ព័ត៌មានជាតិ

នៅខេត្តបន្ទាយមានជ័យ បុណ្យវិសាខបូជាបានប្រារព្ធថ្នាក់ខេត្តនៅវត្តស្រះត្រាចក្រុងប៉ោយប៉ែត ឯតាមវត្តជាង២០០កន្លែងទៀតក៏ធ្វើដែរ

ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ បុណ្យវិសាខបូជាជាពិធីដើម្បីរំឭកដល់ អភិលក្ខិតសម័យ ឬព្រឹត្តិការណ៍សំខាន់បំផុតទាំង៣នៃព្រះសម្មាសម្ពុទ្ធជាថ្ងៃដែលទ្រង់ប្រសូត ត្រាស់ដឹង និងបរិនិព្វាននៅថ្ងៃ ១៥កើត ខែពេញបូណ៌មី ក្នុងខែពិសាខ ដូចគ្នានោះនៅខេត្តបន្ទាយមានជ័យ បុណ្យវិសាខបូជាបានប្រារព្ធឆ្លាស់វេនថ្នាក់ខេត្តនៅវត្តស្រះត្រាច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត នាពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៤  ។

ពិធីមានការអញ្ជើញ -ចូលរួម លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ ព្រះឧត្តមសីលញាណ ធុល សុធា ព្រះរាជាគណៈថ្នាក់កិត្តិយស និងមេគណខេត្ត គណៈមហានិកាយ ព្រះ វរមុនី វ៉ា ចិន្តា ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្ត គណៈធម្មយុត្តិកនិកាយ ព្រះគ្រូ នេតិបណ្ឌិតោ ណាប់មុឺន ព្រះបាឡាត់គណខេត្តនិងព្រះមន្ត្រីសង្ឃមន្ត្រី អាចារ្យ ពុទ្ធបរិស័ទយ៉ាងច្រើនកុះករ  ហើយទន្ទឹមនឹងនេះ នៅតាមវត្តអារាមជាង២០០ផ្សេងទៀតនិង៩ ស្រុក ក្រុងក៏មានរៀបចំធ្វើដែរ ។

រដ្ឋបាលខេត្ដ មន្ត្រីគណ:សង្ឃខេត្ត មន្ទីរធម្មការនិងសាសនាខេត្ត រដ្ឋបាលក្រុងនិងមន្ត្រីសង្ឃនៃក្រុងប៉ោយប៉ែតបានចូលរួមសហការប្រារព្ធពិធីបុណ្យពិសាខបូជា ទូទាំងខេត្តបន្ទាយមានជ័យ នៅវត្តឃោសត្ថារាម ស្រះត្រាច ក្នុងសង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត ក៏បានដង្ហែក្បួនជុំវិញក្រុងប៉ោយប៉ែត ដែលមានបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទចូលរួមយ៉ាងច្រើនកុះករ ហេីយក៏បានរៀបចំពិធីទៅតាមបែបព្រះពុទ្ធសាសនា នៅក្នុងសាលាធម្មសភាវត្តនេះ ។

លោកបៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា : មិនត្រឹមតែជាបុណ្យសម្រាប់ពុទ្ធសាសនិកជននៅតាមស្រុកក្រុងឬនៅក្នុងប្រទេសរបស់ខ្លួនប៉ុណ្ណោះទេ បុណ្យវិសាខបូជានេះ ត្រូវបានអង្គការសហប្រជាជាតិលើកតម្កើងឲ្យទៅជាថ្ងៃដ៏សំខាន់មួយ របស់ពិភពលោកដោយបានឲ្យឈ្មោះថា ថ្ងៃពិសាខបូជា ជាថ្ងៃសំខាន់របស់ពិភពលោក ហើយឲ្យរហស្សនាមឬចាត់ទុថា”ពុទ្ធសាសនាជាសាសនានៃសន្តិភាព”។

លោក យឹម សំណាងអភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា : នៅថ្ងៃនេះគឺជាថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរោងឆស័ក ពុទ្ធសករាជ២៥៦៧ត្រូវនឹងថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៤
ហើយចាប់ពីថ្ងៃស្អែក ពុទ្ធសករាជថ្មី នឹងចូលមកដល់២៥៦៨។

សម្រាប់គស២០២៤ ពស២៥៦៧ ខេត្តបន្ទាយមានជ័យបានរៀបចំបុណ្យវិសាខបូជាថ្នាក់ខេត្តនៅក្នុងបរិវេណវត្តឃោសត្ថារាម ស្រះត្រាច នៃក្រុងប៉ោយប៉ែត ។

កាលពីឆ្នាំ២០២៣ បានប្រារព្ធនៅវត្តគិរីជុំចំការខ្នុរ នាក្រុងសេរីសោភ័ណ។ជាមួយគ្នានេះ នៅតាមវត្តអារាមជាង២០០កន្លែងទៀតក្នុងខេត្ត គេក៏បានបានឮសំឡេងធម៌ដែលជាការប្រារព្ធពិធីបុណ្យនេះដែរ ៕