ដោយ៖ បន្ទាយ
បន្ទាយមានជ័យ ៖ មន្ត្រីអាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធ បានសហការគ្នាដោះស្រាយនូវការកកស្ទះលូនិងប្រឡាយបង្ហូរទឹកទៅកាន់បារ៉ែត(Barette) នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលកន្លងមកនៅរដូវប្រាំងនិងវស្សាតែងកកស្ទះនូវការបង្ហូរទឹកស្អុយនេះ ។
មន្ត្រីសាលាក្រុងសិរីសោភ័ណអោយដឹងកាលពីថ្ងៃទី២៣ ខែឧសភាឆ្នាំ២០២៤ ថា: លោកស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ រួមជាមួយលោក សាម សុភ័ក្រ្ត សមាជិកក្រុមប្រឹក្សាក្រុង លោក ស៊ឺ ហៀក ចៅសង្កាត់កំពង់ស្វាយ មន្ត្រី អ្នកពាក់ព័ន្ធ មេភូមិ អនុភូមិ ប្រជាការពារ និងក្រុមការងារយុវជន បានដឹកនាំគ្រឿងចក្រនិងសម្របសម្រួលកាយរំដោះនូវការកកស្ទះសំណល់រឹងរាវលើផ្លូវទឹកហូរទឹកស្អុយដែលជាប្រឡាយបង្ហូរដ៏សំខាន់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
មន្ត្រីក៏បានអរគុណនិងកោតសរសើរនូវការសហការ និងការស្រុះស្រួលរបស់ពលរដ្ឋរស់នៅ មានលំនៅនិងមានដីធ្លីនៅបណ្តោយប្រឡាយនេះ ហើយឆ្លៀតណែនាំអោយពលរដ្ឋដែលបង្ហូរកាកសំណល់ផងដែរ៕