ប្រែសម្រួល៖ រតនា
ទីបញ្ជាការកណ្តាលរបស់កងយោធាអាមេរិកបានថ្លែងថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់ក្រុម Houthi ដែលបាញ់ចេញពីទឹកដីយេម៉ែនកាលពីព្រឹកថ្ងៃចន្ទនៅវេលាម៉ោងប្រហែល ៤ ទៀបភ្លឺនៅលើសមុទ្រក្រហម។ យោធាអាមេរិកបានចាត់ទុកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់ក្រុម Houthi ថាជាទង្វើអរិភាពបង្កហេតុយ៉ាងធ្ងន់ធ្ងរ។
ទីបញ្ជាការកណ្តាលរបស់កងយោធាអាមេរិកបានចេញសេចក្តីថ្លែងការណ៍មួយថា “ការគំរាមកំហែងមកលើនាវាពាណិជ្ជកម្មនៅក្នុងតំបន់ទាំងនេះត្រូវបានរារាំងដើម្បីការពារសេរីភាពក្នុងការធ្វើនាវាចរណ៍ និងធានាដល់សុវត្ថិភាពដែនទឹកអន្តរជាតិឲ្យកាន់តែប្រសើរជាងមុនសម្រាប់កងនាវារបស់សហរដ្ឋអាមេរិក សម្ព័ន្ធ និងនាវាជំនួញធ្វើនាវាចរណ៍បានដោយសេរី”។
នៅថ្ងៃចន្ទ ក្រុម Houthis បានអះអាងថាខ្លួនបានវាយប្រហារលើនាវាពិឃាតពីរគ្រឿងរួមទាំងនាវាពាណិជ្ជកម្មចំនួន ៣គ្រឿង នៅសមុទ្រក្រហម និងមហាសមុទ្រឥណ្ឌា នេះបើយោងតាមទីភ្នាក់ងារ Reuters ។ ការវាយប្រហាររបស់កងយោធាអាមេរិកធ្វើឡើងបន្ទាប់ពីក្រុមឧទ្ទាម Houthi នៅក្នុងប្រទេសយេម៉ែនបានអះអាងថាខ្លួនបានបាញ់ទម្លាក់យន្តហោះ MQ-9 Reaperរបស់សហរដ្ឋអាមេរិក ពីលើខេត្ត Marib និងយន្តហោះគ្មានមនុស្សបើក MQ-9 Reaper ទីពីររបស់អាមេរិកនៅក្នុងប៉ុន្មានថ្ងៃក្រោយមក។
ភាពតានតឹងរវាងក្រុមឧទ្ទាម Houthi ដែលជាក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិកាយ Shia គាំទ្រដោយអ៊ីរ៉ង់ ជាមួយនិងអាមេរិករួមទាំងសម្ព័ន្ធមិត្តលោកខាងលិចបានផ្ទុះឡើងភ្លាមៗបន្ទាប់ពីមានសង្រ្គាមអ៊ីស្រាអែល និងហាម៉ាសកាលពីចុងឆ្នាំមុន។
ចាប់តាំងពីពេលនោះមកកងយាធាអាមេរិកបានបាញ់ទម្លាក់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកមួយចំនួនរបស់ក្រុម Houthi ដែលជាកងកម្លាំងរបស់អ៊ីរ៉ង់នៅក្នុងតំបន់។
ក្រុម Houthis បានអះអាងថា ការវាយប្រហាររបស់ពួកគេគឺជាសញ្ញានៃសាមគ្គីភាពជាមួយក្រុមហាម៉ាស។
កាលពីខែមករា ប្រធានាធិបតី Biden បានចាត់បញ្ជូលក្រុម Houthi នៅក្នុងបញ្ជីខ្មៅឡើងវិញថាជាអង្គការភេរវករ បន្ទាប់ពីបានលុបឈ្មោះក្រុមនេះកាលពីឆ្នាំ ២០២១ ដែលផ្ទុយគ្នានិងគោលនយោបាយរបស់រដ្ឋបាលលោកTrump ។
កងយោធាអាមេរិកក៏បានធ្វើការវាយប្រហារលើគោលដៅដែលគាំទ្រដោយក្រុម Houthi កាលពីដើមឆ្នាំនេះ បន្ទាប់ពីក្រុម Houthis បានបង្កការគម្រាមកំហែងមកលើផ្លូវដឹកជញ្ជូនដ៏សំខាន់នៅលើសមុទ្រក្រហម៕