សន្ដិសុខសង្គម

ផ្ទុះមីនតោនស្លាប់សមាជិកក្រុមប្រឹក្សាឃុំម្នាក់ពេលកំពុងបើកត្រាក់ទ័រភ្ជួរដីធ្វើកសិកម្ម

ដោយ ៖ សុខុម
ព្រះវិហារ ៖សមាជិកក្រុមប្រឹក្សាឃុំម្នាក់បាត់បង់ជីវិតពេលកំពុងបើកបរត្រាក់ទ័រភ្ជួរដីដើម្បីដាំដំឡូងមីហើយជាន់ចំមីនតោនផ្ទុះកាលពីថ្ងៃទី២៦ ឧសភា២០២៤ នៅភូមិសែនតេជះ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សមត្ថកិច្ចបានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ ថោង ចន ភេទប្រុស អាយុ ៣៨ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាឃុំរំដោះស្រែ រស់នៅក្នុងភូមិស្វាយ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ សមាជិកក្រុមប្រឹក្សាឃុំខាងលើទំនេរពីការងាររដ្ឋឆ្លៀតពេលបើកបរត្រាក់ទ័រតែម្នាក់ឯងដើម្បីភ្ជួរដីដាំដំឡូងមី។គាប់ជួនពេលនោះត្រាក់ទ័រក៏បានជាន់ចំមីនតោនដែលកប់នៅក្នុងដីបន្សល់តាំងពីសម័យសង្គ្រាមផ្ទុះឮយ៉ាងខ្លាំងបណ្ដាលឱ្យអ្នកបើកត្រាក់ទ័រស្លាប់ក្រោយពេលក្រុមគ្រួសារបញ្ជូនទៅដល់មណ្ឌលសុខភាពសែនតេជះឃុំមរកត ។

ក្រោយពីមានករណីកើតឡើងជាច្រើនដងពីករណីភ្ជួរដីផ្ទុះមីនតោន អាជ្ញាធរមានសមត្ថកិច្ចដាស់តឿនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នមុននឹងភ្ជួរដីធ្វើកសិកម្ម ប្រជាពលរដ្ឋត្រូវសួរនាំអាជ្ញាធរមានសមត្ថកិច្ចជាមុនសិនដើម្បីជៀសវាងគ្រោះអកុសលកើតឡើង ៕