ព័ត៌មានជាតិ

បញ្ចុះបឋមសិលាសាងសង់អគារថ្មីនៃរដ្ឋបាលក្រុងសិរីសោភ័ណ 

ដោយ : បន្ទាយ
បន្ទាយមានជ័យ : រដ្ឋបាលខេត្តបន្ទាយមានជ័យនិងរដ្ឋបាលក្រុងសិរីសោភ័ណ បានធ្វើពិធីសែនក្រុងពាលី បញ្ចុះបឋមសិលា សាងសង់អគាររដ្ឋបាលថ្មី របស់រដ្ឋបាលក្រុងសិរីសោភ័ណ ដែលធ្វើពីបេតុងប្រក់ក្បឿងក្បាច់ មានទំហំ១៣ ម៉ែត្រគុណ ២៨ម៉ែត្រ កម្ពស់២ជាន់។

អញ្ជេីញជាអធិបតីភាពក្នុងពិធីកាលពីដើមសប្តាហ៍នេះ ខែឧសភាឆ្នាំ២០២៤ មានលោក អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងចូលរួមដោយមន្ត្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ ជំនាញ កងកម្លាំងទាំងបីនិងម្ចាស់ក្រុមហ៊ុនស្រ៊ាង គួង អ៊ិនវេសម៉ិន ខន់ស្ត្រាក់សិន ខូអិលធីឌី ។

អគារនេះត្រូវសង់ពីមុខអគារចាស់កម្ពស់២ជាន់ ដែលប្រើប្រាស់បច្ចុប្បន្ន។ អគារកម្ពស់២ជាន់និងទីតាំងដីជាប់ផ្លូវជាតិលេខ៦ត្រង់កែងបំបែកនឹងវិថី៧មករាឬផ្លូវវាងក្រុងខាងជើង-ខាងលិច ស្ថិតនៅភូមិខ្លាកូនចាស់សង្កាត់កំពង់ស្វាយនោះ ជាលទ្ធផលនៃការដោះដូរដីនិងអគារពីផ្ទះល្វែង ផ្លូវជាតិលេខ៥៦ នាភូមិសូភីសង្កាត់កំពង់ស្វាយដដែល ដែលសង់ពីឆ្នាំ១៩៩៥ កាលពីក្នុងអំឡុងរដ្ឋបាលស្រុកសិរីសោភ័ណ និងខេត្តបន្ទាយមានជ័យនៃរាជរដ្ឋាភិបាល អាណត្តិទី១នៃរដ្ឋសភា ដែលកើតចេញពីការបោះឆ្នោតសាកលរៀបចំដោយអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា(UNTAC) កាលពីខែឧសភាឆ្នាំ១៩៩៣ ។
ដំបូងឡើយ មន្ត្រីអាជ្ញាធរប្រុងវាយចោល ប៉ុន្តែឥឡូវបានប្តូរចិត្ត ដោយត្រូវរក្សាទុកវិញនូវអគារចាស់សម្រាប់ធ្វើជាសាលប្រជុំនិងបន្ទប់ធ្វើការមួយចំនួន ហើយរដ្ឋបាលក្រុងនេះ បានទទួលរួចហើយអគារថ្មីនៃការិយាល័យច្រកចេញ ចូលតែមួយនិងការិយាល័យប្រជាពលរដ្ឋ ។

កិច្ចខាងជំនឿសាសនាសម្រាប់ការចាប់ផ្តើមសាងសង់នេះ ក៏ដូចប្រសាសន៍របស់លោកអ៊ុ រាត្រី អភិបាលខេត្តគឺក្នុងបំណងអោយមន្ត្រី អ្នកពាក់ព័ន្ធបានសេចក្តីសុខសប្បាយ សេចក្តីចម្រើននិងដំណើរការសាងសង់រលូន រួចរាល់តាមគ្រោងទុកនិងដល់ដាក់អោយប្រើប្រាសលើការបម្រើសេវារដ្ឋបាល សេវាសាធារណ: បានសម្រេចលទ្ធផលល្អ មានប្រសិទ្ធភាពនិងប្រកបដោយការទទួលខុសត្រូវ ។

លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណក៏ដូចមន្ត្រីការិយាល័យទទួលបន្ទុកនៃសាលាខេត្តនិងក្រុមហ៊ុនទទួលសិទ្ធិសាងសង់បានអោយដឹងថា អគាររដ្ឋបាលក្រុង១ខ្នងដែលចាប់ផ្តើមសាងសង់នេះ មានទំហំ២៨ម៉ែត្រx១៣ម៉ែត្រ មានជាន់ផ្ទាល់ដី ជាន់ទី១ កម្ពស់២ជាន់ និងដំបូល ប្រក់ក្បឿងក្បាច់ ត្រូវផ្តើមកសាងចាប់ពីថ្ងៃទី១៩ខែឧសភា ឆ្នាំ ២០២៤ ហើយរួចរាល់នៅខែមករា ឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះ។

លោកអភិបាលក្រុងសូមថ្លែងអំណរគុណដល់ថ្នាក់លើដែលផ្តល់នូវអគារនេះ និងក៏អរគុណលោកអភិបាលខេត្តនិងមន្ត្រីគាំទ្រគម្រោងដែលមានគំនិតផ្តួចផ្តើម គាំទ្រការសាងសង់អគារនេះដើម្បីអោយរដ្ឋបាលក្រុងមានការិយាល័យធ្វើការសមរម្យ ស្តង់ដារ ទាន់សម័យអភិវឌ្ឍន៍ ហើយរំពឹងទុកថា លទ្ធផលការងារនឹងប្រសើរឡើងទៀត ៕