ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យកាលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការចោទប្រកាន់ក្រុមក្មេងទំនើងដែលជាជនសង្ស័យចំនួន៤នាក់ ចោទពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។
បើយោងលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានអោយដឹងថា: កម្លាំងបានចុះប្រតិបត្តិការស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ មាន៖ ១.ឈ្មោះ នូវ កក្កដា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ២.ឈ្មោះ ជាន សុវណ្ណត ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ។ ៣.ឈ្មោះ ពៅ សារ៉ាន់ ភេទប្រុស អាយុ១៧ ឆ្នាំទីលំនៅភូមិ/ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតនិង ៤.ឈ្មោះ ឡុង ប៊ុនលាភ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិ/ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
ជនសង្ស័យពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តកាលពីវេលាម៉ោង១១ ថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២៤ នៅចំណុចសាលារៀនជីវិតថ្មី ស្ថិតនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតវត្ថុតាងម៉ូតូ១គ្រឿង ។
ការឃាត់ខ្លួននេះយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ រិន រីន ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សំណុំរឿង វត្ថុតាងនិងជនសង្ស័យត្រូវបានការិយាល័យជំនាញនៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យទទួល សួរចម្លើយបន្ថែម ហើយកសាងបញ្ជូនទៅការិយាល័យនៃអយ្យការអមសាលាដំបូងខេត្ត។
នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ការិយាល័យព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្ត បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណីហិង្សាដោយចេតនា ស្ថានទម្ងន់ទោស ដែលបង្កដោយក្រុមក្មេងទំនើងមួយក្រុម បានធ្វើសកម្មភាពយកខ្សែក្រវាត់វាយទៅលើជនរងគ្រោះឈ្មោះ រិន រិន ភេទប្រុស អាយុ១៨ឆ្នាំ បណ្តាលឱ្យបែកក្បាល ហើយក្រុមជនសង្ស័យបាននាំគ្នាគេចខ្លួន ។ក្រោយមកកម្លាំងកងរាជអាវុធហត្ថបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ចំនួន ០៤នាក់ មានឈ្មោះ នូវ កក្កដា ភេទប្រុស អាយុ១៧ឆ្នាំ ឈ្មោះ ជាន សុវណ្ណត ភេទប្រុស អាយុ១៧ឆ្នាំ ឈ្មោះ ពៅ សារ៉ាន់ ភេទប្រុស អាយុ១៧ឆ្នាំ និង ឈ្មោះ ឡុង ប៊ុនលាភ ភេទប្រុស អាយុ១៧ឆ្នាំ ។
បន្ទាប់ពីបានពិនិត្យភស្តុតាង សាកសួរលើជនសង្ស័យទាំង ០៤នាក់តាមនីតិវិធីរួចមក តំណាងអយ្យការសម្រេចចោទប្រកាន់ជនសង្ស័យទាំង០៤នាក់ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមបញ្ញត្តិមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤៕