ព័ត៌មានជាតិ

បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុកនិងខេត្តអាណត្តិទី៤ នៅបន្ទាយមានជ័យប្រព្រឹត្តទៅរលូន ,អង្គបោះឆ្នោតវត្តមានគ្រប់

ដោយ : បន្ទាយ
បន្ទាយមានជ័យ : ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុកនិងខេត្តអាណត្តិទី៤ នៅការិយាល័យទាំង៩ស្រុកក្រុង នាខេត្តបន្ទាយមានជ័យបានប្រព្រឹត្តទៅរលូន អាកាសធាតុ សន្តិសុខ សណ្តាប់ធ្នាប់ល្អនិងក្នុងមានបរិយាកាសសេរី ប្រជាធិបតេយ្យ យុត្តធម៌ អាចទទួលយកបាន។
ជាការកត់សម្គាល់ អង្គបោះឆ្នោតវត្តមានគ្រប់ចំនួនបានទៅបោះឆ្នោត ទោះបីមានខ្លះឈឺ ជរា.ហើយត្រូវគ្រាហ៍ក៏ដោយ។

ដំណើរការបោះឆ្នោតពីម៉ោង៧ព្រឹក ថ្ងៃអាទិត្យទី២៦ខែឧសភាឆ្នាំ២០២៤ ហើយរាប់សន្លឹកឆ្នោតទាំង២ប្រភេទគឺសន្លឹកឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុក ក្រុងនិងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្តបានចប់នៅចន្លោះម៉ោង៩:៣០នាទីទៅម៉ោង១០:៣០នាទីព្រឹក ទៅតាមការិយាល័យដែលមានអង្ញបោះឆ្នោតច្រើនតិចនិងបានដឹកជញ្ជូនសន្លឹកឆ្នោតនិងសម្ភារការិយាល័យពីការិយាល័យទៅស្នាក់ការគណ:កម្មការបោះឆ្នោតខេត្ត  ពោលគឺចប់មុនដល់ម៉ោង៣រសៀល ថ្ងៃអាទិត្យទី២៦ខែឧសភាឆ្នាំ២០២៤ ។

នេះបើតាមលោកយ៉ង់ ស័ក្តិ ប្រធានគណ:កម្មារខេត្តរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ(គជខ)ប្រាប់សារព័ត៌មាននាថ្ងៃទី២៦ខែឧសភាឆ្នាំ២០២៤ ។ក្នុងនោះកងកម្លាំងនគរបាល អាវុធហត្ថត្រូវបានដាក់អោយការពារ សម្រួលសណ្តាប់ធ្នាប់ ។ឯភ្នាក់ងារសង្កេតការណ៍មកពីគណបក្សនយោបាយ និងមកពីអង្គការ សមាគមក្រៅរដ្ឋាភិបាលនិងអ្នកសារព័ត៌មានបានចូលរួមសង្កេតការណ៍និងយកព័ត៌មានផងដែរ ។

សូមបញ្ជាក់ថា: នៅខេត្តបន្ទាយមានជ័យមានគណបក្សចំនួន៥បានចុះឈ្មោះបោះឆ្នោត : ១-គណបក្សប្រជាជនកម្ពុជា ២-គណបក្សឆន្ទ:ខ្មែរ ៣-គណបក្សហ្វ៊ុនស៊ីនប៉ិច ៤-គណបក្សខ្មែររួបរួមជាតិ និង៥-កម្លាំងជាតិ ។

រីឯសមាសភាពអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់សរុប៥៣៣នាក់ ។
ក្នុងនោះមាន : ១-ជាសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន៤២៣នាក់ (មិនមានអ្នកតំណាងរាស្ត្រ ៦រូប បោះដូចកាលបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភាទេ) ។ ២-សមាជិកគណបក្សភ្លើងទៀនចំនួន៩៦នាក់។ ៣-ខ្មែររួបរួម ៧នាក់ និង៤-កម្ពុជានិយម១នាក់ ។ឯគណបក្សហ្វ៊ុនស៊ីនប៉ិច ពុំមានអង្គបោះឆ្នោតមកពីគណបក្សខ្លួនទេ ។

គួរបញ្ជាក់ដែរថា: ចំនួនអង្គបោះឆ្នោតចំនួន៥៣៣ អាសន:ក្រុមប្រឹក្សាខេត្ត ស្រុកក្រុងដែលគណបក្សត្រូវបោះឆ្នោតដណ្តើមយក :ថ្នាក់ខេត្តមាន២៥ អាសនៈ  តម្លៃកូតាចំនួន២១.៣២ ។  ថ្នាក់ស្រុកក្រុងចំនួន១៦៩ ។ក្នុងនោះស្រុកមង្គលបូរីចំនួន ២១ អាសនៈ ,ភ្នំស្រុក ១៧ ស្រុកព្រះនេត្រព្រះ ២១ ស្រុកអូរជ្រៅ ១៧ ក្រុងប៉ោយប៉ែត១៩ ក្រុងសិរីសោភ័ណ១៩ ស្រុកថ្មពួក ១៩ ស្រុកស្វាចេក១៩និងស្រុកម៉ាឡៃ ១៧ ។

នៅអាណត្តិទី៣ កន្លងមក អាសនៈក្រុមប្រឹក្សាខេត្ត ស្រុកក្រុង មានមកតែពីគណបក្សប្រជាជនស្ទើរតែទាំងអស់ ព្រោះគណបក្សសង្គ្រោះជាតិដែលជាគណបក្សបក្សប្រឆាំងត្រូវបានរំលាយតាមផ្លូវច្បាប់ ។ អាសនៈត្រូវប្រមូលទៅគណបក្សប្រជាជនកម្ពុជា ។ក្រៅពីនោះ មកពីគណបក្សខ្មែររួបរួម តែប៉ុន្មាននាក់ប៉ុណ្ណោះ ៕