនក្បែស្ពានកោះទន្សាយហែលមកគោកមិនទាន់ ហើយក៏បានបាត់ខ្លួនសូន្យឈឹង។

លុះមកដល់បីថ្ងៃក្រោយនៅព្រឹកថ្ងៃទី៣១ ឧសភា គេបានរកឃើញសពមន្ត្រីយោធាដែលបាត់ខ្លួននោះ នៅចំណុចក្រោមស្ពានកោះទន្សាយ ចម្ងាយប្រមាណ៩០ម៉ែត្រពីកន្លែងលិចទូក ។ សមត្ថកិច្ចបានធ្វើកោសល្យវិច័យមុនប្រគល់សពជូនគ្រួសារយកទៅធ្វើបុណ្យ៕