សន្ដិសុខសង្គម

ចាប់ខ្លួនបានចោរប្លន់ថៅកែលក់គ្រឿងសំណង់នៅខេត្តឧត្តរមានជ័យ

ដោយ÷សុខុម
សៀមរាប ៖សមត្ថកិច្ចកងរាជអាវុធហត្ថកាលពីថ្ងៃទី២៦ឧសភា ឆ្នាំ២០២៤ បានចាប់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធនឹងករណីប្លន់សម្លាប់ថៅកែលក់គ្រឿងសំណង់នៅខេត្តឧត្តរមានជ័យហើយបានរត់គេចមកដល់ខេត្តសៀមរាបបានមួយថ្ងៃ។

សមត្ថកិច្ចបាននិយាយឲ្យដឹងថា កម្លាំងកងរាជអាវុធហត្ថបង្ក្រាបបានចោរប្លន់នៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយកម្លាំងការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្តសៀមរាប អាវុធហត្ថស្រុកប្រាសាទបាគង កម្លាំងព្រហ្មទណ្ឌកងរាជអាវុធហត្ថមកពីខេត្តឧត្តរមានជ័យ ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យឈ្មោះទ្រី សុជា ភេទស្រី អាយុ២៨ឆ្នាំ រស់នៅភូមិលលៃ ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងឈ្មោះ អ៊ន់ ប៊ុនឡុង ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្ស រស់នៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

សមត្ថកិច្ចអាវុធហត្ថដកហូតវត្ថុតាងបាន៖ លោហធាតុពណ៌លឿង ខ្សែក០១ខ្សែ,ទូរសព្ទ០២គ្រឿង
,លោហធាតុពណ៌លឿងចិញ្ចៀន០២វង់,ម៉ូតូម៉ាក ហុងដាឃ្លីក០១គ្រឿង។

គេនៅមិនទាន់ដឹងចម្លើយអំពីមូលហេតុដែលជនសង្ស័យទាំងពីរនាក់ប្លន់ថៅកែគ្រឿងសំណង់នោះនៅឡើយ។
ក្រោយពីបញ្ចប់នីតិវិធីនៅខេត្តសៀមរាប កម្លាំងសមត្ថកិច្ចក៏បានបញ្ជូនជនសង្ស័យនិងវត្ថុតាងប្រគល់ជូនការិយាល័យជំនាញអាវុធហត្ថខេត្តឧត្តរមានជ័យដើម្បីបន្តនីតិវិធី។

សូមបញ្ជាក់ថា ជនរងគ្រោះឈ្មោះ សួស សត្ថា អាយុ៥៥ឆ្នាំ គឺជាម្ចាស់ដេប៉ូលក់គ្រឿងសំណង់ យីហោ ថា ស៊ី នាថ ស្ថិតក្នុងភូមិគោករំដួល សង្កាត់សំរោង ក្រុងសំរោង  ខេត្តឧត្តរមានជ័យ។ ចោរបានចូលប្លន់សម្លាប់ជនរងគ្រោះនៅក្នុងផ្ទះពេលកំពុងសម្រាកលង់លក់នៅវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤៕