សន្ដិសុខសង្គម

ចាប់ខ្លួនក្មេងទំនើង៣នាក់ ដកហូតបានដាវ៣ដើម ខណៈជិះម៉ូតូដើរកា.ប់គ្នាពេលរាត្រីនៅក្រុងប៉ោយប៉ែត

ដោយ ៖ បន្ទាយ

បន្ទាយមានជ័យ៖ ដើម្បីធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណះនិងសុវត្ថិភាពសង្គម លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងនគរបាលទូទាំងខេត្តត្រូវពង្រឹងការទប់ស្កាត់ និងបង្ក្រាបរាល់ទបទល្មើស ពិសេសបទល្មើសព្រហ្មទណ្ឌ បទល្មើសជួញដូរគ្រឿងញៀន បទល្មើសជួញដូរមនុស្ស និងក្មេងទំនើង ធ្វើយ៉ាងណាឲ្យថយចុះជាលំដាប់។

ក្នុងនោះកាលពីថ្ងៃទី២៨ ខែឧសភាឆ្នាំ២០២៤ វេលាម៉ោង២២:៣០នាទី យប់.កម្លាំងនគរបាលអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល និងកម្លាំងប្រជាការពារ បានល្បាតក្នុងភូមិសាស្ត្រ ចំណុចបុរី ទៀ ឆាយហាក់ ភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ពេលនោះបានប្រទះឃើញក្មេងទំនើងចំនួន៣នាក់ ជិះម៉ូតូ០១គ្រឿង គួរអោយសង្ស័យ នគរបាលបានឃាត់ត្រួតពិនិត្យ រកឃើញកាំបិតចំនួន០២ដើម កែវសម្រាប់ប្រើប្រាស់គ្រឿងញៀន១ ដែកកេះ១ បំពង់ទុយោ១ ភ្លាមនោះក្មេងទំនើងទាំង៣នាក់ត្រូវបាននាំយកទៅសួរនាំនៅប៉ុស្តិ៍រដ្ឋបាលប៉ោយប៉ែត។

មន្ត្រីនគរបាលចម្រុះក្រុងប៉ោយប៉ែតបានឲ្យដឹងថា :ក្មេងទំនើងទាំង៣នាក់ដែលត្រូវឃាត់ខ្លួននាំ រួមាន៖ ១-ឈ្មោះ  វង្ស រស្មី ភេទ ប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត មានមុខរបរមិនពិតប្រាកដ។ ២-ឈ្មោះ ដូច សុភក្រ័ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិប្រជាធម្មកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត អ្នកស៊ីឈ្នួលដឹកបាយ។ ៣-ឈ្មោះ ថន ភារម្យ ភេទប្រុស អាយុ១៦ឆ្នាំ ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មានមុខរបរមិនពិតប្រាកដ។

នៅចំពោះមុខសមត្ថកិច្ចសួរនាំ ក្មេងទំនើងទាំង៣នាក់ បានឆ្លើយសារភាពថា ក្រុមរបស់ខ្លួនកំពុងអង្គុយលេងនៅចំការដូង បុរីទៀ ឆាយហាក់ ស្រាប់តែមានក្មេងស្ទាវមួយក្រុមជិះម៉ូតូ៥-៦រឿង គ្នាប្រហែលជិត២០នាក់ និងប្រដាប់ដោយកាំបិតមួយដើម ។

ពួកគេនោះបានដើរមកក្បែរក្រុមខ្លួនបាននិយាយថា:”ពួកហែងនិយាយឮខ្លាំងម្ល៉េះ ? ប្រយ័ត្នអញយកកាំបិតពុះក្បាលពួកហែង  ! ពេលនោះពួកខ្លួនបានជិះម៉ូតូទៅយកកាំបិតចំនួន២ដើម ដើម្បីមករកក្រុមទាំងនោះ ធ្វើការសងសឹក តែត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនសួរនាំតែម្តង”។

ការិយាល័យនគរបាលកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនាថ្ងៃទី៣០ខែឧសភាឆ្នាំ២០២៤ បាននិងកំពុងសួរចម្លើយបន្តដើម្បីកសាងសំណុំរឿងក្មេងទំនើងទាំង៣នាក់ ដើម្បីបញ្ជូនទៅតុលាការខេត្តចាត់ការតាមនីតិវិធី៕