ប្រែសម្រួល៖ ស្រីស្រស់
កងទ័ពអាកាសអាមេរិកបានបញ្ចេញរូបភាពយន្តហោះបំបាំងកាយនុយក្លេអ៊ែរសេរីថ្មីB-21 Raider លើកដំបូងដែលគេរំពឹងថាវាគឺជា “ឆ្អឹងខ្នង” យុទ្ធសាស្រ្តសម្រាប់ប្រតិបត្តិការតាមផ្លូវអាកាសចាប់ពីឆ្នាំក្រោយទៅ។
យន្តហោះ B-21 Raider ដ៏អស្ចារ្យដែលបានបង្ហាញជាលើកដំបូងកាលពីចុងឆ្នាំមុន ត្រូវបានគេថតយករូបភាពនៅក្នុងអំឡុងពេលដែលកំពុងហោះសាកល្បងធ្វើតេស្តទាំងនៅលើដីនិងលើអាកាសក្នុងមូលដ្ឋានទ័ពអាកាស Edwards ក្នុងរដ្ឋកាលីហ្វ័រញ៉ា។
កងទ័ពអាកាសអាមេរិកUSAF បានពន្យល់នៅក្នុងសេចក្តីថ្លែងការណ៍ថា “B-21 Raider គឺជាយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយវាយប្រហាររយៈចម្ងាយឆ្ងាយ ដែលធានាសុវត្ថិភាពបានខ្ពស់នឹងត្រូវដាក់ជំនួសមកវិញនូវយន្តហោះទម្លាក់គ្រាប់បែក B-1 និង B-2 ហើយនឹងដើរតួយ៉ាងសំខាន់ក្នុងការគាំទ្រដល់គោលដៅការពារសន្តិសុខជាតិ” ។
វាពិបាកនឹងត្រូវបានគេមើលឃើញនៅលើអាកាស វាមានសក្ដានុពលខ្ពស់ដែលអាចផ្ទុកនុយក្លេអ៊ែរ និងបន្ទុកធម្មតាប្រកបដោយទំនើបកម្មដ៏ជឿនលឿនជាងយន្តហោះបច្ចុប្បន្នដទៃទៀត។
វាមិនត្រឹមតែមានបច្ចេកវិទ្យាខ្ពស់នោះទេ វាគឺជា “យន្តហោះដំបូងគេដែលមានវង់ប្រតិបត្តិការឌីជីថល”។
កងយោធាអាមេរិកសង្ឃឹមថាវានឹងត្រៀមខ្លួនហោះហើរបំបាំងកាយចាប់ពីរដូវផ្ការីកឆ្នាំក្រោយនេះហើយ។
ជំនួយការលេខានៃកងទ័ពអាកាសផ្នែក បច្ចេកវិទ្យា និងភស្តុភារ លោក Andrew Hunter បាននិយាយក្នុងអំឡុងពេលមានវត្តមាននៅចំពោះមុខគណៈកម្មាធិការសេវាកម្មអាវុធព្រឹទ្ធសភាកាលពីសប្តាហ៍មុនថា “យើងស្ថិតនៅក្នុងកម្មវិធីសាកល្បងហោះហើរ កម្មវិធីសាកល្បងហោះហើរនេះកំពុងដំណើរការយ៉ាងល្អ” ។
លោកបានបន្ថែមថា “យើងកំពុងធ្វើតេស្តកម្មវិធីហោះហើរដែលត្រូវបានបំពាក់ដើម្បីជួយឲ្យយើងស្វែងយល់អំពីលក្ខណៈពិសេសៗរបស់យន្តហោះដែលជាកម្មវិធីដ៏មានប្រសិទ្ធភាពបំផុតមួយ”។
UAF បានបង្ហោះថា “វាត្រូវបានរចនាឡើងដើម្បីរារាំងរាល់ការគំរាមកំហែងកម្រិតខ្ពស់មិនចំពោះតែនៅលើដីឬនៅលើអាកាសនោះទេ។ សម្រាប់ថ្ងៃស្អែក B-21 Raider នឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងកិច្ចប្រតិបត្តិការលើដែនអាកាសសម្រាប់រយ:ពេលដ៏យូរអង្វែងរបស់កងទ័ពអាកាសអាមេរិក” ។
USAF បាននិយាយថា B-21 Raider មានឈ្មោះរបស់វាតាំងពីឆ្នាំ ១៩៤២ហៅថា Doolittle Raid ដែលជាយន្តហោះទម្លាក់គ្រាប់បែកលើទីក្រុងតូក្យូប្រទេសជប៉ុន ហើយត្រូវបានផលិតឡើងដោយក្រុមហ៊ុន Northrop Grumman។
នៅពេលដែល B-21 Raider ចូលបម្រើការវានឹងត្រូវដាក់ឲ្យដំណើរការជាចម្បងចេញពីមូលដ្ឋានទ័ពអាកាស Ellsworth ក្នុងរដ្ឋ South Dakota ដែលមានមូលដ្ឋានទ័ពអាកាស Whiteman នៅ MIssouri និងមូលដ្ឋាន Dyess AIr Force Base ក្នុងរដ្ឋតិចសាស់ដែលជាមូលដ្ឋានទ័ពអាកាសបម្រុង៕