ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ និងក្រុមគ្រួសារនាំអំណោយលោកអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្រ្តីនិងលោកស្រីទៅប្រគល់ជូនដល់កុមារកំព្រាវិសាខានៃក្តីសង្ឃឹម

ដោយ : បន្ទាយ
បន្ទាយមានជ័យ៖ កាលពីព្រឹកថ្ងៃទី២៦ខែ ឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងក្រុមគ្រួសារ បាននាំយកគ្រឿងឧបភោគ បរិភោគនិងសម្ភារសិក្សា ដែលជាអំណោយដ៍ថ្លៃថ្លារបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី ប្រធានកិត្តិយសក្រុមការងារយេនឌ័ររបស់ក្រសួងមហាផ្ទៃ ទៅប្រគល់ជូនដល់ កុមារកំព្រា សម្រាប់ប្រើប្រាស់ និងហូប ចំនួន ១៣២ នាក់ ដែលកំពុងស្នាក់នៅ និងរៀនសូត្រ នៅមណ្ឌលកុមារកំព្រាវិសាខា នៃក្តីសង្ឃឹម វត្តខ្ចាស់ ។

យោងអ្នករៀបចំបានអោយដឹងថា: អំណោយ រួមមាន៖ ១-ថវិកាចំនួន ២.០០០.០០០រៀល, ២-អង្ករ ចំនួន ៣តោន, ៣-ប៊ីចេង ចំនួន ២០គីឡូក្រាម, ៤-មីចំនួន ៦កេសធំ, ៥-នំប័ងចំនួន ៤០០នំ, ៦-សម្ភារសិក្សា មានប៊ិក សៀវ ខ្មៅដៃ ចំនួន១៥០ប្រអប់, ៧-ទឹកសុទ្ធ វិតាល់ចំនួន ១៣កេស, ៨-ឧបត្ថម្ភថវិកាជួយគណៈគ្រប់គ្រង ម៉ែដោះ ចំនួន ២០០.០០០រៀល ។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានពាំនាំការសួសុខទុក្ខផងដែរពីលោកកែ គឹមយ៉ាន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យនិងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងលោកស្រី អគ្គមហាឧបាសិកាពុទ្ធសាសន៍រូបត្ថម្ភ បណ្ឌិត ម៉ៅ ម៉ាល័យ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី ដល់ក្មួយៗជាទីស្រលាញ់ទាំងអស់ រួមលោកគ្រូអ្នកគ្រូអ្នកដែលបានមើលថែរក្សាកូនៗ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានផ្តាំផ្ញើរឱ្យកូនៗ ដូចជា :

-ត្រូវខិតខំរៀនសូត្រ ដើម្បីយកចំណេះជំនាញ ទៅប្រកបរបរចិញ្ចឹមជីវិតនាពេលអនាគត និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន

-សូមក្មួយៗ រស់នៅស្អាត អនាម័យល្អ ហូបស្អាត ជានិច្ច

– ស្តាប់តាមដំបូលន្នាន លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលា ម៉ែដោះ  ៕