ដោយ : បន្ទាយ
បន្ទាយមានជ័យ៖អធិការ អធិការរងនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដែលទទួលបានការផ្ទេរភារកិច្ចនិងតែងតាំងត្រូវបានធ្វើពិធីប្រកាសចូលកាន់តំណែងកាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីនោះ ។
នាយការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានអានប្រកាសស្តីពីការផ្ទេរនិងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិលេខ២៣៨២ប្រកចុះថ្ងៃទី២០ខែឧសភាឆ្នាំ២០២៤ ចុះហត្ថលេខាដោយលោកអភិសន្តិបណ្ឌិតស សុខា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិចំនួន២រូបនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ គឺលោកវរសេនីយ៍ទោព្រហ្ម ពិសិដ្ឋ អត្តលេខ២២៦១៣ អធិការរង ជាអធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ។
ដោយឡែកលិខិតអគ្គស្នងការដ្ឋាននគរបាលជាតិក៏បានតែងតៃងលោកវរសេនីយ៍ទោ រ៉ែន សុភ័ក្រ្ត ជា អធិការរងទទួលការងារនគរបាលយុត្តិធម៌ ដែលជាកៅអីចាស់របសលោកព្រហ្មពិសិដ្ឋ ផងដែរ ។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត មានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង នាយការិយាល័យ លោកអធិការក្រុងស្រុក លោកមេបញ្ជាវរ នាយ នាយរងផ្នែក នាយប៉ុស្តិ៍ និងមន្ត្រីនគរបាលជាច្រើនរូប។ ក្រៅពីនេះក៏មានការអញ្ជើញចូលរួមពីស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ភ្ញៀវជាតិ អន្តរជាតិជាច្រើននាក់ផងដែរ។
លោកវរសេនីយ៍ទោព្រហ្ម ពិសិដ្ឋ បានប្តេជ្ញាចិត្តថា នឹងខិតខំបំពេញតួនាទី ភារកិច្ចអោយបានលទ្ធផលល្អ មានប្រសិទ្ធភាពនិងប្រកបដោយការទទួលខុសត្រូវ ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានមានមតិផ្តាំផ្ញើនិងជម្រុញដល់លោកអធិការដែលទើបចូលកាន់តំណែងថ្មី ត្រូវយកចិត្តទុកដាក់ ដឹកនាំកម្លាំង អនុវត្ត តួនាទី ភារកិច្ច ឲ្យបានល្អ និងត្រូវបន្តវាយតម្លៃលើសភាពការណ៍ក្នុងភូមិសាស្ត្ររបស់ខ្លួនដើម្បីបង្ការទប់ស្កាត់ បង្រ្កាប ដល់ឬសគល់ ហើយត្រូវបង្ក្រាបបទល្មើសគ្រប់ប្រភេទ បទល្មើសព្រហ្មទណ្ឌ បទល្មើសជួញដូរគ្រឿងញៀន និងក្មេងទំនើង ដើម្បីធានាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណះជូនប្រជាពលរដ្ឋ និងសង្គមជាតិ។
លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ. បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់នគរបាលក្រុងប៉ោយប៉ែត និងបណ្តាអធិការនគរបាលគ្រប់ក្រុងស្រុកទាំងអស់ ត្រូវពង្រឹង ការផ្តល់សេវាសាធារណះ ការទទួលបណ្តឹង និងឆ្លើយតបសំណូមពររបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព សុក្រឹតភាព និងយុត្តិធម៌៕