ព័ត៌មានជាតិ

«ទិវាសុខភាពពេលមករដូវ»បង្កើនការយល់ដឹងអំពីសារៈសំខាន់នៃការអប់រំសុខភាពពេលមករដូវនិងលុបបំបាត់ការមាក់ងាយ

ដោយៈសិរីមតី
ភ្នំពេញ៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) បានប្រារព្ធទិវាសុខភាពពេលមករដូវ(MHD) នៅរាជធានីភ្នំពេញ នៅថ្ងៃទី១៩ និង២៥ ខែឧសភា ឆ្នាំ២០២៤ ដើម្បីប្រយុទ្ធនឹងការលំបាកនាពេលមានរដូវ និងលុបបំបាត់ការមាក់ងាយនៅពេលមក រដូវ ដែលជាឧបសគ្គរារាំងចំពោះស្ត្រី និងមនុស្សគ្រប់វ័យមិនឱ្យមានការចម្រើនលូតលាស់។

ជារៀងរាល់ឆ្នាំ ទិវាសុខភាពពេលមករដូវប្រារព្ធឡើងនៅថ្ងៃទី២៨ ខែឧសភា ក្នុងគោលបំណងបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃការអប់រំសុខភាពពេលមករដូវ និងធនធានដូចជា ខោទ្រនាប់ The Period. ដែលនឹងជួយគាត់ឱ្យបន្តរៀននៅសាលា កាត់បន្ថយការមាក់ងាយ និងការរើសអើង និងអនុញ្ញាតឱ្យពួកគេរីកចម្រើនលូតលាស់នាពេលដែលពួកគាត់កំពង់មានរដូវ។ ខោទ្រនាប់ The Period ជាខោដែលប្រកបដោយភាពច្នៃប្រឌិត ដែលរចនាឡើងដោយក្រុមហ៊ុន The Periodនិងផលិតឡើងដោយបច្ចេកវិទ្យាកន្សែង ៤ ស្រទាប់ដែលមានសមត្ថភាពស្រូបបានខ្ពស់ និងមានស្រទាប់ពិសេសដែលអាចបោកគក់បាន ដើម្បីប្រើឡើងវិញបាន និងប្រើប្រាស់បានរយះពេលពី២ ទៅ១០ឆ្នាំ។

ក្នុងពិធីប្រារព្ធទិវាសុខភាពពេលមករដូវនៅអនុវិទ្យាល័យសម្តេចអគ្គមហាសេនាធិបតីតេជោហ៊ុន សែន ចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារាជធានី ភ្នំពេញនាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៤ លោកស្រី វេជ្ជបណ្ឌិត ហួយ ស៊ីវ ខេង ប្រធានគ្រប់គ្រងកម្មវិធីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ បានមានប្រសាសន៍ថា៖តាមការប៉ាន់ប្រមាណមានប្រជាជន ប្រមាណ ១.៨ ពាន់លាននាក់មករដូវនៅទូទាំងពិភពលោក ប៉ុន្តែ ៥០០លាននាក់ជួបប្រទះនឹងភាពក្រីក្រក្នុងពេលមានរដូវ រួមទាំងកង្វះលទ្ធភាពទទួលបានផលិតផលសុខភាពពេលមករដូវ កន្លែងសុវត្ថិភាព និងអនាម័យ និងការទទួលយកសហគមន៍។

លោកស្រីវេជ្ជបណ្ឌិតបានបញ្ជាក់ថា៖ ឧបសគ្គទាំងនេះ រួមជាមួយនឹងការមាក់ងាយ អាចនាំទៅរកលទ្ធផលសុខភាពមិនល្អ ការខកខានការសិក្សា ឬការងារ និងផលប៉ះពាល់អវិជ្ជមានលើសុខភាពផ្លូវចិត្ត។ ទិវាសុខភាពរដូវនេះ សូមបញ្ចប់ភាពក្រីក្រ និងបញ្ចប់ការមាក់ងាយ ។
លោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង បានមានប្រសាសន៍ថា៖ “ការធ្វើឱ្យប្រសើរឡើងនូវសុខភាពពេលមករដូវចំពោះសិស្សសាលា ក្មេងស្រី អាចនាំឱ្យបានទទួលលទ្ធផលយូរអង្វែងលើការអប់រំសុខភាព និងសុខុមាលភាពរបស់ស្ត្រីទាំងមូល”។

លោក ហែម ស៊ីណាត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានថ្លែងឱ្យដឹងថា ៖ទិវាសុខភាពពេលមករដូវ មានសារៈសំខាន់ក្នុងការលុបបំបាត់ការម៉ាក់ងាយ ការរើសអើង និងការមិនយកចិត្តទុកដាក់។ខណៈរាជរដ្ឋាភិបាលបាននិងកំពុងលើកកម្ពស់ ផ្តល់អាទិភាពខ្ពស់ដល់សុខភាពស្តី្រនិងក្មេងស្រី។

ឱកាសទិវាសុខភាពពេលមករដូវនេះ លោកសូមអបអរសាទរនិងមានមោទនភាពចូលរួមចំណែក រួមគ្នា ដើម្បីបំបាត់ការមាក់ងាយ និងអ្នកមិនបានយកចិត្តទុកដាក់ចំពោះអ្នកមករដូវរួមទាំងការបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃការអប់រំសុខភាពពេលមករដូវ និងការគ្រប់គ្រងអនាម័យពេលមករដូវ ដូចជាសំឡីអនាម័យ ទីកន្លែងសុវត្ថិភាព សម្រាប់សិស្សស្រីនៅពេលដែលពួកគាត់មករដូវ ដែលនឹងជួយគាត់ឱ្យបានចូល រៀន កាត់បន្ថយការមាក់ងាយ និងការរើសអើង និងអនុញ្ញាតឱ្យពួកគេរីកចម្រើន និងលូតលាស់។

គួរជម្រាបផងដែរថា៖ទិវាសុខភាពពេលមករដូវនៅថ្ងៃទី២៥ ខែឧសភានេះ ដោយមានកិច្ចសហការជាដៃគូជាមួយក្រុមហ៊ុន The Period CAMPANY (Period.) អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍នឹងធ្វើការចែកចាយដោយឥតគិតថ្លៃនូវខោទ្រនាប់នារីដល់កុមារី ក្មេងស្រី និងស្ត្រីមួយចំនួនដែលជាមានតម្រូវការចាំបាច់បំផុតសម្រាប់នៅពេលមករដូវ។រីឯទិវាសុខភាពពេលមករដូវកាលពីថ្ងៃទី១៩ខែឧសភាកន្លងទៅក៏មានការចែកចាយសំឡីអនាម័យនិងខោទ្រនាប់ដោយឥតគិតថ្លៃផងដែរ។

អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍(AHF)ជាអង្គការធ្វើការលើជំងឺអេដស៍ពិភពលោកដ៏ធំបំផុត។បច្ចុប្បន្នអង្គការបានផ្តល់សេវាថែទាំវេជ្ជសាស្រ្តនិង/ឬសេវាកម្មដល់អតិថិជនជាង១.៧លាននាក់នៅក្នុង៤៥ប្រទេសទូទាំងពិភពលោកដូចជានៅសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន/ការាបៀន តំបន់អាស៊ី/ប៉ាស៊ីហ្វិកនិងអឺរ៉ុប។ដើម្បីស្វែងយល់បន្ថែមអំពីAHFសូមចូលទៅកាន់គេហទំព័រ៖www.aidshealth.orgឬស្វែងរកតាមរយៈwww.facebook.com/aidshealth,Twitter:@aidshealthcareនិងInstagram: @aidshealthcare.៕