ប្រែសម្រួល៖រតនា
ក្រុងហាណូយៈ នៅថ្ងៃពុធ ទី២២ ឧសភានេះ លោក To Lam មេប៉ូលិសជាតិត្រូវបានសភាវៀតណាមផ្តល់សច្ចប័នដល់ការតែងតាំងជាប្រធានាធិបតីដែលអ្នកវិភាគសិន្នដ្ឋានថាជា ជំហានមួយ សម្រាប់លោក Lam ប្រកួតប្រជែងយកតំណែងប្រធានបក្សកុម្មុយនិស្តដែលជារតំណែងដ៏កំពូលរបស់ប្រទេសនៅពេលខាងមុខ។
ការបោះឆ្នោតរបស់សភាវៀតណាមដើម្បីផ្តល់សច្ចប័នដល់ការតែងតាំងលោក Lam ធ្វើឡើងបន្ទាប់ពីការស្នើសុំតែងតាំងគាត់កាលពីថ្ងៃចន្ទដោយប្រធានរដ្ឋសភាវៀតណាមគឺលោក Tran Thanh Man ដែលជាអតីតឧបនាយករដ្ឋមន្ត្រី។ អ្នកវិភាគយល់ឃើញថាការចាកចេញរបស់មេដឹកនាំកំពូលទាំងប្រាំរបស់វៀតណាមកាលពីពីរខែមុននោះមានមេដឹកនាំចំនួនបីរូបមិនត្រូវបានគេបញ្ជាក់ជុំវិញការប្រព្រឹត្តខុសរបស់ពួកគេនោះទេ។
បើយោងតាមច្បាប់របស់រដ្ឋឯកបក្សមួយនេះដែលមានការគ្រប់គ្រងដោយបក្សកុម្មុយនិស្តយ៉ាងតឹងរ៉ឹងបំផុតនោះលោក Lam បានឆ្លងកាត់ការបោះឆ្នោតជ្រើសរើសបេក្ខភាពជាមុនដោយបក្សកុម្មុយនិស្តកាលពីសប្តាហ៍មុនដោយសម្ងាត់ហើយគាត់បានក្លាយជាបេក្ខជនតែមួយគត់សម្រាប់សភាវៀតណាមផ្តល់សច្ចប័នដល់ការតែងតាំងគាត់ជាប្រធានាធិបតី។ នៅក្នុងថ្ងៃពុធ ទី២២ ឧសភា សមាជិកសភាវៀតណាមបានបោះឆ្នោតជាឯកច្ឆ័ន្ទជ្រើសតាំងលោក Lam ជាប្រធានាធិបតីវៀតណាម ។
ក្នុងនាមជាប្រមុខនៃក្រសួងសន្តិសុខសាធារណៈ លោក Lam អាយុ ៦៦ ឆ្នាំគឺជាតួអង្គស្នូលនៅក្នុងយុទ្ធនាការបង្រ្កាបអំពើពុករលួយដែលត្រូវបានគេគិតថាជា “រងើកភ្លើងឆេះងំ” ដើម្បីលុបបំបាត់អំពើពុករលួយនៅទូទាំងប្រទេស ក៏ប៉ុន្តែក៏ត្រូវបានអ្នករិះគន់មើលឃើញថាការបង្រ្កាបនេះគឺជាឧបករណ៍ខាងផ្លូវនយោផងដែរមានន័យថាបំបិទសម្លេងប្រឆាំងនៅក្នុងពេលមានជម្លោះនយោបាយផ្ទៃក្នុងបក្សកុម្មុយនិស្តវៀតណាម។
ការបង្រ្កាបអំពើពុករលួយគឺជាលេសដើម្បីធានាឲ្យមានទំនុកចិត្តវិនិយោគិនបរទេស ដែលភាគច្រើនបានកាត់បន្ថយការកាន់កាប់មូលបត្ររបស់ពួកគេក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយសារតែទទួលបានព័ត៌មានមិនសូវល្អលើផ្នែកនយោបាយដឹកនាំដែលជះឥទ្ធិពលដល់រដ្ឋបាលសាធារណៈរួមទាំងជំនួយបរទេសរាប់ពាន់លានដុល្លារ និងមូលនិធិសាធារណៈដែលមិនត្រូវបានចំណាយស្របតាមល័ក្ខណ្ឌនិងគោលការណ៏។
បន្ទាប់ពីជាប់ឆ្នោតជាប្រធានាធិបតី លោក Lam បានប្តេជ្ញានៅចំពោះមុខសមាជិកសភាថា លោកនឹង “បន្តធ្វើការតស៊ូប្រឆាំងនឹងអំពើពុករលួយ” ប្រកាន់ជហររឹងមាំដោយឥតងាករេ។
ប្រធានាធិបតីមានតួនាទីធំក្នុងពិធីការទូតហើយជាតំណែងនយោបាយកំពូលមួយក្នុងចំណោមមុខតំណែងនយោបាយកំពូលទាំងបួនរបស់ប្រទេស ដែលគេហៅថា “សសរស្តម្ភទាំងបួន”ដូចជាប្រធានបក្ស នាយករដ្ឋមន្ត្រី និងប្រធានសភាជាដើម។
សាស្ត្រាចារ្យកិត្តិយស និងជាអ្នកជំនាញវៀតណាមនៅបណ្ឌិតសភាកងកម្លាំងការពារអូស្ត្រាលីក្នុងទីក្រុង Canberra លោក Carl Thayer បានវិភាគថាជម្លោះនយោបាយត្រូវបានគេរំពឹងថានឹងធូរស្រាលជាបណ្ដោះអាសន្នក្រោយការបោះឆ្នោតរបស់លោកLam។
ប៉ុន្តែការប្រកួតប្រជែងដ៏សំខាន់សម្រាប់លោក Lam នោះនៅតែត្រូវប្រឈមមុខបន្តទៀតខណៈដែលអាណត្តិប្រាំឆ្នាំទីបីរបស់ប្រធានគណបក្សវ័យចំណាស់លោក Nguyen Phu Trong នឹងត្រូវបញ្ចប់នៅឆ្នាំ ២០២៦ ឬនៅមុននេះប្រសិនបើគាត់ចុះចេញពីតំណែងនៅមុនពេលផុតអាណត្តិរបស់គាត់។
លោក Thayer បាននិយាយដោយសំអាងលើការងារជាប្រធានបក្សកុម្មុយនិស្ត“លោក To Lam អាចប្រើតួនាទីរបស់គាត់ជាសសរស្តម្ភមួយក្នុងចំណោម ‘សសរស្តម្ភទាំងបួន’ សម្រាប់ឈានទៅប្រជែងយកដំណែងអគ្គលេខាធិការ។
លោក Florian Feyerabend តំណាងប្រចាំប្រទេសវៀតណាមសម្រាប់មូលនិធិ Konrad Adenauer របស់ប្រទេសអាល្លឺម៉ង់ បាននិយាយថា “ជាមួយនឹងការឡើងកាន់តំណែងជាប្រធានាធិបតី នោះគេអាចដឹងច្បាស់ណាស់ថាគាត់មានមហិច្ឆតាចង់កាន់ដំណែងប្រធានបក្សច្រើនជាងសម្រាប់ To Lam ជាងការចូលនិវត្តន៍” ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា សភាកាលពីថ្ងៃពុធក៏បានបោះឆ្នោតដកលោក Lam ចេញពីមុខតំណែងមេប៉ូលិសជាតិមុនការបោះឆ្នោតតែងតាំគាត់ជាប្រធានាធិបតី។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានតែងតាំងលោក Tran Quoc To អាយុ ៦២ឆ្នាំ អនុរដ្ឋមន្ត្រីសន្តិសុខសាធារណៈ ជាប្រធានប៉ូលិសជាតិបណ្ដោះអាសន្ន នេះបើយោងតាមកាសាព័ត៌មានអនឡាញ Vietnam Net។
- សាច់អាំងថ្លៃដូចមាស
ការឡើងកាន់តំណែងរបស់ Lam មិនមែនគ្មានភាពចម្រូងចម្រាសនោះទេ។
នៅក្នុងឆ្នាំ ២០២១ មេចុងភៅល្បីឈ្មោះ Nusret Gokce ដែលគេស្គាល់ថាជា “Salt Bae” បានបង្ហោះវីដេអូដែលខ្លួនកំពុងរៀបចំជូនលោក Lam នោះគឺសាច់អាំងដែលមានតម្លៃថ្លៃដូចមាសនៅភោជនីយ
ដ្ឋានមួយក្នុងទីក្រុងឡុងដ៍របស់គាត់ ខណៈដែលប្រទេសវៀតណាមស្ថិតនៅក្រោមការបិទខ្ទប់ COVID-19។ វីដេអូនេះបានផ្ទុះរាលដាលនៅមុនពេលមេចុងភៅតួកគីលប់វាចេញវិញ។
អ្នកលក់គុយទាវម្នាក់ដែលក្រោយមកបានបង្ហោះវីដេអូធ្វើត្រាប់តាម “Salt Bae” ត្រូវបានកាត់ទោសដាក់ពន្ធនាគាររយៈពេលប្រាំឆ្នាំពីបទ “ឃោសនាប្រឆាំងនឹងថ្នាក់ដឹកនាំរដ្ឋ” ។
យោងតាមរបាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកស្តីពីសិទ្ធិមនុស្សនៅវៀតណាមនៅក្នុងឆ្នាំ ២០២៣ បានចោទប្រកាន់អំពីការរំលោភបំពានសិទ្ធិមនុស្សដោយកងកម្លាំងសន្តិសុខ និងបានលើកឡើងពី “របាយការណ៍គួរឲ្យទុកចិត្តដែលថាសមាជិកនៃកងកម្លាំងសន្តិសុខបានរំលោភសិទ្ធិមនុស្សក្នុងទម្រង់ជាច្រើន” ៕
ប្រភព៖ Reuters/cm
\