អន្តរជាតិ

ចិនអះអាងថាសមយុទ្ធយោធាដ៏ធំបំផុតជុំវិញកោះតៃវ៉ាន់គឺដើម្បីពង្រឹងសមត្ថភាពក្នុងការសាកល្បងវាយយកកោះតៃវ៉ាន់

ប្រែសម្រួល៖ រតនា

នៅថ្ងៃសុក្រកងទ័ពរំដោះប្រជាជនចិនបានប្រកាសថា សមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ត្រូវបានរៀបចំឡើងដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនក៏ដូចជាការសាកល្បងវាយដណ្តើមយកកោះតៃវ៉ាន់មកគ្រប់គ្រងខណៈដែលកងកម្លាំងរបស់ខ្លួនបាននិងកំពុងធ្វើសមយុទ្ធជាទ្រង់ទ្រាយធំនៅថ្ងៃទីពីរដោយមានការឡោមព័ទ្ធជុំវិញកោះនេះ។

វាគឺជាសមយុទ្ធដ៏ធំបំផុតដែលកើតឡើងតែនៅក្នុងពេលប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីថ្មីរបស់តៃវ៉ាន់លោក Lai Ching-te បានស្បថចូលកាន់តំណែងដែលក្រុងប៉េកាំងមានការស្អប់ខ្ពើមគាត់ជាទីបំផុតដោយសារតែគាត់បានប្រកាសដោយចំហអំពីការគ្រប់គ្រងដោយអធិបតេយ្យ និងព្យាយាមរក្សាអត្តសញ្ញាណតៃវ៉ាន់ដាច់ដោយឡែកពីចិនដីគោក។

ក្រុងប៉េកាំងបានថ្កោលទោសលោក Lai ថា ជាក្បាលម៉ាស៊ីនបំបែកខ្លួនដ៏គ្រោះថ្នាក់បំផុតមួយសម្រាប់ចិន និងបានច្រានចោលសុន្ទរកថានៅក្នុងពិធីសម្ពោធឡើងកាន់តំណែងរបស់គាត់កាលពីថ្ងៃចន្ទដែលនៅក្នុងពេលនោះលោក Lai Ching-te បានអំពាវនាវឲ្យចិនក្រោមការដឹកនាំរបស់លោក Xi Jinping បញ្ឈប់ការគំរាមកំហែងមកលើកោះនេះ។

កងទ័ពរំដោះប្រជាជនចិន(PLA)បានចាប់ផ្តើមធ្វើសមយុទ្ធតាំងពីព្រឹកថ្ងៃព្រហស្បតិ៍រួមមាននាវាចម្បាំង និងយន្តហោះចម្បាំងដាក់ពង្រាយនៅជុំវិញកោះតៃវ៉ាន់ និងកោះឆ្ងាយៗដទៃទៀត នៅក្នុងរូបភាពដែលខ្លួនហៅថាជាការដាក់សម្ពាធផ្នែកយោធាដ៏ខ្លាំងក្លាបំផុតសម្រាប់ការប៉ុនប៉ងផ្តាច់ខ្លួនរបស់តៃវ៉ាន់”។

កាលពីថ្ងៃសុក្រ ទីបញ្ជាយោធាភាគខាងកើតរបស់កងទ័ពរំដោះប្រជាជនចិនបាននិយាយថា ខ្លួនកំពុងបន្តធ្វើសមយុទ្ធជុំវិញកោះតៃវ៉ាន់ ដើម្បីពង្រឹងសមត្ថភាពវាយដណ្តើមយកតៃវ៉ាន់ដែលជាការវាយលុកស្របពេលតែមួយរួមគ្នានឹងដណ្តើមកាន់កាប់តំបន់សំខាន់ៗរបស់តៃវ៉ាន់។

  • សមយុទ្ធយោធាចិនជុំវិញកោះតៃវ៉ាន់

បក្សកុម្មុយនិស្តចិនដែលកំពុងកាន់អំណាចបានចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួនបើ ទោះបីជាមិនដែលគ្រប់គ្រងវាក៏ដោយ ហើយបានប្តេជ្ញាថានឹងយកកោះនេះដោយប្រើកម្លាំងប្រសិនបើចាំបាច់។

ប្រជាជនតៃវ៉ាន់ភាគច្រើនមិនមានបំណងចង់រស់នៅក្រោមដំបូលនៃការគ្រប់គ្រងរបស់ចិនទេ។ ប៉ុន្តែលោក Xi ដែលជាមេដឹកនាំរបស់ប្រទេសចិនបានបញ្ជាក់យ៉ាងច្បាស់ថាការបង្រួបបង្រួមគ្នាដោយជៀសមិនរួចរបស់កោះនេះជាមួយដីគោកគឺត្រូវតែធ្វើឡើង។

សមយុទ្ធរយៈពេលពីរថ្ងៃ ដែលពាក់ព័ន្ធនឹងប្រតិបត្តិការរួមគ្នារបស់កងទ័ពជើងទឹក កងទ័ពអាកាស និងកងកម្លាំងរ៉ុក្កែតរបស់ចិន កំពុងត្រូវបានធ្វើឡើងនៅច្រកសមុទ្រតៃវ៉ាន់ ដែលជាផ្នែកតូចចង្អៀតនៃដែនទឹកដែលបំបែកកោះនេះពីប្រទេសចិនដីគោក ព្រមទាំងភាគខាងជើង ខាងត្បូង និងខាងកើត នេះបើយោងតាមការបញ្ជាក់របស់កងកម្លាំងយោធារបស់តៃវ៉ាន់។

សមយុទ្ធរបស់កងទ័ពរំដោះប្រជាជនចិន (PLA) ក៏មានការចូលរួមពីឆ្មាំសមុទ្ររបស់ចិនផងដែរ ដែលប្រតិបត្តិការនៅតំបន់ជុំវិញកោះ Kinmen, Matsu, Wuqiu និង Dongyin របស់តៃវ៉ាន់ ដែលមានទីតាំងនៅជិតឆ្នេរសមុទ្រភាគអាគ្នេយ៍នៃប្រទេសចិន។

ទូរទស្សន៍ CCTV បានចាក់ផ្សាយវីដេអូកាលពីថ្ងៃសុក្រដែលបង្ហាញពីកម្លាំងរបស់កងទ័ពរំដោះប្រជាជនចិន (PLA) បាញ់កាំភ្លើងធំចល័តឆ្លងឆ្លើយគ្នា និងបញ្ជូនប្រព័ន្ធមីស៊ីលទៅកាន់គោលដៅ។

ក្រសួងការពារជាតិតៃវ៉ាន់បានថ្កោលទោសសមយុទ្ធយោធារបស់ចិនថាជា “ការបង្កហេតុមិនសមហេតុផល” ហើយបានបញ្ជូនកងកម្លាំងដែនសមុទ្រ អាកាស និងជើងគោករបស់ខ្លួនដើម្បីតាមដានស្ថានការណ៏។

នៅចន្លោះម៉ោង ៦ ព្រឹកថ្ងៃព្រហស្បតិ៍ ដល់ម៉ោង ៦ ព្រឹកថ្ងៃសុក្រ ក្រសួងបានរកឃើញយន្តហោះចិនចំនួន ៤៩ គ្រឿងក្នុងនោះមាន ៣៥ គ្រឿងដែលបានឆ្លងកាត់ខ្សែបន្ទាត់ហាមឃាត់ ដែលជាចំណុចកំណត់ព្រំដែនក្រៅផ្លូវការនៅច្រកសមុទ្រតៃវ៉ាន់ដែលទីក្រុងប៉េកាំងមិនទទួលស្គាល់។

យោងតាមក្រសួងការពារជាតិតៃវ៉ាន់បានឲ្យដឹងថា នាវាចម្បាំងចិនចំនួន ១៩គ្រឿង និងនាវាឆ្មាំឆ្នេរសមុទ្រចំនួន ៧គ្រឿង ត្រូវបានគេរកឃើញនៅជិតច្រកសមុទ្រតៃវ៉ាន់។

ការិយាល័យប្រធានាធិបតីកោះតៃវ៉ាន់បាននិយាយថា វាជាការសោកស្តាយដែលឃើញប្រទេសចិនដាក់សម្ពាធយោធាមកលើកោះដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យដែលពោរពេញទៅដោយសេរីភាព និងសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់តែចិនបានព្យាយាមបង្កហេតុផ្នែកយោធាជាឯកតោភាគី ដោយបន្ថែមថា តៃវ៉ាន់មានទំនុកចិត្ត និងសមត្ថភាពក្នុងការការពារសន្តិសុខជាតិ។

  • សប្តាហ៍ដំបូងរបស់លោក Laiនៅក្នុងការិយាល័យ

លោក Lai បានចាប់ផ្តើមធ្វើការដ៏មមាញឹកតែកំពុងប្រឈមនឹងស្ថានការណ៏ច្របូកច្របល់ផ្នែកនយោបាយបន្ទាប់ពីបានចូលកាន់តំណែងបន្តពីលោកស្រី Tsai Ing-wen ដែលជាការចាប់ផ្តើមជាប្រវត្តិសាស្ត្រសម្រាប់អាណត្តិទីបីជាប់ៗគ្នារបស់គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP)។

សមយុទ្ធរបស់កងទ័ពរំដោះប្រជាជនចិន (PLA) គឺជាការសាកល្បងដំបូងបង្អស់សម្រាប់អ្នកនយោបាយជើងចាស់ក្នុងការគ្រប់គ្រងស្ថានគារណ៏តានតឹងជាមួយក្រុងប៉េកាំង ដែលបានច្រានចោលសំណើសន្ទនារបស់លោក Lai ។

ក្រសួងការពារជាតិចិនបានចោទលោក Lai កាលពីថ្ងៃសុក្រថាបានរុញច្រានកោះតៃវ៉ាន់ឲ្យចូលទៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់នៃសង្គ្រាមហើយថាលោកកំពុងតែលេងភ្លើង។

អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក Wu Qian បានប្រាប់អ្នកយកព័ត៌មានថា “អ្នកដែលលេងភ្លើងនឹងដុតខ្លួនឯងនៅពេលដែលកងកម្លាំងកោះឯករាជ្យបង្កអរិយភាពនោះនិងចាត់វិធានការតបតហើយឈានទៅចាប់យកកោះនេះមកគ្រប់គ្រងរហូតទាល់តែបានសម្រេច។”

លោក Lai កំពុងប្រឈមមុខនឹងភាពចលាចលនៅក្នុងសភា ដែលគណបក្សប្រឆាំងគាំទ្រទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសចិនកាន់កាប់សម្លេងភាគច្រើន។

មានយុវជនជាច្រើនពាន់នាក់បានដើរក្បួនតាមផ្លូវ ដើម្បីសម្តែមតិប្រឆាំងនឹងការប៉ុនប៉ងរបស់គណបក្សប្រឆាំងលើសេចក្តីព្រាងច្បាប់ដែលបានស្នើឡើងដើម្បីផ្តល់អំណាចបន្ថែមដល់សភា។

បើទោះបីជាមានការបង្ហាញកម្លាំងយោធាដ៏ធំរបស់ក្រុងប៉េកាំងក៏ដោយក៏ស្ថានការណ៏នៅតែបន្តដូចធម្មតាសម្រាប់តៃវ៉ាន់ ដែលមានប្រជាជនចំនួន ២៣ លាននាក់ដែលពួកកគេស៊ាំនឹងការគំរាមកំហែងផ្នែកយោធារបស់ប្រទេសចិនទៅហើយ។

សមយុទ្ធយោធាចិនច្រើនតែចង់បង្ហាញឲ្យគេឃើញក្នុងស្រុកហើយប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្កើនការផ្សាយអំពីសមយុទ្ធនេះ។

លោក Zhang Chi អ្នកជំនាញយោធាចិនបានប្រាប់ទូរទស្សន៍រដ្ឋចិន CCTV ថា សមយុទ្ធរបស់ PLA

ផ្តោតលើ “ការអនុវត្តរបៀបថ្មីនៃការរារាំងតៃវ៉ាន់” ៕

“តៃវ៉ាន់គឺជាកោះដាច់ស្រយាលមួយដែលខ្លួនឯងនៅខ្សោយ។ សេដ្ឋកិច្ចរបស់តៃវ៉ាន់គឺផ្តោតលើការនាំចេញ ហើយភាគច្រើននៃការប្រើប្រាស់ថាមពលរបស់វាពឹងផ្អែកលើការនាំចូល។ នៅពេលដែលត្រូវបានឡោមព័ទ្ធដោយយោធាចិនវាអាចឈានទៅដល់ការដួលរលំសេដ្ឋកិច្ចយ៉ាងងាយស្រួលដែលអាចធ្វើឲ្យកោះមួយនេះស្លាប់បានដោយមិនចាំបាច់ធ្វើសង្រ្គាមនោះទេ“។

លោក Zhang បាននិយាយថា សមយុទ្ធនៅភាគខាងត្បូងនៃកោះតៃវ៉ាន់ គឺមានសារៈសំខាន់សម្រាប់ការបិទផ្លូវ ដោយផ្តោតលើកំពង់ផែ Kaohsiung ដែលជាកំពង់ផែធំបំផុតរបស់តៃវ៉ាន់ និងជាមូលដ្ឋានដ៏សំខាន់សម្រាប់កងទ័ពជើងទឹករបស់កោះនេះ។ លោកបានបន្ថែមថា ទន្ទឹមនឹងនេះ សមយុទ្ធនៅភាគខាងកើតនៃកោះតៃវ៉ាន់ត្រូវបានរចនាឡើងដើម្បីអនុវត្តការកាត់ផ្តាច់ការនាំចូលថាមពលរបស់កោះនេះ និងបិទផ្លូវរត់គេចខ្លួនរបស់កងកម្លាំង “ឯករាជ្យតៃវ៉ាន់” និងជាខ្សែបន្ទាត់គាំទ្រពីយោធាអាមេរិក និងសម្ព័ន្ធមិត្ត។

អាមេរិករក្សាទំនាក់ទំនងជិតស្និទ្ធ ប៉ុន្តែក្រៅផ្លូវការជាមួយតៃវ៉ាន់ ហើយត្រូវកំណត់ដោយច្បាប់ដើម្បីផ្គត់អាវុធដើម្បីការពារខ្លួន។

លោក Zhang ក៏បានកត់សម្គាល់ផងដែរថា សមយុទ្ធនេះបានសម្រេចនូវ “របកគំហើញថ្មីមួយ” ដោយចូលទៅក្នុងដែនទឹកជិតកោះ Wuqiu និងកោះ Dongyin ដែលមានសារៈសំខាន់បំផុតខាងភូមិសាស្ត្រយោធា។

យោធាតៃវ៉ាន់ចាត់ទុកពួកគេថាជាបន្ទាយជួរមុខសម្រាប់ប្រតិបត្តិការការពារច្រកសមុទ្រតៃវ៉ាន់។ សមយុទ្ធនេះបានរឹតបន្តឹងសកម្មភាពរបស់យោធាតៃវ៉ាន់។

ក្រុមអ្នកវិភាគបាននិយាយថា ចលនាឆ្មាំឆ្នេរសមុទ្រចិននៅជុំវិញកោះឆ្ងាយៗ គឺជាទិដ្ឋភាពថ្មីដ៏សំខាន់នៃសមយុទ្ធបច្ចុប្បន្ន ដែលយកលំនាំតាមសមយុទ្ធយោធាឡោមព័ទ្ធកោះនេះកាលពីមុននៅក្នុងខែសីហា ឆ្នាំ ២០២២ និងខែមេសា ឆ្នាំ ២០២៣ ។

អតីតនាយកប្រតិបត្តិការនៅមជ្ឈមណ្ឌលស៊ើបការណ៍សម្ងាត់រួមរបស់បញ្ជាការអាមេរិកប៉ាស៊ីហ្វិកលោក Carl Schuster និយាយថា “ការដាក់ពង្រាយកងឆ្មាំឆ្នេរសមុទ្រ និងកងកម្លាំងផ្សេងទៀតចូលទៅក្នុងដែនទឹកជុំវិញប្រជុំកោះនៅឆ្នេរសមុទ្រទាំងនោះគឺជាការបង្កហេតុ” ។

គាត់បាននិយាយថាគាត់រំពឹងថាសកម្មភាពរបស់ចិនបែបនេះនឹងបន្ត ហើយថាពួកគេ “នឹងក្លាយជាបទដ្ឋាន” ដែលទីក្រុងប៉េកាំងនៅពេលណាមួយអាចប្រែក្លាយសមយុទ្ធទៅជាប្រតិបត្តិការយោធាពិតប្រាកដ។

មន្ត្រីជាន់ខ្ពស់របស់ប្រទេសចិននៅមូលនិធិមិនលំអៀងសម្រាប់ការការពារលទ្ធិប្រជាធិបតេយ្យលោក Craig Singleton បាននិយាយថា គំរូនៃសមយុទ្ធរបស់ចិននៅជុំវិញកោះតៃវ៉ាន់មិនមែនជាសញ្ញានៃការគំរាមកំហែងឈ្លានពានដែលជិតមកដល់នោះទេ។

លោក Singleton បាននិយាយថា “សមយុទ្ធទាំងនេះនាពេលអនាគតអាចត្រូវបានប្រើជាលេសសម្រាប់ការលុកលុយពិតប្រាកដ” ។

ប៉ុន្តែ Singleton និងអ្នកផ្សេងទៀតនិយាយថា សមយុទ្ធនេះកំពុងផ្ញើសារនយោបាយធំជាងយោធា។

លោក Lionel Fatton ជំនួយការសាស្រ្តាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ Webster ក្នុងទីក្រុងហ្សឺណែវ បាននិយាយថា “ដាវរួម – 2024A មានគោលបំណងបន្ថែមសម្ពាធយោធាដើម្បីជះឥទ្ធិពលលើរដ្ឋបាលថ្មីរបស់តៃវ៉ាន” ។

លោកបាននិយាយថា ទីក្រុងប៉េកាំងនឹងប្រើប្រាស់សមយុទ្ធនេះដើម្បិដាក់សម្ពាធលើការព្យាយាមបំបែកខ្លួនរបស់តៃវ៉ាន់៕

ប្រភព៖ CNN