សន្ដិសុខសង្គម

សមត្ថកិច្ចកំពុងស្វែងរកឃាតកសម្លាប់ប្លន់យកទ្រព្យសម្បត្តិម្ចាស់ដេប៉ូលក់គ្រឿងសំណង់នៅខេត្តឧត្តរមានជ័យ

ដោយ៖សុខុម

ឧត្តរមានជ័យ៖ មកដល់ថ្ងៃទី២៦ឧសភា២០២៤សមត្ថកិច្ចនៅមិនទាន់ចាប់ខ្លួនជនសង្ស័យដែលបានចូលប្លន់ម្ចាស់ដេប៉ូលក់គ្រឿងសំណង់ម្នាក់និងបានចាក់សម្លាប់ម្ចាស់ផ្ទះ រស់នៅភូមិគោករំដួល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យនៅឡើយទេ។

ករណីប្លន់យកទ្រព្យសម្បត្តិខាងលើនេះបានកើតឡើងកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤។សមត្ថកិច្ចក្រុងសំរោង បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ សួស សត្ថា អាយុ៥៥ឆ្នាំ។

នៅពេលសមត្ថកិច្ចចម្រុះចុះពិនិត្យកន្លែងក្រោយកើតហេតុធ្វើការសន្និដ្ឋានថាឃាតកទំនងជាគាស់ទ្វារកញ្ចក់បន្ទប់ខាងមុខការិយាល័យ ជាមុនរួចហើយឆ្លងតាមបង្អួចចូលទៅក្នុងបន្ទប់ដេកសម្រុកចាក់ទៅលើជនរងគ្រោះដោយប្រើដែកមុតស្រួចចំត្រង់ក និងចុងដង្ហើមខាងមុខចំនួន២កន្លែង និងចាក់ខាងក្រោយកញ្ចឹងកចំនួន២កន្លែង វាយក្បាលឱ្យស្លាប់ទើបប្រមូលយក ខ្សែកមាស ទម្ងន់៥តម្លឹង៥ជីមួយខ្សែ, ចិញ្ចៀនមាសទម្ងន់១តម្លឹង៥ជីមួយវង់, ទូរសព្ទ អាយហ្វូន១គ្រឿង និងអិនចុចពិលមួយគ្រឿងលុយក្នុងកាបូបមួយចំនួន។

ក្រោយធ្វើសកម្មភាពរួច ជនល្មើសបានបើករថយន្តរបស់ជនរងគ្រោះម៉ាក តូយូតា CROSS ពណ៌ស ពាក់ស្លាកលេខឧត្តរមានជ័យ2C-1112ចេញពីផ្ទះ យកមកចតចោលនៅចំណុចភូមិឈូក ម្ដុំភោជនីយដ្ឋានសាច់អាំងទឹកកាពិ ស្ថិតក្នុងក្រុងសំរោង ហើយគេចខ្លួនបាត់។

លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានអះអាងថា ៖សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីឈានទៅកំណត់មុខសញ្ញា និងឃាត់ខ្លួនជនល្មើសយកមកផ្តន្ទាទោសទៅតាមច្បាប់៕