ពន្ធដារ

អគ្គនាយកដ្ឋានពន្ធដារចេញសេចក្តីជូនដំណឹងស្តីពីកាលបរិច្ឆេទចុងក្រោយនៃការបញ្ជូនរបាយការណ៍គណនីជនជាតិអាមេរិកក្រោមកិច្ចព្រមព្រៀង FATCA សម្រាប់ឆ្នាំប្រតិទិន២០២៣

ភ្នំពេញ៖ យោងលើសេចក្តីជូនដំណឹងលេខ១៧៥៦០ អពដ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ (ដូចមានចែងក្នុងប្រការ៤ នៃប្រកាសស្តីពីការអនុវត្តកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក-FATCA) ត្រូវបញ្ជូនរបាយការណ៍គណនីជនជាតិអាមេរិកដែលត្រូវរាយការណ៍សម្រាប់ឆ្នាំប្រតិទិន២០២៣ទៅអាជ្ញាធរចំណូលផ្ទៃក្នុងសហរដ្ឋអាមេរិក (U.S Internal Revenue Service-IRS) តាមរយៈអគ្គនាយកដ្ឋានពន្ធដារ ឱ្យបានត្រឹមថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ជាកំហិត។

ក្នុងសេចក្តីជូនដំណឹងនេះក៏បានបញ្ជាក់បន្ថែមផងដែរថាគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ត្រូវពិនិត្យនិងផ្ទៀងផ្ទាត់របាយការណ៍ព័ត៌មានគណនីជនជាតិអាមេរិកដែលត្រូវរាយការណ៍តាមទម្រង់ និងបទដ្ឋានរបស់ IRS ឱ្យបានត្រឹមត្រូវ មុននឹងបញ្ជូនរបាយការណ៍នេះទៅក្នុងប្រព័ន្ធបញ្ជូនរបាយការណ៍ IDES Gateway ដោយអគ្គនាយកដ្ឋានពន្ធដារនឹងសម្របសម្រួលបញ្ជូនបន្តទៅ IRS។

ក្នុងករណីមានកំហុសនិងហួសកាលកំណត់គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ដែលស្ថិតនៅក្រោមកាតព្វកិច្ចរាយការណ៍អនុលោមភាពតាមកិច្ចព្រមព្រៀង FATCA ត្រូវទទួលខុសត្រូវដោយខ្លួនឯងចំពោះការពិន័យនានា អនុលោមតាមកិច្ចព្រមព្រៀងនិងប្រកាសជាធរមាន។ ទន្ទឹមនឹងនេះ ធនាគារ សហគ្រាសធានារ៉ាប់រង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនមូលបត្រ និងស្ថាប័នប្រហាក់ប្រហែលអាចចូលទៅកាន់គេហទំព័រ fatca.gov.kh ដើម្បីទាញយក HCTA Public key, IRS Public Key នឹងទទួលបានព័ត៌មានទាក់ទិននឹងតម្រូវការ FATCA របស់ IRS៕