ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញបំផុសនូវបច្ចេកទេសហាត់ប្រាណបែបថ្មី ដើម្បីពង្រឹងកាយសម្បទាកងកម្លាំង

ដោយ  ៖ បន្ទាយ
ភ្នំពេញ ៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងតែគិតគូរពីសុខភាពកាយសម្បទារបស់កម្លាំងក្រោមឱវាទជាអាទិភាពចម្បង។ដូច្នេះហើយបានជាកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញតែងតែធ្វើការហ្វឹកហាត់ជាប់ជាប្រចាំដើម្បីពង្រឹងកាយសម្បទា តាមរយៈការហាត់ប្រាណតាមវិធីសាស្ត្រចម្រុះ ដើម្បីបង្កើនសមត្ថភាព ក្នុងប្រតិបត្តិការ លើការងារបង្ការ បង្ក្រាប និងសង្គ្រោះ។

ក្នុងនោះពេលពីថ្មីៗនេះ ក្រោមការបំផុសគំនិតរបស់លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អង្គភាពនេះបានសហការជាមួយមជ្ឈមណ្ឌលកីឡាបន្ទាយ(Banteay Athletics Center) រួមគ្នាបង្កើតឲ្យមានការបណ្តុះបណ្តាលជំនាញផ្នែកអភិវឌ្ឍន៍កម្មវិធីកាយសម្បទា ដល់ក្រុមគ្រូបង្គោលអាវុធហត្ថរាជធានីភ្នំពេញ ពោលគឺក្នុងការហ្វឹកហាត់និងអនុវត្តរបៀបហាត់ប្រាណតាមបច្ចេកទេសថ្មី ដើម្បីពង្រឹងកាយសម្បទា កងកម្លាំងឱ្យកាន់តែរឹងមាំនិងមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ដែលអាចហាត់បានគ្រប់ទីកន្លែងដោយមិនរើសទីតាំង មិនរើសអាយុចាស់ក្មេង និងមិនទាមទារមានឧបករណ៍ហាត់ប្រាណច្រើនសម្បូរបែបនោះឡើយ ៕